កម្មវិធី “ប្រណាំងទូកមិត្តភាពសៀមរាបផ្ទះខ្ញុំ” បានបញ្ចប់ក្រោម​ស្នាមញញឹម

​សៀមរាប​៖កម្មវិធី “ប្រណាំងទូកមិត្តភាពសៀមរាបផ្ទះខ្ញុំ” ដែលរៀបចំ​ឡើងនៅដងស្ទឹងប្រវត្តិសាស្ត្រសៀមរាប រយៈពេល​ពីរថ្ងៃកន្លងទៅត្រូវ​បាន​បញ្ចប់ដោយជោគជ័យ និងភាពសប្បាយរីករាយនៅថ្ងៃទី៦ វិច្ឆិកា ឆ្នាំ២០២៥នេះ។

រដ្ឋបាលខេត្តសៀមរាប និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត​រៀបចំ​ព្រឹត្តិការណ៍នេះឡើង​មិនត្រឹមតែជាការអបអរ​សាទរក្នុងព្រះរាជ​ពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក និងបង្ក​ភាព​សប្បាយរីករាយជូនប្រជា​ពលរដ្ឋ ភ្ញៀវទេសចរជិតឆ្ងាយ ភ្ញៀវអន្តរជាតិ​ប៉ុណ្ណោះទេ​ តែជាការរួមចំណែកក្នុងការជំរុញ​វិស័យ​ទេសចរណ៍ ក្នុងខេត្ត​សៀមរាប ដែលជាទីក្រុងវប្បធម៌ផងដែរ។

​អ្នករៀបចំកម្មវិធីប្រណាំងទូកឆ្នាំ២០២៥ បានឱ្យដឹងថា មានការចូល​រួមចំនួន ២៦ ទូក។ជាលទ្ធផលជ័យលាភី​លេខ ១៖ ទូករបស់ក្រុម ផែនសិល្បៈ និងកីឡា,​ជ័យលាភីលេខ ២៖ ទូកឈ្មោះ ផែនវប្បធម៌ និងសាសនានិង​ជ័យលាភី​លេខ ៣៖ ទូកឈ្មោះ យុវជនក្រុងសៀមរាប ។

​ឯកឧត្ដម ប្រាក់ សោភ័ណ អភិបាលខេត្ត និងជាប្រធានសហភាព​សហព័ន្ធ​យុវជនកម្ពុជាខេត្ត បានបញ្ជាក់ថា ព្រឹត្តិការណ៍​នេះ រៀបចំឡើងក្នុងគោលដៅសំខាន់ពីរ។ទី១.ពង្រឹងសាមគ្គីភាព និងថែរក្សាប្រពៃណី៖ កសាង​ទំនាក់ទំនងរឹងមាំរវាងយុវជនគ្រប់ភូមិ សង្កាត់ និងស្រុក តាមរយៈការលើកស្ទួយស្មារតីស្រឡាញ់ជាតិ និងការថែរក្សា​ប្រពៃណីខ្មែរ។ ការចូលរួមរបស់យុវជនគឺជាកម្លាំង​សំខាន់ក្នុងការជ្រៀតចូលកាត់បន្ថយអំពើអាក្រក់ និងជំរុញភាព​ជាឯកភាពក្នុងសង្គម។ ម៉្យាងទៀត ពិធីនេះ គឺជាការរំឭកដឹងគុណ​ដល់វីរៈបុរសទ័ពជើងទឹកដូនតាខ្មែរ ដែលបានតស៊ូ​ដណ្តើមជ័យ​ជម្នះ។
​ទី២.ជំរុញកំណើនភ្ញៀវទេសចរ៖ ជំនួសឱ្យព្រះរាជពិធីបុណ្យអុំទូក រដ្ឋបាលខេត្ត និង ស.ស.យ.ក.ខេត្ត បានរៀបចំ​កម្មវិធីកម្សាន្ត និងវប្បធម៌ចម្រុះជាច្រើននៅតាមដងស្ទឹងប្រវត្តិសាស្ត្រសៀមរាប ដូចជា ការជិះទូកកម្សាន្ត​លើស្ទឹង​សៀមរាប, ផ្សារទឹក, ការប្រណាំង​ទូកខ្នាតខ្លី, ប្រគំតន្ត្រីស្គរដៃ, ការតាំងពិព័រណ៍, ប្រដាល់គុនខ្មែរ និងល្ខោនបាសាក់។

ព្រឹត្តិការណ៍ទាំងនេះគឺដើម្បីទាក់ទាញ និងផ្តល់ឱកាសឱ្យភ្ញៀវ​ទេសចរជាតិ-អន្តរជាតិ បានសិក្សាស្វែងយល់​កាន់តែ​ច្បាស់អំពី ប្រពៃណី វប្បធម៌ ទំនៀមទម្លាប់ ដ៏សម្បូរបែបរបស់ដូនតាខ្មែរ ក្នុងនាមខេត្តសៀមរាបជា “ជង្រុកនៃសម្បត្តិ​វប្បធម៌”។

​ឯកឧត្ដមអភិបាលខេត្តបញ្ជាក់បន្ថែមថា ភាពរីករាយនេះ មិនត្រឹមតែជាការកម្សាន្តប៉ុណ្ណោះទេ តែជាការបង្ហាញយ៉ាង​ច្បាស់អំពីការថែរក្សាប្រពៃណី វប្បធម៌ ដ៏សម្បូរបែប របស់ប្រជាពលរដ្ឋខ្មែរ ក្នុងលក្ខណៈជាមហាគ្រួសារខ្មែរតែមួយ ក្រោមម្លប់សន្តិភាព៕
​ដោយ៖​ប៊ុន ​រដ្ឋា

ads banner