លោក ឈួង ចាន់នី ៖ ត្បាញសម្ភារៈប្រើប្រាស់បុរាណខ្មែរ បង្គី កញ្ជើ ល្អី ដើម្បីលក់តាមភូមិ រកចំណូលបន្ថែមក្នុងគ្រួសារ

(កំពង់ស្ពឺ)៖ តាមរយៈការប្រកបមុខរបរបន្ទាប់បន្សំ គឺការតម្បាញរំពាក់ ធ្វើបង្គី កញ្ជើ ល្អី និងរបស់ប្រើប្រាស់ផ្សេងៗទៀតដែលជាសម្ភារៈប្រើប្រាស់របស់ដូនតាខ្មែរបានជួយ ក្នុង ការរកចំណូលរបស់ ប្រជាកសិករ តាមភូមិមួយចំនួនដែលឆ្លៀតពេលទំនេរពីការប្រកបរបរធ្វើស្រែចំការ។

បច្ចុប្បន្នប្រជាកសិករបានបោះបង់មុខរបរ នេះស្ទើរអស់ហើយ ដោយពុំមានអ្នកណាទៅបោចរពាក់ និងអ្នកត្បាញរពាក់ ធ្វើបង្គី កញ្ឆើទៀតឡើយ។ក្នុងគ្រួសារនីមួយៗគេបានទៅចាប់ មុខរបរលក់ដូរ ឬ ទៅធ្វើការនានា ហើយមួយចំនួនធំមិនបាននឹងនា ឬប្រកាន់យករបរនេះទៀតឡើយ។

ផ្ទុយពីប្រជាកសិករដទៃទៀត លោក ឈួង ចាន់នី រស់នៅភូមិ ដំបូក ស ឃុំ ក្សេមក្សាន្ត ស្រុក ឧដុង្គ ខេត្តកំពង់ស្ពឺ ដែលបានប្រកាន់យកមុខរបរត្បាញសម្ភារៈប្រើប្រាស់បុរាណខ្មែរនេះដើម្បីលក់នៅតាមស្រុកភូមិរបស់ខ្លួន។ក្នុងការប្រកបរបរនេះទើបតែរយៈពេលមិនដល់មួយឆ្នាំផងទេ តែសម្ភារៈរបស់លោកដែលធ្វើបានតែងលក់អស់ៗដោយអ្នកភូមិ ឬអ្នកធ្វើដំណើរតាមផ្លូវគេតែងចុះទិញយកទៅប្រើប្រាស់ជាបន្តបន្ទាប់។

ក្នុងវ័យ ៣៩ឆ្នាំ ដែលបានរៀនចេះចាំយ៉ាងស្ទាត់ពីការត្បាញសម្ភារៈដូនតាខ្មែរជាមួយសាច់ញាតិបងប្អូនតាំងតែពីវ័យក្មេងៗមកនោះ លោក ឈួន ចាន់នី បានប្រាប់ថា លោកទើបតែសម្រេចចិត្តចាប់ផ្តើមត្បាញសម្ភារៈប្រើប្រាស់បុរាណខ្មែរយើងនេះទេ ដែលជាការងារទំនេរពីធ្វើស្រែចំការ។សម្ភារៈដែលលោកត្បាញបានលក់អស់ៗមិនសូវសល់ទេពោលគឺបងប្អូនខ្មែរយើងគាំទ្រច្រើន។

បើតាមបុរសអ្នកត្បាញសម្ភារៈប្រើប្រាស់បុរាណខ្មែរសម្រាប់លក់រូបនេះបានប្រាប់ថាសម្ភារៈដែលធ្វើពី ដើមរពាក់នេះលោក ធ្វើបានមាន មួក ឈ្នាង បង្គី កញ្ជើ ជាដើម។សម្រាប់បង្គីលោកធ្វើធំល្អ តម្លៃមួយ១០០០០រៀល ទ្រនាប់ឆ្នាំងមួយគូរ ៥០០០រៀល កន្រ្តកចាប់ពី៥ពាន់ដល់២ម៉ឺនរៀល។

លោក ឈួង ចាន់នីបានឱ្យដឹងបន្ថែមថា ជារៀងរាល់ពេលទំនេរលោកតែងដើររកកាប់រពាក់ដើម្បីយកមកហាល ហើយទុកត្បាញ ដែលការងារទាំងអស់នេះលោកចាត់ទុកថាទំនេរពីការងារក្រៅពីធ្វើស្រែចំការរបស់កសិករ។ទោះជាមុខរបរបន្ទាប់បន្សំក៏ជាមុខរបរមួយអាចជួយដល់ជីវភាពរបស់ក្រុមគ្រួសារលោកផងដែរ។

គួរបញ្ជាក់ថា រពាក់ ជាប្រភេទវល្លិម្យ៉ាង ដែលមានដុះនៅតាមព្រៃរបោះ នាតំបន់ទំនាប ក្នុងប្រទេសកម្ពុជា។វល្លិរពាក់ ជាអនុផលព្រៃឈើមួយប្រភេទ ដែលចាស់បុរាណតែងប្រើ ដើម្បីផលិតនូវសម្ភារប្រើប្រាស់ប្រចាំថ្ងៃ មានដូចជាបង្គី កន្ត្រក ជាល ជាដើម។ វល្លិប្រភេទនេះ គេថែមទាំងអាចយកទៅផលិតជាសម្ភារប្រើប្រាស់ផ្សេងៗ មិនខុសពីឫស្សីឡើយ ។ នារដូវប្រាំង តម្សាញធ្វើពីរពាក់ មានគុណភាពល្អជាងខែវស្សា ព្រោះថាភ្លៀង អាចឱ្យដើមរពាក់ខូចគុណភាព និងមានអុចខ្មៅៗមិនស្អាតនិងមិនជាប់ល្អផង។

ដ្បិតសម័យបច្ចុប្បន្ន មានការអភិវឌ្ឍជឿនលឿនយ៉ាងណាដោយ ក៏តម្បាញដែលផលិតចេញពីវល្លិរពាក់ នៅតែត្រូវប៉ាន់ក្នុងទីផ្សារ ហើយវាកាន់តែមានតម្លៃ នៅពេលផលិតផលមួយនេះ កម្រមានអ្នកចេះ។ សម្រាប់ភារៈទាំងនេះនៅតែពេញនិយមក្នុងស្រទាប់កសិករ ឬសូម្បីតែអ្នករស់នៅតាមទីក្រុងឬទីប្រជុំជនក្តី៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner