បុណ្យអុំទូកបីថ្ងៃ ខេត្តសៀមរាបទទួលភ្ញៀវទេសចរចម្រុះជាង៣៦ម៉ឺននាក់

សៀមរាប៖មន្ទីរទេសចរណ៍ខេត្តសៀមរាបបានឱ្យដឹងនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះថា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៤-៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៃពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ខេត្តសៀមរាប ទទួលបានភ្ញៀវ​ទេសចរជាតិ និងអន្តរជាតិចំនួនជាង ៣៦៨ ២៤០ នាក់ ។តួលេខនេះបង្ហាញនូវការកើនឡើង ៥.៧៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤ ដែលមានចំនួន ៣៤៨ ២២៩ នាក់។

ប្រភពដដែលបន្តថា ក្នុងចំណោមភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួនជាង ៣៦៨ ២៤០ នាក់នេះ មានភ្ញៀវទេសចរ​ជាតិ និងប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ចំនួនប្រមាណ ៣៥៨ ៦០០ នាក់ កើន ៧.០៤ភាគរយ ធៀបនឹងរយៈ​ពេលដូចគ្នាឆ្នាំ២០២៤ ដែលមានចំនួន ៣៣៥ ០០០ នាក់។ ដោយឡែក ទេសចរបរទេសមានចំនួន ៩ ៦៤៦ នាក់ ថយចុះ ២៧.០៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤ ចំនួន ១៣ ២២៩ នាក់។

គប្បីជម្រាបជូនថា ដើម្បីអបអរព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តសៀមរាបបានរៀបចំកម្មវិធីកម្សាន្ត និងសាសនាជាច្រើនជូនភ្ញៀវទេសចរជាតិ ប្រជាពលរដ្ឋជិតឆ្ងាយ ភ្ញៀវអន្តរជាតិ មានដូចជា កម្មវិធីជិះទូកកម្សាន្ត និងការប្រណាំងទូកមិត្តភាពសៀមរាបផ្ទះខ្ញុំ កម្មវិធីប្រគំតន្ត្រីស្គរដៃ ស្ដង់ពិព័រណ៍ និងម្ហូបអាហារ ផ្សារបណ្ដែតទឹក និង វិថីអាហារ(Street Food) និងកម្មវិធីជាច្រើនទៀត ។

ដោយឡែកបើតាមការជូនដំណឹងរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប នឹងបន្តរៀបចំកម្មវិធី ជិះទូកកម្សាន្ត និងផ្សារទឹក រយៈពេល ២ថ្ងៃបន្ថែមទៀត រហូតដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥៕

ដោយ៖ប៊ុន រដ្ឋា
រូ​បភាព៖មន្ទីរព័ត៌មានខេត្ត

ads banner