សាលាវិចិត្រសិល្បៈភូមិភាគសៀមរាបប្រកាសផ្ដល់ការសិក្សាជំនាញសិល្បៈដោយឥតគិតថ្លៃលើជំនាញជាច្រើនផ្នែក
សៀមរាប៖នៅខេត្តសៀមរាបសាលាវិចិត្រសិល្បៈភូមិភាគសៀមរាបបានប្រកាសផ្ដល់ការសិក្សាជំនាញសិល្បៈដោយឥតគិតថ្លៃលើជំនាញសិល្បៈជាច្រើនផ្នែក សម្រាប់សិស្សានុសិស្សកំពុងសិក្សានៅសាលារដ្ឋ សាលាឯកជន និងអ្នកដែលស្រឡាញ់សិល្បៈគ្រប់រូប ដែលការផ្ដល់ និងទទួលពាក្យចាប់ពីថ្ងៃនេះតទៅ រហូតដល់ខែមករា ឆ្នាំ២០២៥ ។រយៈពេលនៃការសិក្សារួមមាន ១ឆ្នាំ ២ឆ្នាំ ៣ឆ្នាំ ៦ឆ្នាំ និង ៩ឆ្នាំ។ចំពោះសិស្សដែលសិក្សានឹងទទួលបានវិញ្ញាបនបត្រសិល្បៈ សញ្ញាបត្រសិល្បៈ និងស្នាតកបត្រសិល្បៈ។

សាលាវិចិត្រសិល្បៈភូមិភាគសៀមរាបបានឱ្យដឹងថា សម្រាប់ការសិក្សានេះដែរបែងចែកជា៣ផ្នែក។ ផ្នែកទី១.ផ្នែករបាំ មាន៖ របាំបុរាណ របាំប្រពៃណី ល្ខោនខោល, ផ្នែកទី២.ផ្នែកសិល្បៈសូនរូប មាន៖ គំនូរវិចិត្រកម្ម គំនូរពណ៌ទឹក គំនូរខ្មៅដៃ និងផ្នែកទី៣.ផ្នែកតន្ត្រីបុរាណ រួមមាន៖ ខ្លុយ ស្រឡៃ រនាតឯក ទ្រអ៊ូ ទ្រសោ ឃឹម តាខេ រនាតធុង រនាតដែក គងតូច គងធំ និងចាប៉ីដងវែង ជាដើម។ សម្រាប់ម៉ោងសិក្សា វេនព្រឹកពីម៉ោង ៧ព្រឹក ដល់ម៉ោង ១១ថ្ងៃត្រង់ និង វេនរសៀល ចាប់ពីម៉ោង ១រសៀល ដល់ម៉ោង ៥ល្ងាច។

ជាមួយនឹងការប្រកាសផ្ដល់ការសិក្សាជំនាញនេះដែរសាលាវិចិត្រសិល្បៈភូមិភាគសៀមរាប សូមលើកទឹកចិត្តដល់មាតាបិតា អាណាព្យាបាលសិស្សានុសិស្ស ឬលោកអ្នកដែលមានកូនៗ ស្រឡាញ់វិស័យសិល្បៈនេះ អាចនាំកូនៗមកចុះឈ្មោះចូលរៀនបានរៀងរាល់ម៉ោងធ្វើការ។ សាលាវិចិត្រសិល្បៈភូមិភាគសៀមរាប មានទីតាំងស្ថិតក្នុងភូមិព្រៃគុយ ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប៕
ដោយ៖ប៊ុន រដ្ឋា
រូបថត៖មន្ទីរព័ត៌មានខេត្តសៀមរាប




