គណៈកម្មការជំនាញខេត្តកណ្តាល និង យោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម ចុះហត្ថលេខាបន្តរុករកជីកលើក អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមជំហានទី២៥ រដូវប្រាំងឆ្នាំ២០២៥-២០២៦
(ខេត្តកណ្តាល)៖ គណៈកម្មការ រុករក ជីកលើក និងធ្វើមាតុភូមិ និវត្តន៍អដ្ឋិធាតុ ខេត្តកណ្តាល និងគណៈចង្អុលការ៥១៥ យោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ បានរៀបចំពិធីចុះហត្ថលេខាលើកំណត់ហេតុបន្តរុករក ជីកលើក និងធ្វើមាតុភូមិនិវត្តន៍ អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមជំហានទី២៥ រដូវប្រាំងឆ្នាំ២០២៥-២០២៦ នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល។
ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល និងជា អនុប្រធានអចិន្ត្រៃ៍គណៈកម្មការ រុករក ជីកលើក និងធ្វើមាតុភូមិ និវត្តន៍អដ្ឋិធាតុ ខេត្តកណ្តាល មានប្រសាសន៍ថា លទ្ធផល នៃកិច្ចសហការ រុករក ជីកលើក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលបាន អនុវត្តក្នុងជំហានទី២៤ រដូវប្រាំង ឆ្នាំ២០២៤-២០២៥កន្លងមក គឺសម្រេចលទ្ធផលបានចំនួន ១៩ អដ្ឋិធាតុ ក្នុងនោះជីកលើកនៅក្នុងភូមិសាស្ត្រ ស្រុកចំនួន ៥ នៃខេត្តកណ្តាល។
ឧត្តមសេនីយ៍ត្រី នៃ និយម បន្តថា កិច្ចសហការរុករក ជីកលើក អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម រវាងគណៈចង្អុលការយោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម ជាមួយគណៈកម្មការជំនាញខេត្តកណ្តាល បានចាប់ផ្តើមតាំងតែពីឆ្នាំ២០០២មកម៉្លេះ រហូតមក ដល់បច្ចុប្បន្ននេះបានចំនួន ២៤លើក ដោយសម្រេចបានលទ្ធផលសរុបចំនួន ១.២៨៥ អដ្ឋិធាតុ ហើយបានធ្វើពិធីប្រគល់-ទទួល និងធ្វើមាតុភូមិនិវត្តន៍ទៅកាន់មាតុប្រទេសវិញរួចរាល់។
ឧត្តមសេនីយ៍ត្រី ហ្វិញ វុ័នង៉ន មេបញ្ជាការរងនយោបាយ និងជាប្រធានគណៈចង្អុលការ៥១៥ យោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម បានថ្លែងនូវការកោតសរសើរចំពោះកិច្ចសហការយ៉ាងល្អ របស់គណៈកម្មការជំនាញខេត្តកណ្តាល អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ដែលធ្វើឱ្យកិច្ចការងារស្រាវជ្រាវ រុករក ជីកលើក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម កន្លងមកទទួលបានជោគជ័យ យ៉ាងត្រចះត្រចង់គួរជាទីមោទនៈ ។
លោក តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល បានលើកឡើងថា ការចូលរួមស្រាវជ្រាវ រុករក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម គឺជាការងារមនុស្សធម៌ដ៏ល្អប្រសើរ និងជាការបង្ហាញឲ្យឃើញពីទឹកចិត្តប្រជាពលរដ្ឋកម្ពុជា ចំពោះការសហការ ស្រាវជ្រាវ រុករក ជីកលើកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលបានពលីជីវិតក្នុងបណ្ដាលសម័យសង្រ្គាមនៅប្រទេសកម្ពុជា។
ក្នុងនាមគណៈកម្មការជំនាញខេត្តកណ្ដាល លោក បានសម្តែងនូវការដឹងគុណ ចំពោះវីរភាពដ៏អង់អាចក្លាហាន របស់កម្មាភិបាល-យុទ្ធជនកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានចូលរួមចំណែកធ្វើឲ្យប្រទេសកម្ពុជា រួចផុតពីរបបប្រល័យពូជសាសន៍ មានសិទ្ធិសេរីភាព មានសុខសន្តិភាព មានស្ថេរភាពសង្គម និងមានការអភិវឌ្ឍន៍រហូតដល់សព្វថ្ងៃនេះ ។ សូមដួងព្រលឹងវិញ្ញាណក្ខ័ន្ធកម្មាភិបាល-យុទ្ធជន ដែលបានពលីកម្មជីវិតដើម្បីបុព្វហេតុប្រជាជនកម្ពុជា សូមប្រកបទៅដោយសេចក្តីស្ងប់ និងបានទៅកាន់សុគតិភព កុំបីអាក់ខានឡើយ។
គួរបញ្ជាក់ផងដែរថា ភាគីចុះហត្ថលេខាបន្តសហការស្រាវជ្រាវ រុករក ជីកលើក និងធ្វើមាតុភូមិនិវត្តន៍ អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ជំហានទី២៥ រដូវប្រាំង ឆ្នាំ២០២៥-២០២៦ នៅក្នុងទឹកដីខេត្តកណ្តាលនេះ ធ្វើឡើងនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល ដោយ ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មការជំនាញខេត្តកណ្តាល និងភាគីវៀតណាមដោយ ឧត្តមសេនីយ៍ត្រី ហ្វិញ វុ័នង៉ន មេបញ្ជាការរងនយោបាយ និងជាប្រធានគណៈចង្អុលការ៥១៥ យោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម៕
អត្ថបទ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា
















