ត្រីមាសទី៣ ឆ្នាំ២០២៥ មូលនិធិគន្ធបុប្ផាទទួលបានថវិកាបរិច្ចាគ ពីសប្បុរសជនជាង ៤លានដុល្លារ
(ភ្នំពេញ)៖ ក្នុងត្រីមាសទី៣ ឆ្នាំ២០២៥ កន្លងទៅនេះ មូលនិធិគន្ធបុប្ផា ទទួលបានថវិកាបរិច្ចាគសរុបសមមូលនឹង ៤ ៤៩៣ ៩៥០ ដុល្លារអាម៉េរិក ពីសប្បុរសជនចំនួន ២៦ ៦៣៧រូប ដោយគិតរួមទាំងការបរិច្ចាគ ដោយផ្ទាល់នៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និង គន្ធបុប្ផាសៀមរាប។ ជាមួយគ្នានេះដែរ, មូលនិធិគន្ធបុប្ផាកម្ពុជា ក៏បានបង្វែរថវិកាសរុបសមមូលនឹង ៣ ២៧៨ ៣៣៨ដុល្លារអាម៉េរិក ជូនមន្ទីរពេទ្យគន្ធបុប្ផា ។
មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសប្បុរសជនទាំងអស់ដែលបានផ្តល់ការគាំទ្រ និង បរិច្ចាគថវិកាសម្រាប់ចូលរួមទ្រទ្រង់ និងធានាឱ្យបាននូវនិរន្តរភាពនៃកិច្ចដំណើរក្នុងការរបស់មន្ទីរពេទ្យគន្ធបុប្ផាក្នុងការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺដល់ទារក និងកុមារនៅកម្ពុជា ព្រមទាំងសេវាសម្រាលជូនស្ត្រីមានផ្ទៃពោះ ដោយឥតគិតថ្លៃ, ប្រកបដោយគុណភាព និងមិនមានការរើសអើង សំដៅលើកកម្ពស់សុខុមាលភាពទារក និងកុមារ ព្រមទាំងស្រ្តីមានផ្ទៃពោះនៅកម្ពុជា ។
សូមរំលឹកជូនថា មូលនិធិគន្ធបុប្ផាកម្ពុជា មាន សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជាប្រធានកិត្តិយស និងត្រូវបានបង្កើត និងដាក់ឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើម្បីកៀរគរអំណោយ, ឧបត្ថម្ភធន, និងវិភាគទានពីប្រភពស្របច្បាប់នានា ដើម្បីរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីបង្ហាញពីសាមគ្គីភាពក្នុងស្មារតី “ខ្មែរជួយខ្មែរ”។
សម្រាប់សាធារណជនដែលមាទឹកចិត្តសប្បុរស និងមានបំណងចូលរួមនាំក្ដីសង្ឃឹម និងភាពញញឹមដល់ទារក និងកុមារ ព្រមទាំងស្ត្រីមានផ្ទៃពោះ, សូមចូលរួមបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈ មធ្យោបាយបរិច្ចាគដោយឥតគិតថ្លៃសេវាជាមួយគ្រឹះស្ថានហិរញ្ញវត្ថុជាដៃគូ ដូចមានក្នុងរូបភាពជូនភ្ជាប់ ឬតាមរយៈការទំនាក់ទំនងលេខទូរសព្ទ ០៦១ ៧០ ១១១១ ៕
ដោយ ៖ ង៉ាន់ ទិត្យ

