តួកគីចេញដីកាចាប់ខ្លួននាយករដ្ឋមន្រ្តីអ៊ីស្រាអែល

អង់ការ៉ា ៖ ប្រទេសតួកគីចេញដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និងមន្ត្រីជាន់ខ្ពស់អ៊ីស្រាអែលផ្សេងទៀត ដោយចោទប្រកាន់ពីបទប្រព្រឹត្តអំពើប្រល័យពូជសាសន៍ក្នុងសង្គ្រាមហ្គាហ្សា។

មូលហេតុដែលតួកគីសម្រេចចិត្តបែបនេះ គឺយោងតាមការវាយប្រហារកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ របស់អ៊ីស្រាអែលទៅលើមន្ទីរពេទ្យ al-Ahli Baptist ដែលបានសម្លាប់ជីវិតមនុស្សប្រមាណ ៥០០នាក់ និងអំពើឃោរឃៅផ្សេងៗជាច្រើនទៀត។

បើតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យរដ្ឋអាជ្ញាទីក្រុងអ៊ីស្តង់ប៊ុល, ក្នុងចំណោមជនសង្ស័យចំនួន ៣៧នាក់ដែលជាប់ក្នុងបញ្ជីចាប់ខ្លួន រួមមានរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz រដ្ឋមន្ត្រីសន្តិសុខជាតិអ៊ីស្រាអែល លោក Itamar Ben-Gvir និងមេបញ្ជាការកងទ័ពអ៊ីស្រាអែល លោក Eyal Zamir។

តួកគីបានចោទប្រកាន់មន្ត្រីជាន់ខ្ពស់អ៊ីស្រាអែលទាំងនេះ ពីបទប្រព្រឹត្ត «អំពើប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ» ដែលអ៊ីស្រាអែលបាន «ប្រព្រឹត្តិជាប្រព័ន្ធ» នៅក្នុងសង្គ្រាមនៅតំបន់ហ្គាហ្សា ចាប់តាំងពីខែតុលា ឆ្នាំ២០២៣។

ការចេញដីកាចាប់ខ្លួនមេដឹកនាំ និងមន្រ្តីជាន់ខ្ពស់អ៊ីស្រាអែលនេះទៀតសោត កើតឡើងបន្ទាប់ពីតួកគីដែលជាអ្នករិះគន់អ៊ីស្រាអែលធ្ងន់ៗពាក់ព័ន្ធសង្រ្គាមហ្គាហ្សានោះ កាលពីឆ្នាំមុនក៏បានចូលរួមគាំទ្រសំណុំរឿងផ្តួចផ្តើមឡើងដោយប្រទេសអាហ្រ្វិកខាងត្បូង ដែលបានចោទអ៊ីស្រាអែលពីបទប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ផងដែរ៕

ប្រភព ៖ The straits times និង AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner