កម្មវិធី SHUTTLE TIME JUNIOR MINI TOURNAMENT ជាយុទ្ធនាការបំផុសឱ្យកុមារាកុមារីកាន់តែចូលចិត្តកីឡាវាយសី

(ភ្នំពេញ)៖ ឯកឧត្តម កែវ រស់ អគ្គលេខាធិការ សហព័ន្ធកីឡាវាយសីកម្ពុជា បានលើកឡើងថា កម្មវិធី SHUTTLE TIME JUNIOR MINI TOURNAMENT ដែលបង្កើតឡើងដោយសហព័ន្ធកីឡាវាយសីកម្ពុជា ក្រោមគម្រោងថវិកាគាំទ្រពីសហព័ន្ធកីឡាវាយសីអាស៊ីBA មានគោលបំណងបំផុសឱ្យកុមារាកុមារីវ័យក្មេងកាន់តែចូលចិត្តនិងស្រលាញ់កីឡាវាយសី។

ឯកឧត្តម អគ្គលេខាធិការ បានពន្យល់ថា កម្មវិធីSHUTTLE TIME JUNIOR MINI TOURNAMENTនេះ ដើមឡើយមិនផ្តោតសំខាន់លើការប្រកួតនោះទេ ។ពោលសហព័ន្ធបង្កើតឡើងដើម្បីបណ្តុះនិស្ស័យឱ្យកុមារាកុមារីចូលចិត្តកីឡាវាយសី។ ប៉ុន្តែការបង្កើតឡើងនៅក្នុងឆ្នាំ២០២៥. កម្មវិធីមួយនេះបានបង្កើតកាន់តែធំក្រៅពីផ្តល់នូវចំណេះដឹងដល់ក្មេងៗ ក៏មានការប្រកួតប្រជែងនៅលើទីលាន ដោយបានបែងចែកជា២ប្រភេទអាយុ គឺកុមារាកុមារីអាយុក្រោម១១ឆ្នាំ និងក្រោម១៣ឆ្នាំ។

ការប្រកួតប្រជែងនេះទៀតសោធ សហព័ន្ធក៏ផ្តល់នៅប្រាក់រង្វាន់ដល់ម្ចាស់ជ័យលាភីពីចំណាត់លេខ១ដល់៣ទាំង៤វិញ្ញាសាមានរកែត មេដាយ និងថវិកាមួយចំនួនជាអនុស្សាវរីយ៍ដើម្បីលើកទឹកចិត្តចំពោះការខិតខំប្រឹងប្រែង។

ឯកឧត្តម អគ្គលេខាធិការ សហព័ន្ធកីឡាវាយសី បានគូសបញ្ជាក់ទៀតថា តាមរយៈការប្រកួតប្រជែងក្នុងកម្មវិធី SHUTTLE TIME JUNIOR MINI TOURNAMENTនេះ ម្ចាស់ជ័យលាភីចាប់ពីចំណាត់ថ្នាក់លេខ១ដល់លេខ៣ទាំង៤វិញ្ញាសា សហព័ន្ធនឹងសម្លឹងមើលអ្នកដែលមានទេពកោសល្យនិងមានឧបនិស្ស័យចូលចិត្តស្រលាញ់កីឡាវាយសីខ្លាំងមកប្រកួតនៅចុងឆ្នាំមួយទៀត ដើម្បីចម្រាញ់យកកីឡាករកីឡាការិនីល្អៗមកហ្វឹកហាត់ជាជម្រើសក្រុមថ្នាលបំពាក់បំប៉នជំនាញកីឡាវាយសីដោយគ្រូរបស់សហព័ន្ធសម្រួចឆ្ពោះទៅត្រៀមកីឡាយុវជនអាស៊ីដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០៣១។

ជាមួយគ្នានោះ ឯកឧត្តម កុសល សុវណ្ណវិសាល អនុប្រធានសហព័ន្ធកីឡាវាសីកម្ពុជា បានសម្តែងនូវការអបអរសាទរចំពោះម្ចាស់ជ័យលាភីសម្រាប់ការប្រកួតដ៏ស្វិតស្វាញនិងសប្បាយរីករាយនេះ ។ អ្នកដែលដណ្តើមបានជ័យលាភីនាពេលនេះ សូមបន្តដុសខាត់សមត្ថភាពដើម្បីអភិវឌ្ឍន៍ក្លាយជាកីឡាករកីឡាការិនីវាយសីសក្កានុពលសម្រាប់ប្រទេសកម្ពុជានាពេលអនាគត។ ហើយអ្នកដែលមិនទាន់បានជាប់ជ័យលាភីក្នុងការប្រកួតក៏បន្តប្រែងប្រែងហ្វឹកហាត់បន្ថែមទៀត ដើម្បីប្រជែងយកជ័យជម្នះក្នុងការប្រកួតក្រោយៗទៀត។

ទន្ទឹមជាមួយគ្នានោះ ឯកឧត្តម អនុប្រធានសហព័ន្ធកីឡាវាយសី ក៏បានជំរុញលើកទឹកចិត្តឱ្យកុមារាកុមារីដែលជាកីឡាការិនីវ័យក្មេងត្រូវមានឆន្ទៈចង់ក្លាយខ្លួនជាកីឡាករកីឡាការិនីវាយសីដ៏ខ្លាំងសម្រាប់ប្រទេសកម្ពុជា ដ្បិតនៅពេលដែលយើងក្លាយជាម្ចាស់ជើងឯកសម្រាប់ការប្រកួតអន្តរជាតិមិនត្រឹមទទួលកិត្តិយសដល់ខ្លួនឯងនិងក្រុមគ្រួសារប៉ុណ្ណោះនោះទេ ពោលប្រទេសជាតិយើងក៏មានមុខមាត់ដែរ៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner