ស្លាប់មនុស្ស៣១នាក់ ក្នុងពន្ធនាគារនៅអេក្វាទ័រ
គីតូ ៖ អាជ្ញាធរបាននិយាយថា មនុស្ស៣១នាក់បានស្លាប់ នៅក្នុងពន្ធនាគារ ប្រទេសអេក្វាទ័រ ដោយភាគច្រើនស្លាប់ ព្រោះថប់ដង្ហើម។
អាជ្ញាធរបាននិយាយថា អ្នកទោស យ៉ាងហោចណាស់ ចំនួន២៧នាក់ ត្រូវបានគេរកឃើញថា បានស្លាប់ ដោយសារការថប់ដង្ហើម កាលពីរសៀលថ្ងៃអាទិត្យ នៅឯពន្ធនាគារអេក្វាទ័រ ជាកន្លែង ដែលមានកុប្បកម្មប្រដាប់អាវុធ បណ្តាលឲ្យមនុស្ស ៤នាក់ស្លាប់ និង រាប់សិបនាក់ទៀតរងរបួស កាលពីពេលព្រឹក។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ អាជ្ញាធរពន្ធនាគារបាននិយាយថា «ទណ្ឌិតទាំង ២៧ នាក់ដែលត្រូវបានគេរកឃើញថា បានស្លាប់ ស្ថិតនៅក្នុងពន្ធនាគារ Machala នៃខេត្ត El Oro ដោយក្នុងចំណោមពួកគេទាំងនោះ មានបញ្ហាការដកដង្ហើម ដែលបណ្តាលឱ្យស្លាប់ភ្លាមៗ»។ ប៉ុន្តែ អាជ្ញាធរមិនបានបញ្ជាក់ អំពីអត្តសញ្ញាណអ្នកស្លាប់ ឬ បញ្ជាក់ថាតើ អំពើហិង្សានេះជាករណីវាយតប់គ្នា រវាងក្រុមក្មេងទំនើង ឬ អត់នោះទេ។
អំពើហឹង្សាត្រូវបានគេជឿថា មានទំនាក់ទំនងជាមួយនឹងផែនការផ្លាស់ប្តូរអ្នកទោសមួយចំនួន ចូលទៅក្នុងពន្ធនាគារថ្មីមួយ ដែលសាងសង់ដោយរដ្ឋាភិបាល របស់ប្រធានាធិបតី Daniel Noboa នៅក្នុងខេត្ត មួយផ្សេងទៀត ដែលនឹងត្រូវសម្ពោធ នៅក្នុងខែនេះ។
កាលពីចុងខែកញ្ញា ការប្រឈមមុខដាក់គ្នា ដោយប្រដាប់អាវុធមួយទៀត នៅពន្ធនាគារ ក្នុងក្រុង Machala បានធ្វើឲ្យអ្នកទោស ១៣ នាក់ និង មន្ត្រីពន្ធនាគារម្នាក់ ស្លាប់៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត
