ក្រសួងការងារនឹងរៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅខេត្តធំៗចំនួន ៣ ដើម្បី​ផ្តល់ឱកាសការងារដល់អតីតពលករត្រឡប់មកពីប្រទេសថៃ

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះ​បណ្តាលវិជ្ជាជីវៈ នៅខេត្តធំៗចំនួន ៣គឺខេត្តបាត់ដំបង ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ ដើម្បីផ្តល់​ឱកាសការងារជូនប្រជាពលរដ្ឋ ជាពិសេស អតីតពលករ​ដែលត្រឡប់មកពីប្រទេសថៃ។

ការរៀបចំពិព័រណ៍នេះនឹងប្រព្រឹត្តទៅក្នុងខេត្តបាត់ដំបងពីថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ខេត្តបន្ទាយមានជ័យ​ពីថ្ងៃទី២២-២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ និងខេត្តសៀមរាបពីថ្ងៃទី២៩-៣០ ខែវិច្ឆិកា ឆ្នាំ២០២៥។

អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានឱ្យដឹងថា ក្នុងពិព័រណ៍នេះ នឹងមានសហគ្រាស ក្រុមហ៊ុន និងរោងចក្រជាច្រើន​ចូលរួមផ្ដល់ឱកាសការងារជាង ៧ម៉ឺនកន្លែងជាមួយការ​សម្ភាសជ្រើសរើសបុគ្គលិកនៅកន្លែងផ្ទាល់។ ក្នុងនោះ​អ្នកចូលរួមទាំងអស់នឹងទទួល​បានព័ត៌មានអំពីឱកាស​ការងារដ៏សម្បូរបែប វគ្គបណ្តុះ​បណ្តាលបច្ចេកទេស និងអត្ថប្រយោជន៍របស់​បេឡាជាតិសន្តិសុខសង្គម​ផងដែរ។

បន្ថែមពីនេះ អ្នកចូលរួមនឹងទទួលបាន សេវាកាត់សក់ អាហារ ភេសជ្ជៈ និងអាវយឺតដោយឥតគិតថ្លៃថែម​ទៀតផង។

ទន្ទឹមនឹងនេះ លោក ស៊ុន មេសា បានអំពាវនាវ​ឱ្យអតីត​ពលករទាំងអស់ ដែលបានត្រឡប់មកពីប្រទេសថៃ ចូលរួម​ឱ្យបានច្រើនក្នុងពិព័រណ៍នេះ ដើម្បីរកឱកាស​ការងារ​ថ្មី បង្កើនជំនាញ និងបង្កើនគុណភាពជីវិត៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner