លោក ត្រាំ គំរាមប្តឹងទារប្រាក់ ១ពាន់លានដុល្លារពីកាសែត BBC

វ៉ាស៊ីនតោន ៖ លោក Trump គំរាមចាត់វិធានការប្តឹង ទារលុយ ១ ពាន់លានដុល្លារ ខណៈដែល BBC សុំទោសចំពោះកំហុស ក្នុងការកែសម្រួល។

ប្រធានាធិបតីអាមេរិក លោក Donald Trump បានគំរាម BBC ជាមួយនឹងការប្តឹងផ្តល់ទារប្រាក់ ១ពាន់លានដុល្លារ កាលពីថ្ងៃចន្ទ ខណៈដែលសារព័ត៌មាននេះ បានសុំទោសចំពោះការកែសម្រួលសុន្ទរកថា។

នៅក្នុងសំបុត្រ ដែលឃើញដោយសារព័ត៌មាន AFP មេធាវីរបស់លោក Trump បានទុកពេលឱ្យទូរទស្សន៍អង់គ្លេសមួយនេះ ត្រឹមថ្ងៃសុក្រ ដើម្បីដកទាំងស្រុង នូវឯកសារ ដែលមានការកែសម្រួល, សុំទោស និង ផ្តល់សំណងសមរម្យ ដល់ប្រធានាធិបតី សម្រាប់ការខូចខាត ដែលបង្កឡើង។

ប្រភពបន្តថា «ប្រសិនបើ BBC មិនអនុវត្តតាម ប្រធានាធិបតី Trump នឹងគ្មានជម្រើសផ្សេង ក្រៅពីការអនុវត្ត សិទ្ធិស្របច្បាប់ រួមទាំង ការប្តឹងតវ៉ាផ្លូវច្បាប់ សម្រាប់ការខូចខាត មិនតិចជាង មួយពាន់លានដុល្លារ»។

អគ្គនាយក BBC និង ជានាយកប្រតិបត្តិព័ត៌មានកំពូលរបស់អង្គភាព បានលាលែងពីតំណែង កាលពីថ្ងៃអាទិត្យ បន្ទាប់ពីមានការចោទប្រកាន់ថា វីដេអូឯកសារក្នុងកម្មវិធី Panorama កាលពីឆ្នាំមុន បានបង្ហាញពីការដកស្រង់ចេញពីសុន្ទរកថា របស់លោក Trump ដែលត្រូវបានកែសម្រួល ក្នុងវិធីបំភាន់។

BBC បាននិយាយថា ខ្លួននឹងពិនិត្យសំបុត្រពីក្រុមច្បាប់ របស់លោក Trump។ ខ្លួនក៏បានចេញការសុំទោស ជាសាធារណៈ ចំពោះការកែសម្រួលផងដែរ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner