អ៊ីស្រាអែលសម្លាប់ហេសបូឡា ១៥នាក់ តាំងដើមខែវិច្ឆិកា
ហ្ស៊េរុយសាឡិម ៖ អ៊ីស្រាអែលបាននិយាយ កាលពីថ្ងៃចន្ទថា ខ្លួនបានសម្លាប់សមាជិកក្រុម ហេសបូឡា ចំនួន១៥នាក់ តាំងពីដើមខែវិច្ឆិកាមក។
កាលពីថ្ងៃទី១០ ខែវិច្ឆិកា យោធាអ៊ីស្រាអែលក៏បានបើកការវាយប្រហារជាច្រើនលើក នៅក្នុងប្រទេសលីបង់ នាភាគខាងត្បូង និង ភាគខាងកើត ខណៈមនុស្ស យ៉ាងហោចណាស់ ម្នាក់ ត្រូវបានសម្លាប់ នេះបើតាមក្រសួងសុខាភិបាលលីបង់។
យោធាអ៊ីស្រាអែល បាននិយាយថា បានសម្លាប់ ឈ្មោះ Samir Ali Faqih ដែលខ្លួនបានចោទប្រកាន់ ពីបទរត់ពន្ធអាវុធ សម្រាប់ក្រុម ហេសបូឡា។
ប្រភពបាននិយាយថា ខ្លួនបានសម្លាប់មនុស្ស ពីរនាក់ទៀត កាលពីថ្ងៃអាទិត្យ ហើយថា “ភេរវករទាំងនេះ គឺបន្ថែមលើភេរវករ ហេសបូឡា ចំនួន១២នាក់ ដែលត្រូវបានសម្លាប់ ចាប់តាំងពីដើមខែ»។
អ៊ីស្រាអែលបានបង្កើន ការវាយប្រហាររបស់ខ្លួន លើប្រទេសលីបង់ ដោយចោទប្រកាន់ក្រុមហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់ថា បានបង្កជម្លោះជិតមួយឆ្នាំ ទៅក្នុងបទឈប់បាញ់ ដែលបាននាំមកនូវការបញ្ចប់សង្រ្គាមថ្មីបំផុត របស់ពួកគេ។
ទោះបីជាមានបទឈប់បាញ់គ្នា តាំងពីខែវិច្ឆិកា ឆ្នាំ២០២៤ ក៏ដោយ ក៏អ៊ីស្រាអែលនៅតែបន្តការវាយប្រហារ លើប្រទេសលីបង់ ជាកន្លែងដែលខ្លួនបន្តកាន់កាប់ទីតាំងយោធា ចំនួន៥ ទីតាំង៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
