ក្រសួងរៀបចំដែនដី កសាងឯកភាពផ្ទៃក្នុង លើការរៀប​ចំ​លិខិតបទដ្ឋានគតិយុត្តិក្នុងវិស័យសំណង់ ដើម្បីធានា​នូវសុវត្ថិភាព គុណភាព និងសោភណភាព ជាការបើក​ទំព័រថ្មីនៃស្ថាបត្យកម្មខ្មែរនាសហសម័យ

(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ បើកកិច្ចប្រជុំជជែកពិភាក្សាដើម្បីកសាង​ឯកភាព​ផ្ទៃក្នុង លើការរៀបចំលិខិតបទដ្ឋានគតិយុត្តិក្នុង​វិស័យសំណង់ក្នុងអាណត្តិនេះ ដើម្បីឱ្យមានបទដ្ឋាន​បច្ចេកទេស គោលការណ៍ណែនាំជាក្បួនខ្នាតលើវិស័យ​សំណង់ សម្រាប់ឱ្យប្រជាជនយកទៅប្រើប្រាស់ដើម្បី​ធានា​ថាសំណង់មានសុវត្ថិភាព គុណភាព និង​សោភណភាព ជាការបើកទំព័រថ្មីនៃស្ថាបត្យកម្មខ្មែរនា​សហសម័យ ។

ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងគោលការណ៍ណែនាំបច្ចេកទេសស្ដីពីវិធីសាស្រ្តសម្រាប់ការអនុវត្តការងាររុះរើសំណង់ ការប្រើប្រាស់រន្ទានិងសំណាញ់​សុវត្ថិ​ភាព វិធីសាស្ត្រនៃការងារជីកដីនិងការងារខួងគ្រឹះជ្រៅ វិធីសាស្រ្តនៃការក្តារពុម្ព, ការគ្រប់គ្រងការអនុវត្តការងារ​គ្រឿងផ្គុំ ការងារMEPនិងការងារបញ្ចប់ នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ការជួបជុំគ្នានាពេលនេះ គឺដើម្បីស្វែង​រកការ​​ឯកភាពផ្ទៃក្នុងសំដៅធានាដំណើរការអនុវត្ត​ការងារ​ទាក់ទិននឹងវិស័យសំណង់ឱ្យបានរលូនទៅមុខ​និងមានប្រសិទ្ធភាព ។

ម្យ៉ាងទៀតការជួបពិភាក្សាគ្នា​ជាមួយក្រុមប្រឹក្សាជាតិបទបញ្ញត្តិសំណង់នាពេលនេះ ក៏ដើម្បីកសាងការឯកភាពផ្ទៃក្នុងទៅលើបទដ្ឋានបច្ចេកទេសនិងបទដ្ឋាននយោបាយ ធ្វើយ៉ាងណាឱ្យ​សេចក្តី​ព្រាង​គោលការណ៍ណែនាំបច្ចេកទេសស្ដីពី​វិធីសាស្រ្ត​សម្រាប់ការអនុវត្តការងាររុះរើសំណង់ ការប្រើប្រាស់​រន្ទានិងសំណាញ់សុវត្ថិភាព វិធីសាស្ត្រនៃការងារ​ជីកដី​និងការងារខួងគ្រឹះជ្រៅ វិធីសាស្រ្តនៃការក្តារពុម្ព ការគ្រប់​គ្រងការអនុវត្តការងារគ្រឿងផ្គុំ ការងារMEPនិង​ការងារ​បញ្ចប់នេះ មានលក្ខណៈត្រឹមត្រូវគ្រប់ជ្រុ​ង​ជ្រោយ​និងងាយស្រួលយកទៅអនុវត្តប្រកប​ដោយ​ទំនុកចិត្ត ធានាបាននូវគុណភាពសុវត្ថិភាព និង​សោភ័ណភាព​សំណង់ផងដែរ។

តាមរយៈកិច្ចប្រជុំនាពេលនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជជែកពិភាក្សាដើម្បី​កសាង​ឯកភាពផ្ទៃក្នុង លើការរៀបចំលិខិតបទដ្ឋាន​គតិយុត្តិក្នុងវិស័យសំណង់ក្នុងអាណត្តិនេះ ដើម្បី​ឱ្យមានបទដ្ឋានបច្ចេកទេស គោលការណ៍ណែនាំជាក្បួន​ខ្នាតលើវិស័យសំណង់សម្រាប់ឱ្យប្រជាជនកម្ពុជាយកទៅប្រើប្រាស់ដើម្បីធានាថាសំណង់នៅកម្ពុជាមានសុវត្ថិភាព គុណភាព និងសោភណភាព ជាការបើកទំព័រថ្មី​របស់​យើងនៃស្ថាបត្យកម្មខ្មែរនាសហសម័យ៕

អត្ថបទ ៖ ហេង វណ្ណា
រូបភាព ៖ គ្រី សម្បត្តិ

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner