សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់​សហ​ការី​ចុះសួរ​សុខទុក្ខ និងចែកអំណោយជូនប្រជា​ជន​ងាយរងគ្រោះបំផុត ៨៥០គ្រួសារ នៅខេត្តរតនគិរី

(រតនគិរី)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យមន្ត្រី​ទីស្នាក់​កា​រកណ្តាល និងសាខាកាកបាទក្រហមកម្ពុជា ខេត្ត​រតនគិរី ចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌​ជូនដល់ប្រជាជនងាយរងគ្រោះបំផុតចំនួន ៨៥០គ្រួ​សារ ដែលរស់នៅក្នុង ៤សង្កាត់ នៃក្រុងបានលុង និង ៧ឃុំ នៃស្រុកអូរជុំ ខេត្តរតនគិរី នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ។

ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទ​ក្រហមកម្ពុជា បានពាំនាំប្រសាសសន៍ផ្តាំផ្ញើសាកសួរ​សុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងបានពាំនាំនូវសារ​អំពាវនាវពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះបងប្អូន​ប្រជាជនងាយរងគ្រោះទាំងអស់ ជាពិសេសក្មួយៗ ដែលជាស្ត្រីមានផ្ទៃពោះ ស្ត្រីទើបសម្រាលកូនរួច ស្ត្រីដែលមានកូនតូច ត្រូវថែរក្សាអនាម័យឱ្យបានល្អ ហើយទៅពិនិត្យសុខភាពឱ្យបាន៤ដងយ៉ាងតិច ។ ជាពិសេសដែលមានកូនតូចៗនាំកូនទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ចំនួន ដើម្បីការពារសុខភាពកូនយើងផង និងដើម្បីក្លាយជាធនធានមនុស្សដ៏រឹងមាំដែលមានសុខភាពល្អផង។

ជាមួយគ្នានេះត្រូវប្រុងប្រយ័ត្នចំពោះជំងឺមិនឆ្លងចំនួន៤មុខ ជំងឺបេះដូងសរសៃឈាម ជំងឺទឹកនោមផ្អែម ជំងឺ​មហារីក និងជំងឺរលាកផ្លូវដង្ហើមរ៉ាំរៃ ដោយអនុវត្តតាម​សាររបស់ក្រសួងសុខាភិបាល តាមរយៈតិចស្ករ តិចអំបិល តិចខ្លាញ់ និងសូមចូលរួមហាត់ប្រាណ​ទាំងអស់​គ្នាឱ្យបានទៀងទាត់យ៉ាងតិចឱ្យបាន ១៥នា​ទីជារៀងរាល់ថ្ងៃ ដើម្បីទទួលបានសុខភាពល្អ រស់នៅ​បានយូរអង្វែង ។

សូមបញ្ជាក់ថា គ្រួសាររងគ្រោះនីមួយៗទទួលបាន​អំណោយរួមមាន៖ អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៊ីវ ៦ដប និងឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់ ហើយការចែកអំណោយមាន​ចំនួន​២ទីតាំងគឺ ៖ – ទីតាំងទី១ នៅបរិវេណសាលា​ស្រុកអូរជុំ ស្ថិតក្នុងភូមិអូរជុំ ឃុំអូរជុំ ស្រុកអូរជុំ សម្រាប់ប្រជាជនងាយរងគ្រោះបំផុត ៣៩០គ្រួសារ ដែលភាគច្រើនជាបងប្អូនជនជាតិដើមភាគតិចទំពួន និងគ្រឹង មកពី៧ឃុំ គឺឃុំកាឡៃ ឃុំអូរជុំ ឃុំប៉ូយ ឃុំល្អក ឃុំសាមគ្គី ឃុំឯកភាព និងឃុំចាអ៊ុង។

  • ទីតាំងទី២ នៅបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តរតនគិរី ស្ថិតក្នុងភូមិអូរកន្តិល សង្កាត់បឹងកន្សែង ក្រុងបានលុង សម្រាប់ប្រជាជនងាយរងគ្រោះបំផុត ចំនួន ៤៦០គ្រួសារ មកពី៤សង្កាត់ គឺ សង្កាត់បឹង កន្សែង សង្កាត់ឡាបានសៀក សង្កាត់យក្សឡោម និងសង្កាត់កាចាញ ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner