ទោះបីជាផ្លូវកៅស៊ូមិនទាន់រួចរាល់ តែប្រជាពលរដ្ឋឃុំស៊ុងនិងអ្នកឆ្លងកាត់កំពុងតែត្រេកអរ
បាត់ដំបង៖មិនខុសពីប្រជាពលរដ្ឋដែលធ្លាប់ធ្វើដំណើរឆ្លងកាត់ និងកំពុងប្រើប្រាស់កំណាត់ផ្លូវនេះ ,ប្រជាពលរដ្ឋឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបងបានបង្ហាញអារម្មណ៍ត្រេកអរ ដោយសារតែមានផ្លូវកៅស៊ូមួយខ្សែឆ្លងកាត់ឃុំរបស់ខ្លួន។
ក្រសួងអភិវឌ្ឍន៍ជនបទ តាមរយ:មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង បានសាងសង់ផ្លូវក្រាលកៅស៊ូមួយខ្សែជាដំណាក់កាលៗដោយតភ្ជាប់ពីផ្សាររ៉ែដែកនៃឃុំសំឡូត ឆ្លងកាត់ឃុំស៊ុង ឆ្ពោះទៅកាន់ឃុំតាសាញ ស្រុកសំឡូត ។ការដ្ឋាន
នេះកំពុងដំណើរការ។ ជាមួយនឹងសសៃរឈាមថ្មីល្អប្រសើរជាងមុន ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ ពិសេសប្រជាពលរដ្ឋនៅនឹងមូលដ្ឋាននេះតែម្តងយល់ថា កំណាត់ផ្លូវមួយនេះជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនកសិផល បានលឿន និងកាន់តែឆាប់រហ័ស ។
ពាក់ព័ន្ធនឹងផ្លូវកៅស៊ូមួយខ្សែដែលកំពុងស្ថាបនា លោក វ៉ឹក រ៉េត មេឃុំស៊ុងបាននិយាយដោយរំភើបថា នេះជាក្ដីស្រមៃរបស់ប្រជាពលរដ្ឋ ឥឡូវបានក្លាយជាការពិតនៅពេលការដ្ឋាននឹងបញ្ចប់នៅពេលឆាប់ៗ ខាងមុខ។
ផ្លូវកៅស៊ូដែលកំពុងសាង់សង់ឆ្លងកាត់ឃុំស៊ុងមានប្រវែង៤គីឡូម៉ែត្រ ។បច្ចុប្បន្នក្រុមការងារសាងសង់ផ្លូវបានបញ្ចប់ដំណាក់កាលទី១កាលពីប៉ុន្មានថ្ងៃមុននេះ ដោយបានចាក់ក្រាលកៅស៊ូស្រទាប់ទី១និងត្រៀមក្រាលកៅស៊ូស្រទាប់ទី២នៅក្នុងពេលដ៏ខ្លីខាងមុខ។
ជាមួយនឹងសមិទ្ធផលថ្មី ប្រជាពលរដ្ឋឃុំស៊ុង បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទ និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង ។ប្រជាពលរដ្ឋរំពឹងថា កំណាត់ផ្លូវនេះនឹងរួមចំណែកលើកកម្ពស់ជីវភាពពួកគាត់
បន្ថែមទៀត។
គប្បីជម្រាបជូនថា ស្រុកសំឡូតជាអតីតសមរភូមិប្រយុទ្ធដ៏ក្ដៅគគុក នៅក្នុងជម្លោះសង្គ្រាមស៊ីវិល និងមានភូមិសាស្រ្តជាប់ព្រំប្រទល់ ជាមួយនិងប្រទេសថៃ។ក្រោយទទួលបានសន្តិភាពពេញលេញក្រោមគោលនយោបាយ ឈ្នះ ឈ្នះ… ភូមិ ឃុំ នៃស្រុកសំឡូតរួមទាំងស្រុកសំឡូតផង បានប្រែមុខមាត់ថ្មី ក្លាយជាស្រុកមានសក្ដានុពលកសិ- ទេសចរនិង ធម្មជាតិ កសិ-ឧស្សាហកម្មចម្រុះ។ប្រជាពលរដ្ឋភាគច្រើនប្រកបរបរកសិកម្មដោយធ្វើការដាំដុះដំណាំពោត ដំឡូងមី ទុរេន ស្វាយចន្ទី តាង៉ែន ម្រេច ស្វាយនិងឈើហូបផ្លែជាច្រើនទៀត៕







អត្ថបទ-រូបភាព៖ អ៊ុក សំអាន ប.ប