អនាគតដ៏ខ្លីខាងមុខ ក្រុងកំពតនឹងមានផ្លូវនិងស្ពានក្រវាត់ក្រុងថ្លីសន្លាង
កំពត៖រដ្ឋបាលខេត្តកំពតបានសម្រេចសាងសង់ផ្លូវ និងស្ពានក្រវាត់ក្រុងកំពតប្រវែងជិត១០គីឡូម៉ែត្រ ដោយកាត់តាមឆ្នេរកោះស្មៅ។ការដ្ឋាននេះមានស្ពានអាកាសរំលងផ្លូវ និងដងព្រែក ប្រវែងជិត៤០០ម៉ែត្រ។ជាមួយនឹងស្ពានក៏មាន
ការរៀបចំទីធ្លាសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរថតរូបអនុស្សាវរីយ៍ផងដែរ។ (រាយការណ៍ដោយ រ័ត្ន ចរិយា)
អាន៖ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវ និងស្ពានក្រវាត់ក្រុងកំពត ដែលបានរៀបចំនៅឆ្នេរកោះស្មៅកាលពីព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា ផ្លូវ និងស្ពានក្រវាត់ក្រុងដែលមានប្រវែងជិត ១០គីឡូម៉ែត្រនេះ ជាអំណោយ និងកេរដំណែលជាអមតៈរបស់ប្រមុខរាជរដ្ឋាភិបាលផ្តល់ជូនដល់ប្រជាពលរដ្ឋខេត្តកំពត។សមិទ្ធផលនេះនឹងរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍នៅខេត្តកំពត ពិសេសជីវភាពប្រជា
ជននៅខេត្តកំពតតែម្តង។
ចំណែកប្រជាពលរដ្ឋខេត្តកំពតក្នុងពិធីបើកការដ្ឋាន បានបង្ហាញនូវទឹកចិត្តត្រេកអរ ជាមួយនឹងការកត់សម្គាល់ថា ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ខេត្តកំពតរីកចម្រើនខ្លាំង ពិសេសសមិទ្ធផលទេសចរណ៍ល្អឯកជាច្រើន។ជាក់ស្តែង តំបន់កោះស្មៅ ពីមុនគ្មានឆ្នេរកម្សាន្តទេ ប៉ុន្តែថ្ងៃនេះក្រោមការច្នៃប្រឌិតឯកឧត្តមអភិបាលខេត្ត តំបន់កោះស្មៅមានឆ្នេរខ្សាច់កម្សាន្តដ៏ស្រស់ស្អាត ថែមទាំងនឹងមានស្ពានដ៏ទាក់ទាញមួយបន្ថែមទៀត ។
ឯកឧត្តមអភិបាលខេត្តបានប្រាប់អ្នកចូលរួមក្នុងពិធីបើកការដ្ឋានថា គម្រោងស្ថាបនាផ្លូវ និងស្ពានក្រវាត់ក្រុងនេះនឹងចំណាយពេលសាងសង់មួយឆ្នាំ។ឯកឧត្តមរំពឹងថា ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវនិងស្ពាននេះ នៅទីតាំងដដែល និងថ្ងៃ ខែដដែល នាឆ្នាំ២០២៦៕
ដោយ៖ សិលា សារិន