អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ជួបភាគីពាក់ព័ន្ធត្រៀមកម្មវិធីបរិច្ចាគឈាម និងបាល់ទាត់មនុស្សធម៌
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក សុខ ពេញវុធ អភិបាលរង នៃគណៈភិបាលរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីកិច្ចសហការសម្របសម្រួលរៀបចំកម្មវិធីបរិច្ចាគឈាម និងការប្រកួតបាល់ទាត់មនុ ស្សធម៌ ក្រោមមូលបទ«យើងផ្តល់ឈាម ផ្តល់ក្តីស្រឡាញ់សម្រាប់កម្ពុជា»ដែលនឹងប្រព្តឹត្តទៅនៅថ្ងៃទី១៤-១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក។
កិច្ចប្រជុំនេះបានធ្វើឡើងដើម្បីពិភាក្សាស្វែងយល់ពិគ្រោះយោបល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីឱ្យព្រឹត្តិការណ៍ ប្រព្រឹត្តិទៅដោយរលូននិងជោគជ័យ។
ឯកឧត្តម សុខ ពេញវុធ បានមានប្រសាសន៍ថា នេះជាកម្មវិធីដែលបានបង្ហាញអំពីទឹកចិត្តមនុស្សធម៌ ការបរិច្ចាគឈាមក្រោមមូលបទ«យើងផ្តល់ឈាម ផ្តល់ក្តីស្រឡាញ់សម្រាប់កម្ពុជា ដែលមានរយៈពេល២ថ្ងៃ ហើយ ក្នុងនោះក៏មានការប្រកួតបាល់ទាត់មនុស្សធម៌ផងដែរ ។ ច្បាស់ណាស់នឹងមានប្រជាពលរដ្ឋចូលរួមច្រើនមកបរិច្ចាគឈាមមនុស្សធម៌ដើម្បីជួយដល់សង្គមជាតិ ដូច្នោះហើយ ក្នុងនាមអាជ្ញាធរ ក៏ដូចជាភាគីពាក់ទាំងអស់យើងត្រៀមរៀបចំសម្របសម្រួលសណ្តាប់ធ្នាប់របៀបរាបរយ ចរាចរណ៍ និងសុខសុវត្ថិភាព ធ្វើយ៉ាងណាឱ្យកម្មវិធីបរិច្ចាគឈាម និងកម្មវិធីប្រកួតបាល់ទាត់មនុស្សធម៌ បានប្រព្រឹត្តិទៅដោយរលូនផ្តល់ជូននូវបរិយាកាសចូលរួមដោយសប្បាយរីករាយ។
ព្រឹត្តិការណ៍បរិច្ចាគឈាមនេះ រៀបចំឡើងដោយក្រុមការងារពិធីករកីឡាកម្ពុជា សហការជាមួយក្រសួងសុខាភិបាល មជ្ឈមណ្ឌលជាតិផ្តល់ឈាម កាកបាទក្រហមកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ និងក្រុមហ៊ុន Idea Factory ក្រោមមូលបទ«យើងផ្តល់ឈាម ផ្តល់ក្តីស្រឡាញ់សម្រាប់កម្ពុជា» ក្រោមការចង្អុលបង្ហាញណែនាំ និងគាំទ្រដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងក្នុងការលើកកម្ពស់ការយល់ដឹងអំពីការថែទាំសុខភាព និងអត្ថប្រយោជន៍នៃការបរិច្ចាគឈាម ព្រមទាំងជំរុញការផ្សព្វផ្សាយការបរិច្ចាគឈាមឲ្យបានជាង៣០០០ប្លោក ដើម្បីបំពេញតម្រូវការនៃការប្រើប្រាស់ឈាមក្នុងវិស័យសុខាភិបាល និងដល់សហគមន៍មូលដ្ឋានផងដែរ។ សូមជម្រាបជូនសាធារណៈជនឲ្យបានដឹងថា ព្រឹត្តិការណ៍បរិច្ចាគឈាម នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤-១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ។ ក្រៅពីនេះក៏មានការប្រកួតបាល់ទាត់មិត្តភាពនៅពេលរសៀល ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥៕
រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ








