អាល្លឺម៉ង់គ្រោងចាយ ១,២០០ លានដុល្លារទិញឧទ្ធម្ភាគចក្រយោធា ២០ គ្រឿងបន្ថែម

ប៊ែរឡាំង ៖ ប្រទេសអាល្លឺម៉ង់មានផែនការចំណាយលុយដល់ទៅ ១.២ពាន់លានដុល្លារបញ្ជាទិញឧទ្ធម្ភាគចក្រយោធាបន្ថែមចំនួន ២០គ្រឿងពីក្រុមហ៊ុន Airbus ហើយចែកចាយនឹងធ្វើឡើងក្នុងរយៈពេល ២ឆ្នាំ គិតចាប់ពីឆ្នាំ ២០២៧។ នេះបើតាមរ៉យទ័រដកស្រង់ប្រភពចេញពីឯកសាររដ្ឋាភិបាលអាល្លឺម៉ង់។

ពាក់ព័ន្ធនឹងការចុះផ្សាយរបស់រ៉យទ័រនេះ ក្រសួងការពារជាតិអាល្លឺម៉ង់បានបដិសេធធ្វើការអត្ថាប្បាយ ដោយនិយាយថា ខ្លួនមិនអាចបកស្រាយអំពីផែនការនេះបានទេ មុនពេលគម្រោងនោះត្រូវលើកយកមកជជែកដេញដោលនៅក្នុងសភា។

តាមរយៈក្របខណ្ឌកិច្ចព្រមព្រៀងឆ្នាំ ២០២៣ កងកម្លាំងប្រដាប់អាវុធអាល្លឺម៉ង់បានទទួលការអនុញ្ញាតឱ្យបញ្ជាទិញឧទ្ធម្ភាគចក្រយោធា Airbus H145M ដល់ទៅ ៨២គ្រឿង ក្នុងនោះ ៦២គ្រឿងត្រូវបានបញ្ជាទិញរួចហើយ។

រដ្ឋាភិបាលអាល្លឺម៉ង់បានប៉ាន់ប្រមាណថា ការចំណាយសរុបទៅលើការថែទាំ និងប្រតិបត្តិការពេញលេញនៃឧទ្ធម្ភាគចក្រទាំង ៨២គ្រឿង នឹងត្រូវចំណាយប្រាក់ដល់ទៅជាង ៣.៤ពាន់លានដុល្លាររហូតដល់ឆ្នាំ ២០២៨។

ក្រៅពីទិញឧទ្ធម្ភាគចក្រយោធា, អាល្លឺម៉ង់ក៏បានចំណាយប្រាក់សរុបជាង ១ ពាន់លានដុល្លារបញ្ជាទិញយន្តហោះបន្ថែមចំនួន ២០គ្រឿងផងដែរ ក្នុងនោះ១៥គ្រឿងជាយន្តហោះសម្រាប់ប្រយុទ្ធ និង៥គ្រឿងទៀតជាយន្តហោះសម្រាប់បណ្តុះបណ្តាលកងកម្លាំងពិសេស។

កញ្ចប់ថវិកានេះ កើតចេញពីមូលនិធិពិសេសបង្កើតឡើងកាលពីដើមឆ្នាំនេះ ដើម្បីផ្តល់មូលនិធិដល់ការធ្វើទំនើបកម្មបន្ទាន់ នៃកងកម្លាំងប្រដាប់អាវុធអាល្លឺម៉ង់។

គួរបញ្ជាក់ថា រដ្ឋាភិបាលជាច្រើនទូទាំងទ្វីបអឺរ៉ុប បាននឹងកំពុងបង្កើនការចំណាយលើវិស័យការពារជាតិ ដើម្បីត្រៀមខ្លួនប្រឈមមុខនឹងការកើនឡើងការគំរាមកំហែងពីរុស្ស៊ី ចាប់តាំងពីកងកម្លាំងរុស្ស៊ីចូលលុកលុយពេញលេញប្រឆាំងនឹងអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ ២០២២៕

ប្រភព ៖ រ៉យទ័រ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner