ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន ចុះ ពិនិត្យ ស្ថានភាពវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល ស្ថិតក្នុងខេត្តក្រចេះ

(ភ្នំពេញ)៖ ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគ ឦសាន (ក.វ.ឦសាន) ដឹកនាំដោយ ឯកឧត្តម ស៊ឹម វីរៈ អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធានលេខាធិការដ្ឋាន បានដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាពវិនិយោគ នៅក្នុងតំបន់សេដ្ឋកិច្ច ពិសេស យូ ប៊ី អ៊ី ស្នួល ដោយមានការចូលរួមពីតំណាង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងរដ្ឋបាលខេត្ត និង មន្ទីរជំនាញពាក់ព័ន្ធ ។

ទីតាំងតំបន់សេដ្ឋកិច្ចពិសេសនេះ មានចំងាយប្រមាណ ៥ គ.ម. ពីច្រកអន្តរជាតិត្រពាំងស្រែ ដែលជាច្រកអន្តរ​ជាតិ​សំខាន់ និងជាយុទ្ធសាស្ត្រមួយ ក្នុងប្រព័ន្ធដឹកជញ្ជូន និងពាណិជ្ជកម្ម នៅក្នុងតំបន់ភូមិភាគឦសាន ។ ទុនវិនិយោគរបស់ក្រុមហ៊ុនអភិវឌ្ឍន៍មានទំហំ ២០០ លានដុល្លារអាម៉េរិក, ហើយគិតមកទល់បច្ចុប្បន្ន ទំហំ​ទុនវិនិយោគ ដែលបានបណ្តាក់ទុននៅតំបន់​សេដ្ឋកិច្ច​ពិសេសនេះ មានទំហំជិត ៦០០ លានដុល្លារអាម៉េរិក និងបានផ្តល់ការងារដល់កម្មករសរុបចំនួន ២០១៤ នាក់ ។

ការនាំចេញពីតំបន់សេដ្ឋកិច្ចពិសេសនេះ ក្នុងឆ្នាំ​២០២៤ មានទំហំ ៧៩,៦ លានដុល្លារអាមេរិក, គិត​ត្រឹម​រយៈពេល ១០ខែ ឆ្នាំ២០២៥ ការនាំចេញ​បាន​ហក់ឡើងដល់ជាង ១០០ លានដុល្លារអាម៉េរិក ដោយ​មានទីផ្សារនាំចេញសំខាន់ៗរួមមាន៖ សហរដ្ឋ​អាមេរិក ប្រេស៊ីល ចិន សហភាពអឺរ៉ុប តួកគី ម៉ិកស៊ិក រុស្សី អាហ្វ្រិកខាងត្បូង ឥណ្ឌា និង ឥណ្ឌូនេស៊ី ជាដើម ។

តំបន់សេដ្ឋកិច្ចពិសេសនេះ មានក្រុមហ៊ុនធំៗកំពុង​ដំណើរ​ការអាជីវកម្មចំនួន ៥ ៖ ១.ក្រុមហ៊ុន Newbustar (Cambodia) Tire Co.,Ltd. (ផលិតសំបកកង់យានយន្ត), ២. ក្រុមហ៊ុន HKZQ Energy and Technology Co.,Ltd. (ផលិតចំហាយទឹក និងខ្យល់ក្តៅ), ៣. ក្រុមហ៊ុន Firemax(Cambodia)Tires Co.,Ltd. (ផលិតសំបកកង់យានយន្ត), ៤. ក្រុមហ៊ុន Yaokun (Cambodia) Mold Co.,Ltd. (ផលិតពុម្ពសំបកកង់យានយន្ត), និង ៥. ក្រុមហ៊ុន Zhongqi Photovoltaic Technology (Cambodia)Co.,Ltd. (ផ្គុំ និងតម្លើងបន្ទះសូឡា) ។

ក្រុមការងារបានជួបពិភាក្សាដោយផ្ទាល់ជាមួយក្រុមហ៊ុនអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស និងបណ្តាក្រុមហ៊ុន ដែលកំពុងវិនិយោគ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ ដើម្បីស្វែងយល់អំពីស្ថានភាពទូទៅនៃការ វិនិយោគ និងបញ្ហាប្រឈម ដែលក្រុមហ៊ុនកំពុងជួបប្រទះ។ ក្រុមហ៊ុនទាំងនេះ បានយល់ដឹងពីវត្តមាន និងអត្ថប្រយោជន៍ពិសេសនានា ដែលវិនិយោគិនអាចទទួលបាន ពាក់ព័ន្ធនឹងការលើកទឹកចិត្ត និងការសម្រួលនីតិវិធីនានា ក្រោមវិសាលភាពនៃកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន (២០២៥-២០២៨) ជាពិសេសគឺលទ្ធភាពនៃការផ្តល់នូវដំណោះស្រាយជាកញ្ចប់ តាមរយៈយន្តការ «ច្រកចេញចូលតែមួយ» ។

តំណាងក្រុមហ៊ុនអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស បានសម្តែងឆន្ទៈក្នុងការជំរុញការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសនេះ ឱ្យក្លាយទៅជាបណ្តុំឧស្សាហកម្ម (industrial cluster) ផលិតសំបកកង់យានយន្ត ដោយខិតខំទាក់ទាញក្រុមហ៊ុន ព្រមទាំងឧស្សាហកម្មគាំទ្រនានា ជាពិសេសរោងចក្រកែច្នៃជ័រកៅស៊ូ ដែលនឹងប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ដើម្បីផ្គត់ផ្គង់ដល់ខ្សែច្រវាក់ផលិតកម្ម ។ ជាមួយនេះ, ក្រុមហ៊ុននឹងបន្តផ្សព្វផ្សាយអំពីសក្តានុពលវិនិយោគរបស់កម្ពុជា ព្រមទាំងខិតខំទាក់ទាញឧស្សាហកម្មយានយន្ត ឱ្យមកវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ ។

ឯកឧត្តមប្រធានលេខាធិការដ្ឋាន បានលើកឡើងអំពីការយកចិត្តទុកដាក់ខ្ពស់លើស្ថានភាពវិនិយោគក្នុងភូមិភាគឦសាន របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តីប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) ដែលជានិច្ចកាលតែងតែណែនាំឱ្យក្រុមការងារ ចុះជាប់ជាប្រចាំជាមួយវិនិយោគិន នៅទីតាំងវិនិយោគផ្ទាល់ ដើម្បីក្តាប់ឱ្យបាននូវសុខទុក្ខរបស់វិនិយោគិន និងចូលរួមផ្តល់ការគាំទ្រ សម្របសម្រួលគ្រប់បែបយ៉ាងដល់វិនិយោគិន ។

ការចុះពិនិត្យស្ថានភាពវិនិយោគ នៅទីតាំងវិនិយោគផ្ទាល់គឺជាសកម្មភាពដ៏សំខាន់មួយរបស់ ក.វ.ឦសាន លើទិដ្ឋភាពថែទាំវិនិយោគ ដើម្បីផ្តល់ភាពកក់ក្តៅដល់វិនិយោគិន ដែលមានស្រាប់ ប្រយោជន៍ដើម្បីលើកទឹកចិត្តវិនិយោគិនឱ្យបន្ត ឬពង្រីកបន្ថែមគម្រោងវិនិយោគរបស់ខ្លួន, ជំរុញវិនិយោគិនបង្កើនតម្លៃបន្ថែមនៃខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន ឆ្ពោះទៅរកឧស្សាហកម្មកែច្នៃ ដោយប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក, លើកទឹកចិត្តឱ្យមានការបណ្តុះបណ្តាល និងផ្ទេរជំនាញដល់កម្មករខ្មែរ, ក៏ដូចជាផ្សព្វផ្សាយបន្តនូវសក្តានុពល និងកាលានុវត្តភាពវិនិយោគនៃតំបន់ភូមិភាគឦសាន ។

គួរបញ្ជាក់ជូនថា «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០២៥-២០២៨» ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ក្រោមអធិបតីភាព សម្តេចធិបតីនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី ៩ ខែ មេសា ឆ្នាំ ២០២៥ ក្នុងគោលបំណងជំរុញការវិនិយោគលើវិស័យអាទិភាព ដូចជា វិស័យកសិកម្ម, កសិ-ឧស្សាហកម្ម និង វិស័យទេសចរណ៍ តាមរយៈការលើកទឹកចិត្តពិសេស ដែលមានវិសាលភាពនៅខេត្តភូមិភាគឦសាន ចំនួន ៤ គឺ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី ។

ជាមួយគ្នានេះ, វិនិយោគិន ដែលមានបំណងចង់ទទួលបាន «អត្ថប្រយោជន៍ពិសេស» អាចដាក់ពាក្យ ស្នើសុំ ឬ ស្វែងរកព័ត៌មានលម្អិត តាមរយៈការិយាល័យរបស់ ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន ដែលមានចំនួន ៥ទីតាំង៖ ទីតាំងទី១៖ ស្ថិតនៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច (BDC) ជាន់ទី ២១ សង្កាត់/ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលមានលេខទំនាក់ទំនង ០៧៦ ៣៦៥ ២៧៧៥/ ០៩៧ ២៥៦ ៧១៧៤, ទីតាំងទី២៖ ការិយាល័យស្ថិតនៅសាលាខេត្តក្រចេះ នៅខាងក្រោយសាលមហោស្រពក្រុងក្រចេះ ដែលមានលេខទំនាក់ទំនង ០៩៧ ២២ ០០ ៦៦៤, ទីតាំងទី៣៖ ការិយាល័យស្ថិតនៅសាលាខេត្តស្ទឹងត្រែង ដែលមានលេខទំនាក់ទំនង ០៩៧ ២២ ០០ ៦៦៣, ទីតាំងទី៤៖ ការិយាល័យស្ថិតនៅសាលាខេត្តមណ្ឌលគិរី ដែលមានលេខទំនាក់ទំនង ០៩៧ ២២ ១១ ៦៦៣, និងទីតាំងទី៥៖ ការិយាល័យស្ថិតនៅសាលាខេត្តរតនគិរី ដែលមានលេខទំនាក់ទំនង ០៩៧ ២២ ១១ ៦៣៤ ៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner