រុស្ស៊ីបញ្ចេញប្រតិកម្មនឹងលោក ត្រាំ ដែលចោទខ្លួនធ្វើតេស្តនុយក្លេអ៊ែរដោយសម្ងាត់
មូស្គូ ៖ ប្រទេសរុស្ស៊ី នៅថ្ងៃអង្គារ ប្រកាសបដិសេធ និងត្រៀមខ្លួនរួចជាស្រេច ដើម្បីដោះស្រាយជាមួយអាមេរិក ពាក់ព័ន្ធនឹងការចោទប្រកាន់ដោយគ្មានភស្តុតាងរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលថារុស្ស៊ីបានធ្វើតេស្តនុយក្លេអ៊ែរក្រោមដីដោយសម្ងាត់។
ការបញ្ចេញប្រតិកម្មរបស់រុស្ស៊ី កើតឡើងក្រោយលោកប្រធានាធិបតី ត្រាំ ចោទប្រកាន់ទាំងរុស្ស៊ី និងចិន ថាបានធ្វើតេស្តអាវុធនុយក្លេអ៊ែរដោយសម្ងាត់ នៅក្នុងបទសម្ភាសន៍មួយជាមួយប្រព័ន្ធផ្សព្វផ្សាយអាមេរិក CBS News កាលពីដើមខែនេះ។
ជាការឆ្លើយតប រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៅក្នុងបទសម្ភាសន៍មួយតាមកញ្ចក់ទូរទស្សន៍ថា រុស្ស៊ីបដិសេធការអះអាងរបស់លោប្រធានាធិបតី ត្រាំ ដែលថា ទីក្រុងមូស្គូលធ្វើតេស្តនុយក្លេអ៊ែរក្រោមដីដោយសម្ងាត់ ហើយរុស្ស៊ីត្រៀមខ្លួនរួចជាស្រេច ដើម្បីជជែកអំពីការសង្ស័យមួយនេះ។
លោកថា បើសិនចង់ដឹងច្បាស់ អាមេរិកខ្លួនឯងផ្ទាល់អាចត្រួតពិនិត្យថាតើរុស្ស៊ីបានធ្វើតេស្តនុយក្លេអ៊ែរក្រោមដីដោយសម្ងាត់ដែរឬអត់ តាមរយៈប្រព័ន្ធត្រួតពិនិត្យរញ្ជួយដីសកល។
យ៉ាងណាមិញ ប្រមុខការទូតកំពូលរុស្ស៊ីរូបនេះ ក៏បានអះអាងដែរថា ទីក្រុងមូស្គូនៅតែបើកចំហ សម្រាប់ជំនួបកំពូលរវាងលោកប្រធានាធិបតី ពូទីន និងលោកប្រធានាធិបតី ត្រាំ នាពេលអនាគត។
គួរបញ្ជាក់ថា ភាពតានតឹងបានកើនឡើងរវាងប្រទេសមហាអំណាចនុយក្លេអ៊ែរធំជាងគេទាំងពីររបស់ពិភពលោក បន្ទាប់ពីការប៉ន់ប៉ង់ស្វែងរកសន្តិភាពបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដែលផ្តួចផ្តើមឡើងដោយលោកប្រធានាធិបតី ដូណាល់ ត្រាំ បានបរាជ័យ។
ទន្ទឹមគ្នា រុស្ស៊ីក៏បានបញ្ចេញសព្វាវុធទំនើបៗបំផុត និងបានធ្វើតេស្តប្រព័ន្ធអាវុធដែលមានសមត្ថភាពវាយប្រហារនុយក្លេអ៊ែរ និងដំណើរការដោយថាមពលនុយក្លេអ៊ែររបស់ខ្លួន ហើយជាការឆ្លើយតបនោះ លោកប្រធាធិបតី ត្រាំ បានបញ្ជាឱ្យធ្វើតេស្តអាវុធប្រល័យឡើងវិញផងដែរ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា