ជើងឯកថ្នាក់ជាតិកីឡាវាយសីឆ្នាំ២០២៥ ដាក់បញ្ចូល កីឡា វាយសី វ័យក្មេង ក្នុងដំណើរឆ្ពោះទៅកីឡាយុវជន អាស៊ីឆ្នាំ២០៣១
(ភ្នំពេញ)៖ ការប្រកួតកីឡាវាសីជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៥ នឹងដំណើរការប្រកួតផ្លូវការរយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី១៤ ដល់ ១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីលានកីឡាវាយសីមរតកតេជោ រាជធានីភ្នំពេញ។
ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥នេះ មានការកើនឡើង ទាំងចំនួនក្លឹបនិងចំនួនកីឡាករកីឡាការិនី ដែលទាំង អស់នេះ បានបង្ហាញឱ្យឃើញថា វិស័យកីឡាវាយសី មានការផុសផុលខ្លាំង និងកំពុងតែអភិវឌ្ឍន៍ឈានទៅរក សក្កានុពល។
នេះបើយើងតាមការបញ្ជាក់ ពីសំណាក់ឯកឧត្តម កែវ រស់ អគ្គលេខាធិការ សហព័ន្ធកីឡាវាយសីកម្ពុជា ប្រាប់ទូរទស្សន៍AMS អប្សរា តាមបណ្តាញសង្គម តេឡេក្រាម នាព្រឹកថ្ងៃទី១២ ខែ វិច្ឆិកា ឆ្នាំ២០២៥ ។
ឯកឧត្តម អគ្គលេខាធិការ បានគូសបញ្ជាក់ថា ការប្រកួតកីឡាវាយសីជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៥នេះ មានក្លឹបចូលរួមចំនួន១៨ និងប្រតិភូ គ្រូបង្វឹក និងកីឡាករកីឡាការិនីចូលរួមសរុបចំនួន២៤៩នាក់ ក្នុងនោះកីឡាករកីឡាការិនីមានចំនួន២០៨នាក់។
ឯកឧត្តម អគ្គលេខាធិការ បានរំលេចទៀតថា ការប្រកួត នៅក្នុងឆ្នាំ២០២៥នេះ ការរៀបចំមានការខុសប្លែកពីឆ្នាំ កន្លងៗទៅ ពោលគឺយើងរៀបចំ មានវិញ្ញាសាប្រកួតជ្រើសរើសចម្រាញ់ឈុតធំ និងមានវិញ្ញាសាចម្រាញ់សម្រាប់កីឡាករកីឡាការិនីឈុតថ្នាល ដើម្បីត្រៀមខ្លួនក្នុងដំណើរឆ្ពោះទៅទទួលធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាយុវជនអាស៊ីក្នុងឆ្នាំ២០២៣១។
សូមបញ្ជាក់ថា ការប្រកួតកីឡាវាយសីជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៥នេះ ដំណើរការប្រកួតជាផ្លូវការចាប់ពីថ្ងៃទី១៤និងបញ្ចប់នៅថ្ងៃទី១៥ ខែ វិច្ឆិកា ឆ្នាំ២០២៥ ។ កីឡាករកីឡាការិនីដែលជាប់ជាម្ចាស់ជ័លាភីទាំងឈុតធំនិងឈុតថ្នាលនឹងត្រូវបានសហព័ន្ធកីឡាវាយសីកម្ពុជាចម្រាញ់ជ្រើសដើម្បីបញ្ចូលទៅក្នុងក្រុមជម្រើសជាតិ និងក្រុមជម្រើសជាតិថ្នាល តាមផែនការរបស់មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡានៃក្រសួងអប់រំយុវជន និងកីឡា៕







រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ