ពលរដ្ឋរស់នៅភូមិ១២ សង្កាត់ទន្លេបាសាក់ សង្ឃឹមថា ក្រោយអាជ្ញាធរស្ថាបនាប្រព័ន្ធលូថ្មីរួចរាល់ នឹងលែងមានការលិចទឹកនៅពេលភ្លៀងទៀតហើយ
(ភ្នំពេញ)៖ អាជ្ញាធរខណ្ឌចំការមន បើកការដ្ឋានស្ថាបនាប្រព័ន្ឋលូ គម្រោងអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០២៥ ប្រវែង ៣១៤ម៉ែត្រ និងផ្លូវបេតុង ក្នុងភូមិ១២ សង្កាត់ទន្លេបាសាក់ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមវត្តមានលោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន, លោក ខាត់ ណារិទ្ធ សង្កាត់ទន្លេបាសាក់ ខណៈប្រជាពលរដ្ឋ សង្ឃឹមថា ក្រោយអាជ្ញាធរ ស្ថាបនាប្រព័ន្ធលូថ្មីរួចរាល់ នឹងលែងមានការលិចទឹកនៅពេលភ្លៀងម្ដងៗ ។
លោកអភិបាលខណ្ឌ បានឱ្យដឹងថា នៅតំបន់នេះ ក្រោយពីដំណើរការដាក់ប្រព័ន្ឋលូរួចរាល់ នឹងលែងព្រួយបារម្ភ ពីបញ្ហាលិចលង់ដោយជំនន់ទឹកភ្លៀង ឬទឹកភ្លៀងហូរលិចដក់នៅលើផ្លូវ ឬលំនៅបងប្អូនរស់នៅសងខាងផ្លូវទៀតហើយ នារដូវវស្សា ។
ជាមួយគ្នានេះ លោកអភិបាលខណ្ឌ បានធ្វើការណែនាំអ្នកម៉ៅការ ទទួលស្ថាបនាដាក់ប្រព័ន្ធលូ ធ្វើយ៉ាងណា អនុវត្តគម្រោងឱ្យហើយរួចរាល់តាមផែនការ និងត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ធានាពីគុណភាពប្រើប្រាស់បានយូរ ។
លោកអភិបាលខណ្ឌ ក៏សូមឱ្យបងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមតាមដានការអនុវត្តន៍ការងាររបស់ក្រុមហ៊ុនទទួលការ ពីព្រោះបងប្អូន គឺជាអ្នកទទួលផលផ្ទាល់ពីគម្រោងនេះ បើឃើញការអនុវត្តន៍របស់ក្រុមហ៊ុន ខុសពីកិច្ចសន្យា ត្រូវរាយការណ៍ជូនលោកចៅសង្កាត់ ឬសាលាខណ្ឌ ដើម្បីចុះពិនិត្យ និងកែសម្រួលជាបន្ទាន់ ។
លោកអភិបាលខណ្ឌ ក៏សូមអធ្យាស្រ័យដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅសងខាងផ្លូវ ដែលត្រូវកាយដាក់ប្រព័ន្ធលូថ្មី និងចាក់បេតុងថ្មី ដោយមានដីភក ធ្វើឲ្យប៉ះពាល់ការរស់នៅ និងប្រកបរបរអាជីវកម្មផ្សេងៗ ដែលនេះ គ្រាន់ជាការរំខាន និងខាតពេលវេលាបន្តិច តែយើងនឹងមានផ្លូវស្អាត និងប្រព័ន្ធលូបង្ហូរទឹកបានល្អ កាត់បន្ថយការជនលិចនៅពេលមានភ្លៀងម្ដងៗ ។
លោក ខាត់ ណារិទ្ធ ចៅសង្កាត់ទន្លេបាសាក់ បានឱ្យដឹងថា ផ្លូវដែលបានបើកការដ្ឋានដាក់លូនាពេលនេះ មានប្រវែងប្រមាណជាង១០០ម៉ែត្រ ដោយបានស្ថាបនាតាំងឆ្នាំ២០០៥ ហើយនៅតំបន់នេះ ទឹកមិនលិចនោះទេ គ្រាន់តែទឹកហូរមិនទាន់ នៅពេលមានភ្លៀងធ្លាក់ខ្លាំង ។
លោក ឌីណា រស់ នៅភូមិ១២ សង្កាត់ទន្លេបាសាក់ បានឱ្យដឹងថា ផ្លូវបេតុងមួយខ្សែចូលទៅក្នុងភូមិ១២នេះ ស្ថាបនាយូរមកហើយ តាំងឆ្នាំ២០០៥ តែពេលដែលមានភ្លៀងម្ដងៗ តែងមានការជនលិច ហើយក្រោយពេលភ្លៀង ទឹកក៏ហូរស្រកទៅអស់ដែរ ។ លោកបានសង្ឃឹមថា ក្រោយពេលអាជ្ញាធរខណ្ឌចំការមន និងសង្កាត់ទន្លេបាសាក់ ស្ថាបនាប្រព័ន្ធលូថ្មីរួចរាល់ ការជនលិចនៅក្នុងភូមិ នឹងលែងមានទៀតហើយ ។
លោកក៏បានថ្លែងអំណរគុណដល់គណៈអភិបាលខណ្ឌចំការមនសង្កាត់ទន្លេបាសាក់ក៏ដូចជាលោកមេភូមិដែលតែងតែយកចិត្តទុកដាក់ចំពោះការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ៕








អត្ថបទ៖ វណ្ណលុក
រូប៖ សួង ពិសិដ្ឋ