មេធំហេសបូឡាថ្កោលទោសអាមេរិក ដែលដាក់សំពាធលីបង់
បេរូត ៖ មេដឹកនាំក្រុម ហេសបូឡា បានប្រកាសថ្កោលទោស ការដាក់សម្ពាធរបស់សហរដ្ឋអាមេរិក លើប្រទេសលីបង់។
លោក Naim Qassem បានត្អូញត្អែរ កាលពីថ្ងៃអង្គារថា ទីក្រុងវ៉ាស៊ីនតោនកំពុងព្យាយាមបង្ខំប្រទេសនេះ ឱ្យធ្វើសម្បទានដល់អ៊ីស្រាអែល ដោយមិនមានការសន្យា ផ្តល់ជាថ្នូរឡើយ។ រដ្ឋាភិបាល ក្រុងវ៉ាស៊ីនតោន កំពុងជំរុញឱ្យកាត់ផ្តាច់ ប្រភពមូលនិធិ របស់ហេសបូឡា ខណៈពេលដែលគេកំពុងដាក់សម្ពាធ លើរដ្ឋាភិបាលលីបង់ ឱ្យដកហូតអាវុធ របស់ក្រុមអ៊ិស្លាមនិយម ប្រដាប់អាវុធ។
ក្រុម ហេសបូឡា បានចុះខ្សោយយ៉ាងខ្លាំង នៅក្នុងសង្គ្រាមថ្មីបំផុតរបស់ខ្លួនជាមួយអ៊ីស្រាអែល ដែលបានបញ្ចប់ នៅក្នុងបទឈប់បាញ់ នៅខែវិច្ឆិកា ឆ្នាំ ២០២៤ ប៉ុន្តែ ការវាយប្រហាររបស់អ៊ីស្រាអែលបានបន្ត ក្នុងអត្រាទាបជាង។
លោក Qassem បាននិយាយ នៅលើកញ្ចក់ទូរទស្សន៍ al-Manar របស់ Hezbollah ថា “អាមេរិក… កំពុងដាក់សម្ពាធលើរដ្ឋាភិបាលឱ្យធ្វើសម្បទាន ដោយគ្មានការប្តេជ្ញាចិត្ត ឬ ការធានាទៅវិញទៅមក … និងចង់ផ្តល់ឱ្យអ៊ីស្រាអែល នូវការគ្រប់គ្រងដោយសេរី»។
គណៈប្រតិភូសហរដ្ឋអាមេរិក បានជួបជាមួយមន្ត្រីលីបង់ កាលពីថ្ងៃអាទិត្យ និងថ្ងៃច័ន្ទ បានជំរុញឱ្យពួកគេចាត់វិធានការដើម្បីបញ្ឈប់ការផ្តល់មូលនិធិរបស់អ៊ីរ៉ង់ ដល់ក្រុមហេសបូឡា។
មន្ត្រីលីបង់ម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់ AFP ថា គណៈប្រតិភូអាមេរិកបានបញ្ជូនសារ “ច្បាស់លាស់ និងរឹងមាំ” ស្តីពីតម្រូវការ ក្នុងការប្រយុទ្ធយ៉ាងសកម្ម ប្រឆាំងនឹងប្រភពមូលនិធិរបស់ Hezbollah ។
តែ ប្រមុខ ហេសបូឡា បាននិយាយជាថ្មី កាលពីថ្ងៃអង្គារថា “យើងនឹងមិនបោះបង់អាវុធរបស់យើង ដែលផ្តល់ឱ្យយើងនូវកម្លាំង និងការប្តេជ្ញាចិត្ត”៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត