លោក ត្រាំ ស្នើអ៊ីស្រាអែលលើកលែងទោសលោក ណេតាន់យ៉ាហ៊ូ ទាក់ទិនសំណុំរឿងពុករលួយ

វ៉ាស៊ីនតោន ៖ ការិយាល័យប្រធានាធិបតីអ៊ីស្រាអែល បាននិយាយនៅថ្ងៃពុធថា លោកប្រធានាធិបតី Isaac Herzog បានទទួលលិខិតពីមេដឹកនាំអាមេរិក លោក Donald Trump ដែលជំរុញឲ្យលោកពិចារណាលើកលែងទោសដល់លោកនាយករដ្ឋមន្រ្តី Benjamin Netanyahu។

មិនត្រឹមតែផុងខ្លួនក្នុងសំណុំរឿងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ពាក់ព័ន្ធសង្គ្រាមនៅតំបន់ហ្គាហ្សាប៉ុណ្ណោះទេ សព្វថ្ងៃ លោកនាយករដ្ឋមន្រ្តីអ៊ីស្រាអែល Netanyahu ក៏កំពុងប្រឈមជាមួយការកាត់ក្តីសំណុំរឿងពុករលួយយូរមកហើយដែរ។

ប៉ុន្តែលោកប្រធានាធិបតី Trump បានធ្វើការអំពាវនាវយ៉ាងទទូចម្តងហើយម្តងទៀត ឲ្យមានការលើកលែងទោសដល់សម្ព័ន្ធមិត្តជិតស្និទ្ធរបស់គាត់ គឺលោកនាយករដ្ឋមន្រ្តីអ៊ីស្រាអែល Netanyahu។

តួយ៉ាង អំឡុងដំណើរទស្សនកិច្ចរបស់លោក Trump នៅអ៊ីស្រាអែល កាលពីខែតុលា មេដឹកនាំអាមេរិករូបនេះក៏បានជំរុញឲ្យលោកប្រធានាធិបតី Herzog លើកលែងទោសដល់លោកនាយករដ្ឋមន្ត្រី Netanyahu នៅក្នុងសុន្ទរកថាទៅកាន់សភាក្នុងទីក្រុង Jerusalem ផងដែរ។

ពាក់ព័ន្ធការចោទប្រកាន់សំណុំរឿងពុករលួយ លោកនាយករដ្ឋមន្រ្តី Netanyahu នៅតែបន្តបដិសេធរាល់ការចោទប្រកាន់នានា ហើយបានផ្ដល់ចម្លើយសារភាពដដែលៗថា ខ្លួនគ្មានទោសកំហុសឡើយ។

សូមរម្លឹកថា នៅឆ្នាំ២០១៩ លោកនាយករដ្ឋមន្រ្តី Netanyahu បានរងការចោទប្រកាន់ក្នុងសំណុំរឿងចំនួន៣ រួមទាំងបទចោទដែលថា បានទទួលអំណោយជិត ២១០.០០០ដុល្លារពីពាណិជ្ជករ៕

ប្រភព ៖ The straits times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner