អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា ថ្កោលទោសអំពើ​ឈ្លាន​ពា​ន​គួរឱ្យស្អប់ខ្ពើម និងការរំលោភបំពានលើអធិបតេយ្យ​ភាព​កម្ពុជា ដោយប្រទេសថៃ

(ភ្នំពេញ)៖ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា បានចេញ​សេចក្តី​ថ្លែងការណ៍ថ្កោលទោសអំពើឈ្លាន​ពាន​គួរ​ឱ្យ​ស្អប់ខ្ពើម និងការរំលោភបំពានលើ អធិបតេយ្យភាព​កម្ពុជា ដោយប្រទេសថៃ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលបណ្តាលឱ្យពលរដ្ឋស្លូតត្រង់កម្ពុជា​ម្នាក់ស្លាប់ និង៣នាក់ផ្សេងទៀតរងរបួស។

ក្នុងសេចក្តីថ្លែងការណ៍ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា បានគូសបញ្ជាក់ថា ព្រឹទ្ធសភានៃព្រះរាជាណាចក្រ​កម្ពុជា សូមសម្តែងនូវការថ្កោលទោសយ៉ាងខ្លាំងក្លាបំផុត ចំពោះការវាយប្រហារយ៉ាងព្រៃផ្សៃពីសំណាក់កងកម្លាំងប្រដាប់អាវុធថៃ មកលើប្រជាពលរដ្ឋខ្មែរនៅ ភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥​។ ទង្វើដ៏ព្រៃផ្សៃយង់ឃ្នងនេះ ដែលបានធ្វើឱ្យពលរដ្ឋ​ម្នាក់​ស្លាប់ និងរងរបួស ៣នាក់ គឺជាការរំលោភ​បំពាន​យ៉ាងគឃ្លីនលើអធិបតេយ្យភាព និងបូរណភាពទឹកដី​កម្ពុជា ក៏ដូចជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើ​ច្បាប់​មនុស្សធម៌អន្តរជាតិ ធម្មនុញ្ញ អង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហ​ប្រតិបត្តិការនៅអាស៊ី អាគ្នេយ៍ (TAC)។

ហេតុការណ៍ដ៏សោកសង្រេងនេះបានកើតឡើង បើ​ទោះ​ជាមានសេចក្តីថ្លែងការណ៍រួម ដែល បានចុះហត្ថលេខា​នៅទីក្រុងកូឡាឡាំពួរ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលបញ្ជាក់ឡើងវិញនូវ ការប្តេជ្ញាចិត្ត​របស់​ប្រទេសទាំងពីរចំពោះសន្តិភាព និងការដោះស្រាយ​ជម្លោះ​ដោយសន្តិវិធី និងកិច្ចព្រម ព្រៀងដែលសម្រេច​បាននៅក្នុងកិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនទូទៅ(GBC) នៅខេត្តកោះកុង កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីអនុវត្តប្រតិបត្តិការបោសសម្អាតមីន​មនុស្សធម៌រួមគ្នាយ៉ាង ណាក៏ដោយ។ អំពើឈ្លាន​ពាន​របស់​ថៃនេះ គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើការទុកចិត្ត​គ្នាទៅវិញទៅមក និងជាការរំលោភបំពានដោយផ្ទាល់​ទៅលើយន្តការ ដែលបានបង្កើតឡើងសម្រាប់ការ​សន្ទនា និងកិច្ច សហប្រតិបត្តិការ ។

ជាការគួរឱ្យកត់សម្គាល់ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ថៃបានប្រឌិតការចោទប្រកាន់មិនពិត ជាបន្តបន្ទាប់ រួម​ទាំងការចោទប្រកាន់ពីបញ្ហាគ្រាប់មីន និងការគំរាម​កំ​ហែង​តាមព្រំដែននានា ដើម្បីជា លេសបង្ហាញពីភាព​ត្រឹម​ត្រូវនៃអាកប្បកិរិយាអរិភាពរបស់ខ្លួន ។

កម្ពុជាបដិសេធយ៉ាងដាច់អហង្ការចំពោះការអះអាងដែលគ្មានមូលដ្ឋានអស់ទាំងនេះ។ អ្នកនាំ ពាក្យសូម​សម្តែង​នូវ “ការសោកស្តាយយ៉ាងខ្លាំងដែលនៅក្នុង​ទំនាក់ទំនងរវាងប្រទេសជិតខាង ភាគីម្ខាង ហាក់ដើរ​តួជាតួសម្តែងផង និងជាអាជ្ញាកណ្តាលផង ជំនួសឱ្យការ​គោរព​គោលការណ៍សមភាព និងការ គោរពគ្នាទៅវិញ​ទៅមក»។

ថៃមិនត្រឹមតែបានប្រឌិតការចោទប្រកាន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបាន ដើរតួនាទីជាចៅក្រម ជាគណៈ​វិនិ​ច្ឆ័យ និងជាពេជ្ឈឃាតដោយខ្លួនឯង ដោយធ្វើការ​សម្រេ​ច​ចិត្តថាអ្នក ណាខុស និងអ្នកណាត្រូវ ជាឯកតោភាគី ។ ភាពក្រអឺតក្រទមបែបនេះមិនសាកសមទាល់តែសោះ នៅ ក្នុងទំនាក់ទំនងអន្តរជាតិ ដែលស្ថិតនៅក្រោម​គោល​ការណ៍ច្បាប់ កិច្ចសន្ទនា និងការគោរពគ្នាទៅវិញ ទៅ​មក​នោះទេ។

ចាប់តាំងពីបទឈប់បាញ់គ្នាចូលជាធរមាននៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ កម្ពុជាបានអនុវត្ត ការអត់ធ្មត់​ជា​អតិបរមា ដោយបានចៀសវាងមិនធ្វើការវាយបក បើ​ទោះ​ជាមានការញុះញង់បង្កហេតុជា ច្រើនលើកច្រើន​សារ​យ៉ាងណាក៏ដោយ ដោយគោរពយ៉ាងពេញលេញ​នូវគោលការណ៍សន្តិភាព និង ភាពជាអ្នកជិតខាងល្អ។ ទោះជាយ៉ាងណា កម្ពុជានឹងមិនធ្វើសម្បទានចំពោះ​អធិ​ប​តេយ្យ​ភាព ឬសេចក្តី ថ្លៃថ្នូររបស់ខ្លួនជាដាច់ខាត។

ព្រឹទ្ធសភាកម្ពុជាសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះសេចក្តីថ្លែងការណ៍របស់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុជា នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលបាន​ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើដ៏ព្រៃផ្សៃអស់ទាំងនោះ និងបញ្ជាក់ជាថ្មីនូវការប្តេជ្ញា ចិត្តដ៏មុតមាំ​របស់​កម្ពុជាចំពោះសន្តិភាព ស្ថិរភាពក្នុងតំបន់ និងការដោះ​ស្រាយវិវាទដោយសន្តិវិធី តាមរយៈ កិច្ចសន្ទនា និង​ច្បាប់​​អន្តរជាតិ។ ព្រឹទ្ធសភាប្រកាន់ជំហរឯកភាព​ជាធ្លុង​មួយយ៉ាងរឹងមាំជាមួយរាជរដ្ឋាភិបាល ក្នុងការការពារ​អធិបតេយ្យភាព បូរណភាពទឹកដី និងសុខសុវត្ថិភាព​របស់​ប្រជាពលរដ្ឋកម្ពុជា។

កម្ពុជាសូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេរបស់ខ្លួនចំពោះសន្តិភាព កិច្ចសន្ទនា និងនីតិរដ្ឋ ប៉ុន្តែសូមព្រ​មាន​ថា ការប៉ុនប៉ងបំផ្លាញសន្តិភាព ឬបង្កគ្រោះថ្នាក់​ណាមួយ​ដល់ប្រជាពលរដ្ឋកម្ពុជាស្លូតត្រង់ នឹងត្រូវ​ជួប​ប្រទះនូវការការពារអធិបតេយ្យភាពជាតិកម្ពុជាយ៉ាងម៉ឺងម៉ាត់និងខ្លាំងក្លាបំផុត ។

សន្តិភាពត្រូវតែការពារ ការពិតត្រូវតែលើកតម្កើង ហើយយុត្តិធម៌ត្រូវតែឈ្នះ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner