គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានឹងដាក់បណ្តឹងបន្ទាន់ទៅកាន់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR)និងស្ថាប័នសិទ្ធមនុស្សនានា ពីករណីទាហានថៃបាញ់ប្រហារយ៉ាងព្រៃផ្សៃមកលើពលរដ្ឋកម្ពុជា

(ភ្នំពេញ)៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានឱ្យ​ដឹង​ថា ក្រោយពីការវាយប្រហារដោយប្រដាប់អាវុធ កងយោធាថៃមកលើជន​ស៊ីវិលស្លូត​ត្រង់កម្ពុជា នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងទឹកដី​កម្ពុជា ស្ថិតក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តប​ន្ទាយ​មានជ័យ ដែលបានបណ្តាលឱ្យប្រជាជនកម្ពុជា ស្លាប់ និងរបួស។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា​នឹងដាក់បណ្តឹងបន្ទាន់ទៅកាន់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួល បន្ទុកសិទ្ធិមនុស្ស (OHCHR) និង​ស្ថាប័នសិទ្ធមនុស្សនានា រួមទាំងប្រធានអាស៊ានផងដែរ ។

ក្នុងសេចក្តីប្រកាសព័ត៌មាននៅយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបាន​បញ្ជាក់​ដែរថាការប្រព្រឹត្តអំពើដ៏សាហាវយង់ឃ្នង​មកលើ​ជនស៊ីវិលកម្ពុជា គឺជាការបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់ អន្តរ​ជាតិ រួមមានធម្មនុញ្ញអង្គការសហប្រជាជាតិ សេចក្តី​ប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស (UDHR) កតិកា​សញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (ICCPR) កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិ សេដ្ឋកិច្ច សង្គម និងវប្បធម៌ (ICESCR) និង អនុសញ្ញាប្រឆាំង​នឹងការធ្វើទារុណកម្ម (CAT) ព្រមទាំង បានបំពាន​សេចក្តី​ថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ រវាងប្រទេស​កម្ពុជា និងប្រទេសថៃ ដែលមាន ឯកឧត្តម Donald J. Trump ប្រធានាធិបតីសហរដ្ឋអាមេរិក និងឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលជាប្រធានអាស៊ាន បានធ្វើជាសាក្សី នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានបញ្ជាក់ឱ្យដឹងដែរថាដោយមើលឃើញពីការរំលោភសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រជាជនកម្ពុជាស្លូតត្រង់ គណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា បានរៀបចំ និងបានដាក់ញត្តិជា​បន្ទាន់​ទៅ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួល បន្ទុកសិទ្ធិមនុស្ស (OHCHR) នៅទីក្រុងហ្សឺណែវ ឧត្តម​ស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំតំបន់អាស៊ីអាគ្នេយ៍ នៅទីក្រុងបាងកក ស្ថាប័ន​សិទ្ធិមនុស្សជាតិឯករាជ្យក្នុងតំបន់អាស៊ាន ព្រមទាំង ប្រធានប្តូរវេន និងជាតំណាងប្រទេសម៉ាឡេស៊ីអាយឆា ផងដែរ ។

នៅក្នុងញត្តិបន្ទាន់នោះ គណៈកម្មាធិការសិទ្ធិមនុស្ស​កម្ពុជា​បានអំពាវនាវ និងលើកសំណើមួយចំនួន ដូច​ខាងក្រោម៖
-បញ្ឈប់រាល់សកម្មភាពអរិភាពយោធា និងធានា​សុវត្ថិភាព​របស់ជនស៊ីវិលកម្ពុជា។
-ធ្វើការស៊ើបអង្កេតដោយឯករាជ្យ មិនលម្អៀង និង​ដាក់ទោសចំពោះឧក្រិដ្ឋកម្មនេះ។
-ផ្តល់ការថែទាំព្យាបាលជាបន្ទាន់ និងសំណងដល់​ជនរងគ្រោះ និងគ្រួសារ ។
-ពង្រឹងវិធានការបង្ការ និងអនុវត្តឱ្យបានពេញលេញ​នូវខ្លឹមសារកិច្ចព្រមព្រៀងនៃសេចក្តីថ្លែង ការណ៍រួមទី​ក្រុង​គូឡាឡាំពួ។
-លើកបញ្ហានេះនៅចំពោះមុខក្រុមប្រឹក្សាសិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ ឬនីតិវិធីពិសេស ពាក់ព័ន្ធនានា។
-ចាត់តាំងឱ្យមានបេសកកម្មស្វែងរកការពិតរបស់​អង្គការសហប្រជាជាតិ ដើម្បីវាយតម្លៃស្ថានភាព និងទប់ស្កាត់ការកើតឡើងវិញ។
-ឱ្យប្រទេសថៃដោះលែង និងធ្វើមាតុភូមិនិវត្តន៍កងទ័ព​កម្ពុជាទាំង១៨នាក់ ជាបន្ទាន់និង គ្មានលក្ខខណ្ឌ។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាក៏បានបញ្ជាក់ពីជំហររបស់ប្រទេសកម្ពុជា ក្នុងការប្រកាន់ខ្ជាប់នូវគោលការណ៍​ច្បាប់ សិទ្ធិមនុស្សអន្តរជាតិ និងអំពាវនាវដល់សហគមន៍​អន្តរជាតិឱ្យប្រទេសថៃ ទទួលខុសត្រូវទាំងស្រុង និង​ចាត់ វិធានការជាបន្ទាន់ ដើម្បីធានាយុត្តិធម៌ជូន​ជនរង​គ្រោះ និងការការពារជនស៊ីវិលទាំងអស់នៅតាមព្រំដែន កម្ពុជា-ថៃ ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner