មជ្ឈដ្ឋាននានាទាំងក្នុងប្រទេសកម្ពុជា និងក្រៅប្រទេស​ចេញប្រតិកម្មថ្កោលទោសអំពើយង់ឃ្នងរបស់យោធាថៃដែលបាញ់ប្រហារមកលើពលរដ្ឋកម្ពុជាស្លូតត្រង់

(ភ្នំពេញ)៖ ដោយសារអំពើយង់ឃ្នងពីសំណាក់កងទ័ពថៃ​ដែលបានធ្វើការបាញ់ប្រហារមកលើប្រជាពលរដ្ឋស្លូតត្រង់កម្ពុជាដែលកំពុងរស់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២៥កន្លងមកបានធ្វើឱ្យតាមស្ថាប័នក្រសួង មន្ទីរ ប្រជាពលរដ្ឋ នៅក្នុងប្រទេសកម្ពុជា ហើយក្រៅពីនេះ​ក៏មានបណ្តាសារព័ត៌មានអន្តរជាតិ ព្រមទាំងប្រទេសមួយ​ចំនួនថែមទៀតបានធ្វើការថ្កោលទោសប្រទេសថៃយ៉ាងខ្លាំងក្លាបំផុតពីទង្វើឃោឃៅមិនគោរពសិទ្ធមនុស្សសូម្បីតែបន្តិចរបស់ប្រទេសមួយនេះ។

គួរបញ្ជាក់ថា ជុំវិញបញ្ហាយោធាថៃបានបាញ់ប្រហារមក​លើ​ពល​រដ្ឋ​ខ្មែរស្លូតត្រង់នេះក្រសួងការពារជាតិឱ្យដឹងថា​មានពលរដ្ឋកម្ពុជាបាត់បង់ជីវិតនៅនឹងកន្លែង១នាក់ ចំណែក៣ នាក់ផ្សេងទៀតរងរបួស ធ្ងន់ ស្រាល។

ប្រភពពីក្រសួងការពារជាតិកម្ពុជាបានឱ្យដឹងដែរថាករណីយោធាថៃបើក ការបាញ់ប្រហារយ៉ាងព្រៃផ្សៃមកលើ​ប្រជា​ពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជានៅភូមិព្រៃចាន់នេះមាន២លើក ក្នុងនេះវេលាម៉ោង ១៥:៥០នាទី និង វេលាម៉ោង ១៧:៥៤ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២៥។

ក្រោយឧប្បត្តិហេតុដ៏ឃោឃៅដែលបង្ករឡើងដោយយោធាថៃនេះគេឃើញមានប្រតិកម្មជាច្រើនកើតចេញទាំងក្នុង និងក្រៅប្រទេស ដោយបានធ្វើការថ្កោលទោសឱ្យថៃ​ទទួលខុសត្រូវ និងបញ្ឈប់ជាបន្ទាន់នូវអំពើព្រៃផ្សៃ​សម្លាប់​ប្រជាពលរដ្ឋកម្ពុជាស្លូតត្រង់។

សម្រាប់ប្រតិកម្មនូវទង្វើរយង់ឃ្នងពីសំណាក់យោធាថៃទាំងនេះមានដូចជា៖ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា បាន​ចេញ​សេចក្តីថ្លែងការណ៍ថ្កោលទោសអំពើឈ្លាន​ពាន​គួរឱ្យស្អប់ខ្ពើម និងការរំលោភបំពានលើ អធិបតេយ្យភាព​កម្ពុជា ដោយប្រទេសថៃ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលបណ្តាលឱ្យពលរដ្ឋស្លូតត្រង់កម្ពុជា​ម្នាក់ស្លាប់ និង៣នាក់ផ្សេងទៀតរងរបួស។ក្រៅពីនេះ​ក៏មាន​រដ្ឋសភា​កម្ពុជា ,ក្រសួងការបរទេសកម្ពុជា ,អ្នកនាំ​ពាក្យ​រាជរដ្ឋាភិបាលកម្ពុជា ,ក្រសួងការពារជាតិកម្ពុជា​ជាដើម។ក្រៅពីនេះក៏មានក្រសួង មន្ទីរ សហភាព​សហ​ព័ន្ធ​យុវជនកម្ពុជា ក៏បានចេញមកប្រកាសថ្កោលទោស​ព្រមៗគ្នាពីសំណាក់កងទ័ពថៃនេះដូចគ្នា។

ដោយឡែកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាក៏បានប្រកាសភ្លាមៗថានឹងដាក់បណ្តឹងទៅកាន់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួល បន្ទុកសិទ្ធិមនុស្ស (OHCHR) និងស្ថាប័នសិទ្ធមនុស្សនានាបន្ទាប់ពីទាហានថៃបាញ់ប្រហារយ៉ាងព្រៃផ្សៃមកលើពលរដ្ឋកម្ពុជាផងដែរ។

ក្រៅពីនេះក៏មានប្រតិកម្មថ្កោលទោសពីក្រៅប្រទេសផងដែរដូចជា៖ថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃក្រុមការ​ងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា ប្រចាំរដ្ឋវ៉ាស៊ីងតោន តំបន់ឆ្នេរខាងលិច នៅ​សហរដ្ឋ​អាមេរិកបានប្រកាសថ្កោលទោសយ៉ាងដាច់​អហង្ការ ចំពោះការប្រើប្រាស់អំពើហិង្សារបស់ភាគីថៃ ដែលទាហានថៃបានបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់របស់កម្ពុជា។ ព្រមជាមួយគ្នានេះ​បណ្តា​ញ​សារព័ត៌មានអន្តរជាតិល្បីៗចុះផ្សាយពីទាហាន​ថៃ​សម្លា​ប់​ពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជានេះយ៉ាងព្រោងព្រាតក្នុងការថ្កោលទោសអំពើយង់ឃ្នងពីសំណាក់កងទ័ពថៃ។

ជាងនេះទៅទៀតព្រឹកថ្ងៃ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវេលាម៉ោង០៧:៥៨ ក្រុមការងារសម្របសម្រួល​អ្នកសង្កេតការណ៍របស់ក្រសួងការពារជាតិ នៃ​ព្រះរាជា​ណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នក​សង្កេត​ការណ៍អាស៊ាន (AOT) បានមកដល់មន្ទីរពេទ្យកម្ពុជា-ជប៉ុនមង្គលបុរី ដើម្បីពិនិត្យប្រជាជនស៊ីវិលកម្ពុជា​ដែល​ត្រូវបានរងរបួសដោយសារការបាញ់ប្រហារ របស់​យោ​ធាថៃ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្ត​បន្ទាយមានជ័យ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ម្សិលមិញនេះ។

គួររំលឹកផងដែរថា កាលពីម្សិលមិញនេះ យោធាថៃបាន​បើកការ​បាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជា ចំនួនពីរលើកគឺ៖ លើកទីមួយ នៅវេលាម៉ោងប្រមាណ ១៥:៥០នាទី និងលើកទីពីរនៅវេលាម៉ោង ១៧:៥៤នាទី​ល្ងាច និងបានបង្កឱ្យប្រជាជនស៊ីវិល​កម្ពុជា​រងរបួស​សរុប​ចំនួន ០៣នាក់ និងបាត់បង់​ជីវិត​ចំនួន ០១នាក់។ ប្រជា​ជនស៊ីវិលរងរបួសទាំង៣រូប ដែល​រងការបាញ់ប្រហារ​ពីសំណាក់ យោធាថៃ កំពុង​សម្រាកព្យា​បាល​នៅ​មន្ទីរ​ពេទ្យមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី ខេត្តបន្ទាយ​មាន​ជ័យ ក្រោមការយកចិត្តទុក​ដាក់​បំផុតពី ក្រុមគ្រពេទ្យ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner