ក្រសួងសុខាភិបាលប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «យុទ្ធសាស្ត្រជាតិ ស្តីពីសុខភាពបន្តពូជ និងសិទ្ធឆ្នាំ ២០២៥-២០៣០»

(ភ្នំពេញ)៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រ​សួង​សុខាភិបាល នាព្រឹកថ្ងៃពុធ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញ ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ​នូវ «យុទ្ធសាស្ត្រជាតិ ស្តីពីសុខភាពបន្តពូជ និងសិទ្ធឆ្នាំ ២០២៥-២០៣ និងនិយាមបែបទប្រតិបត្តិ សម្រាប់​បង្ការការចម្លងមេរោគអេដស៍ ស្វាយ និងរលាកថ្លើម ប្រភេទបេ ពីម្តាយទៅកូនក្នុងសេវាឯកជន»។

ពិធីនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង លោក លោកស្រីតំណាងអង្គការ​សុខ​ភាពពិភពលោក សាកលវិទ្យាល័យ, UNFPA និងវិស័យ​ឯកជន សរុប២៤៥នាក់ ព្រមទាំងតាមប្រព័ន្ធ Zoom នូវមន្ទីរពេទ្យបង្អែកស្រុក ខេត្ត , ប្រធានផ្នែកប្រពោធន​កម្ម​, ផ្នែកថែទាំទារក, ជំងឺកុមារ, ផ្នែកសម្ពព និង​មណ្ឌលសុខភាព វិស័យឯកជន សរុបចំនួន ១៧៧០នាក់។

យុទ្ធសាស្ត្រជាតិស្តីពីសុខភាពផ្លូវភេទ និងបន្តពូជ និង​សិទ្ធនៅកម្ពុជា ២០២៥-២០៣០ គឺជាយុទ្ធសាស្ត្រ​ទី៤ ដែលក្រសួងសុខាភិបាលរៀបចំ ឡើងដោយហ្មត់ចត់ និងគ្រប់ជ្រុងជ្រោយផ្នែកលើទិន្នន័យច្បាស់លាស់របស់ប្រទេសកម្ពុជា និងស្ថាប័នអន្តរជាតិនានា ដូចជា WHO និងUNFPA។ ដើម្បីជំរុញឱ្យបានវឌ្ឍនភាពកាន់តែ​ប្រ​សើរ​ឡើង សុខភាពផ្លូវភេទ បន្តពូជ និងសិទ្ធិ និងបង្ការ​ការឆ្លងរាលដាលនៃជំងឺឆ្លង តាមរយៈការអនុវត្ត​យុទ្ធ​សាស្ត្រជាតិ សម្រាប់សុខភាពបន្តពូជ សុខភាពផ្លូវ​ភេទ​នេះ បានចូលរួមចំណែកធ្វើឱ្យកាន់តែប្រសើរឡើង នូវ​ស្ថានភាពសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិ និង​សុខភាពមាតា ទារក និងកុមារជាបន្តបន្ទាប់។

ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ឈាង រ៉ា បានផ្តល់អនុសាសន៍គន្លឹះសំខាន់ៗ យុទ្ធសាស្ត្រជាតិ​នេះ នឹងឆ្ពោះទៅរកការអនុវត្តដោយផ្តោតលើ វិធីសាស្ត្រ​ផ្អែក​លើសិទ្ធិ និងយេនឌ័រ ដើម្បីធានាថា គ្មាននរណាម្នាក់​ត្រូវបានទុកចោល ដោយធានានូវ “សិទ្ធិ និងជម្រើស” តាម​រយៈអាទិភាពយុទ្ធសាស្ត្រចំនួន ៩ ដែលយុទ្ធសាស្រ្ត​នេះ​បានកំណត់ឡើងរួមមាន ៖
១. កែលម្អភាពភាពប្រសើរឡើង ប្រកបដោយ ប្រសិទ្ធភាព សុវត្ថិភាព និងផ្តោតលើការថែទាំអ្នកជំងឺ។
២. ជំរុញធនធានមនុស្សសុខាភិបាល ដែលស័ក្តិសមនឹងតម្រូវការ ត្រូវចូលរួមធ្វើឱ្យមានគុណភាព ប្រសិទ្ធភាព និងក្រមសីលធម៌វិជ្ជាជីវៈ។
៣. ពង្រឹងប្រព័ន្ធបញ្ជូនដែលត្រឹមត្រូវ រឹងមាំល្អ និងទាន់ពេលវេលា ដើម្បីធានាបាននូវការបម្រើសេវាប្រកបដោយគុណភាព។
៤. ដោះស្រាយបញ្ហាទំនៀមទម្លាប់ យេនឌ័រ គោលនយោបាយ និងការអនុវត្តសង្គម ដែលគ្រោះថ្នាក់ តាមរយៈការពង្រឹងការគ្រប់គ្រង រដ្ឋបាល និង។
៥. ភាពជាម្ចាស់ក្នុងសហគមន៍ ដោយមានការចូលរួមជាមួយប្រព័ន្ធសុខាភិបាល និងការឆ្លើយតបទៅនឹងតម្រូវការ ដើម្បីពង្រឹងការផ្គត់ផ្គង់ និងតម្រូវការសុខភាពបន្តពូជ សុខភាពផ្លូវភេទ និងសិទ្ធិ។
៦. លុបបំបាត់របាំងហិរញ្ញវត្ថុ ក្នុងការចូលទៅដល់សេវាថែទាំសុខភាព ឆ្ពោះទៅរកការសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល (UHC)។
៧. កែលម្អភាពអាចរកបាននៃឱសថបរិក្ខារ និងបច្ចេកវិទ្យាវេជ្ជសាស្ត្រ។
៨. លើកកម្ពស់ និងពង្រឹងទិន្នន័យសម្រាប់ការស្រាវជ្រាវ នវានុវត្តន៌ ការតាមដានត្រួតពិនិត្យ និងការរៀនសូត្រ។
៩. លើកកម្ពស់អភិបាលកិច្ច ប្រកបដោយបរិយាបន្នការគ្រប់គ្រងដោយរួមបញ្ចូល និងពង្រឹងភាពជាដៃគូ៕

ដោយ ៖ ហេង សម្បត្តិ+ ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner