មន្រ្តីរាជការ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ចេញញត្តិថ្កោលទោស ចំពោះការប្រើប្រាស់អំពើហិង្សា​ដោយប្រដាប់អាវុធរបស់យោធាថៃ

(ភ្នំពេញ)៖ យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និង មន្រ្តី​រាជ​ការនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​សូម​ធ្វើ​ការប្រកាសថ្កោលទោសយ៉ាងម៉ឺងម៉ាត់បំផុតចំពោះការប្រើប្រាស់អំពើហិង្សាដោយប្រដាប់អាវុធ ដែលបង្កឡើង​ដោយកងកម្លាំងប្រដាប់អាវុធថៃ កាលពីល្ងាច ថ្ងៃទី១២ ខែវិចិ្ឆកា ឆ្នាំ២០២៥ មកលើប្រជាពលរដ្ឋស៊ីវិលស្លូត​ត្រង់​របស់កម្ពុជា នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយបណ្តាលឱ្យពលរដ្ឋ ១រូប បាត់បង់ជីវិត និង ៣រូបទៀត រងរបួស។

ទង្វើអមនុស្សធម៌បែបនេះ គឺជាការរំលោភបំពានយ៉ាង​គឃ្លើន​លើអធិបតេយ្យភាពនិងបូរណភាពទឹកដីកម្ពុជា ក៏ដូចជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអា​ស៊ាន និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ​នៅអាស៊ីអាគ្នេយ៍ (TAC) ជាពិសេសថែមទាំងប្រព្រឹត្តផ្ទុយ​ពីសេចក្តីថ្លែងការណ៍រួម ស្តីពី កិច្ចព្រមព្រៀងសន្តិភាព ដែលនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង​នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រថៃឡង់ដ៏ បានចុះ​ហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ថ្មីកន្លងទៅនេះ ក៏ដូចជាការឯកភាពគ្នាកន្លងមកក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងការឯកភាពឱ្យយន្តការ​គណៈ​កម្ម​ការ​ចម្រុះព្រំដែន (JBC) ចុះវាស់វែង និងបោះ​បង្គោល​បណ្តោះអាសន្ន និងត្រូវរក្សាស្ថានភាពដើម ដដែលរហូត​ដល់ការវាស់វែងត្រូវបានបញ្ចប់ និងរង់ចាំការសម្រេច​ដោយ JBC ស្របពេលដែលកម្ពុជាគោរពយ៉ាង​ពេញ​លេញ​នូវគោលការណ៍សន្តិភាព និងភាពជាអ្នកជិតខាង​ល្អ​។

ជាមួយគ្នានេះ យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែក​មរណ​ទុក្ខជាមួយក្រុមគ្រួសារនៃសព និងសូមអំពាវនាវ​ឱ្យមានការចូលរួមពីភាគីបរទេស ដើម្បីបើកការស៊ើប​អង្កេតដោយឯករាជ្យ ក្នុងន័យស្វែងរកការពិត ការទទួល​ខុសត្រូវ និងផ្តល់យុត្តិធម៌ជូនប្រជាពលរដ្ឋដែល​រងគ្រោះ​ដោយសារការប្រើប្រាស់អំពើហិង្សាដោយប្រដាប់អាវុធនេះ។

ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា ជឿជាក់និងគាំទ្រយ៉ាង​ពេញ​ទំហឹងចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួង ស្ថាប័ន រដ្ឋបាលខេត្តពាក់ព័ន្ធ ជាពិសេសកងកម្លាំងប្រដាប់អាវុធ​របស់យើង ទាំងលើសមរភូមិយោធា និងសមរភូមិការទូត ដែលបាននិងកំពុងធ្វើការយ៉ាងសកម្មប្រកបដោយឆន្ទៈមោះមុត មនសិការស្នេហាជាតិ និងសូមគាំទ្រផ្តល់កម្លាំង​ចិត្ត​ដល់វីរកងទ័ពខ្មែរនៅសមរភូមិជួរមុខ​ដែលបាន​និង​កំពុងពុះពារយ៉ាងអង់អាចក្លាហានឥតរួញរា ក្នុងបុព្វហេតុ​ការ​ពារអធិបតេយ្យជាតិនិងបូរណភាពទឹកដី ប្រជាជន ថែ​រក្សាសន្តិភាព និងឧត្តមប្រយោជន៍របស់កម្ពុជា ទោះក្នុង​តម្លៃ​ណាក៏ដោយ ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner