ពលរដ្ឋនៅខណ្ឌជ្រោយចង្វារ ស្នើឱ្យអាជ្ញាធរជួយអន្តរាគមន៍ ដោះស្រាយ ការបង្ករសំឡេងរំខាន ដោយការចាក់ធុងបាស់
(ភ្នំពេញ)៖ វេទិការសាធារណៈ នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ នៅផ្សាររុងរឿង សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ មានប្រជាពលរដ្ឋជាច្រើនបានចូលរួម ក្នុងនោះពលរដ្ឋម្នាក់ ស្នើឱ្យជួយអន្តរាគមន៍ ដោះស្រាយ ការបង្កសំឡេងរំខាន ដោយការចាក់ធុងបាស់ ពីសំណាក់ អ្នកជីវករ លក់ដូរភេសជ្ជៈពេលរាត្រី និងម្នាក់ទៀត ស្នើសុំជួសជុលផ្លូវមួយខ្សែ ក្នុងសង្កាត់ព្រែកតាសេក ។
ចំពោះសំណូមពរ និងសំណើររបស់ពលរដ្ឋទាំងពីរខាងលើ ត្រូវបាន លោក ឃ្លាំង ហួត អភិបាលរង រាជធានីភ្នំពេញ ឆ្លើយតបជូនភ្លាមៗ ដោយបានណែនាំឱ្យអាជ្ញាធរ ចុះទៅអប់រំ និងមិនត្រូវឱ្យមានការរំខានបែបនេះឡើយ ហើយអាជីវករលក់ដូរ ក៏ត្រូវប្រកបរបររកស៊ីដោយក្រមសីលធម៌ និងការទទួលខុសត្រូវខ្ពស់ ដោយឡែកអាជ្ញាធរ ចុះអប់រំ ក្នុងនាមជាអាណាព្យាបាល របស់ពលរដ្ឋក្នុងមូលដ្ឋាន ក៏មិនត្រូវប្រើប្រាស់កម្លាំង ឬទង្វើមិនគប្បីណាមួយលើអាជីវកនោះដែរ ។
លោក អភិបាលរង បានបញ្ជាក់ថា ចំណែកផ្លូវមួយខ្សែខាងលើនោះ ស្ថិតក្នុងគម្រោងរបស់ក្រុមហ៊ុនឯកជន ហើយ ឯកឧត្តម សន្យាជំរុញដល់ក្រុមហ៊ុនឯកជន ឱ្យមានវិធានការ ឱ្យបានឆាប់តាមដែលអាចទៅបាន ដើម្បីបម្រើឱ្យផលប្រយោជន៍ជូនប្រជាជន ។
ឯកឧត្តម ជួប ខុន សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ បានលើកឡើងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នាថ្ងៃនេះ នឹងផ្តល់ជូនដល់ប្រជាពលរដ្ឋ ក្នុងការចូលរួមដំណើរការអភិបាលកិច្ចល្អ និងជាឧបករណ៍មួយសម្រាប់លើកកម្ពស់ គណនេយ្យភាព តម្លាភាព ក្នុងដំណើរការពិនិត្យមើល លើការផ្តល់សេវាសាធារណៈ របស់រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ រដ្ឋបាលសង្កាត់ ។
គួរបញ្ជាក់ដែរថា ៖ វេទិការសាធារណៈនេះបានរកឃើញនូវបញ្ហាសំខាន់ៗជាអាទិភាព សម្រាប់ឱ្យរដ្ឋបាលរាជធានីភ្នំពេញ យកទៅធ្វើការពិចារណា កែលម្អ ក្នុងការអនុវត្តសកម្មភាពរបស់ខ្លួន ដើម្បីលើកកម្ពស់គុណភាព នៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ជាពិសេស ប្រជាពលរដ្ឋក្រីក្រក្នុងមូលដ្ឋានសង្កាត់ ខណ្ឌរបស់ខ្លួនឱ្យកាន់តែមានភាពល្អប្រសើរ ៕






ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ