ធុរកិច្ចថ្មីឌីជីថលកម្ពុជា លើកដំបូង បង្ហាញវត្តមាននៅ Harvard Angels SEA
(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) សូមបង្ហាញពីសមិទ្ធផលនៃការងារគាំទ្រធុរកិច្ចថ្មីឌីជីថល និងចូលរួមអបអរសាទរ Bamnang Academy ដែលត្រូវបានជ្រើសរើសឱ្យបង្ហាញពីសក្ដានុពលធុរកិច្ចនៅ Harvard Angels Southeast Asia ។ Bamnang ត្រូវបានជ្រើសរើសក្នុងចំណោមធុរកិច្ចថ្មីជាង ៦០ មកពីទូទាំងពិភពលោក ដែលនេះបង្ហាញពីសក្តានុពលខ្លាំងរបស់វិស័យបច្ចេកវិទ្យាឌីជីថលកម្ពុជា និងការឆ្លើយតបទៅនឹងការគាំទ្រដោយ ក.ប.ទ.។
បន្ថែមលើសពីនេះ Bamnang ក៏បានសហការជាមួយ Institute of Innovation and Entrepreneurship នៃ Singapore Management University (SMU) ដែលជាមជ្ឈមណ្ឌលបង្កើតធុរកិច្ចថ្មី ឈានមុខគេក្នុងតំបន់។ ភាគីទាំងពីរគ្រោងនឹងមានកិច្ចសហការដ៏សំខាន់ជាច្រើន រួមមាន កម្មវិធីដោះដូរកម្មសិក្សា (Internship Exchange) សម្រាប់និស្សិតជំនាញបច្ចេកវិទ្យាឌីជីថលកម្ពុជាទៅហាត់ការនៅសិង្ហបុរី និងនិស្សិតអន្តរជាតិមកហាត់ការនៅក្នុងប្រទេសកម្ពុជា។ ក្រៅពីនេះ ក៏នឹងមាន កម្មវិធីទស្សនកិច្ចផ្លាស់ប្តូរ ទៅកាន់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗនៅសិង្ហបុរី និងការគាំទ្របណ្តាញវិនិយោគ ដែល SMU នឹងជួយតភ្ជាប់ Bamnang ជាមួយ VC និង Angel Investors ផងដែរ។
សមិទ្ធផលរបស់ Bamnang ក្នុង Harvard Angels SEA និងកិច្ចសហការជាមួយ SMU គឺជាភស្តុតាងបង្ហាញពីផ្លែផ្កានៃការគាំទ្ររបស់ ក.ប.ទ. បានជំរុញបន្ថែមដល់ធុរកិច្ចថ្មីឌីជីថលកម្ពុជាឱ្យមានសមត្ថភាពប្រកួតប្រជែងលើឆាកសកល។ ក្រសួងនឹងបន្តប្តេជ្ញាគាំទ្រ និងពង្រឹងធុរកិច្ចថ្មីឌីជីថល និងបង្កើតឱកាសសិក្សា ការងារ និងធុរកិច្ចសម្រាប់យុវជនកម្ពុជាឱ្យបានច្រេីនបន្ថែមទៀត។
Bamnang Academy ត្រូវបានបង្កើតដោយ អតីត និស្សិត ៣នាក់ ដែលរៀននៅសាកលវិទ្យាល័យ អាមេរិកាំងភ្នំពេញ និងនៅសហរដ្ឋអាមេរិក៕
ដោយ៖ង៉ាន់ ទិត្យ



