ក្រសួងសុខាភិបាល និង ធនាគារពិភពលោក បន្តលើក​កម្ពស់​​គុណភាពសេវាសុខាភិបាល នៅកម្ពុជា

(ភ្នំពេញ)៖ ធនាគារពិភពលោក បានសហការគាំទ្រ​ក្រ​សួង​សុខា​ភិបាលទាំងបច្ចេកទេស និងហិរញ្ញវត្ថុ ក្នុងការ​ងារលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ជាពិ​សេសចំពោះគម្រោងអាហារូបត្ថម្ភ (Cambodian Nutrition Project-CNP) គម្រោងពង្រឹងប្រព័ន្ធអប់រំ​មុនពេលបម្រើការងារសម្រាប់មន្រ្តីសុខាភិបាល គម្រោង​លើកកម្ពស់សមធម៌សុខភាព និងគុណភាព ដំណាក់​កាល​ទី២ និងគម្រោងឆ្លើយតបគ្រោះអាសន្នកូវីដ-១៩។

នេះជាប្រសាសន៍ថ្លែងអំណរគុណ របស់ ឯកឧត្តម​សាស្ត្រា​​ចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ខណៈ​ជួបពិភាក្សាការងារ ជាមួយ លោកស្រី Mariam Sherman នាយកប្រចាំប្រទេសកម្ពុជា ឡាវ និងវៀត​ណាម នៃធនាគារពិភពលោក និងក្រុមការងារ អំពីផែន​ការគ្របដណ្តប់សុខភាពជាសកល ការបណ្តុះបណ្តាល​ផ្នែក​វេជ្ជសាស្ត្រ អាហារូបត្ថម្ភ សុខភាពមាតានិងទារក និងអាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការបន្ត នាព្រឹក​ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ។

ក្នុងនាមក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បានសំណូមពរ ឱ្យអ្នកជំនាញការ និងអ្នក​បច្ចេក​ទេសរបស់ធនាគារពិភពលោក សហការ និង​បន្តពិភាក្សាឱ្យបានជិតស្និតជាមួយ គណៈគ្រប់គ្រង​គម្រោងនីមួយៗ ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាព និងធ្វើយ៉ាងណា ដើម្បីឱ្យសម្រេចបាននូវសូចនាករ ដែលបានកែសម្រួល។ ហើយគម្រោងខាងលើ គឺពិតជា​មានសារៈសំខាន់ ដើម្បីចូលរួមចំណែក ក្នុងការសម្រេច​ឱ្យបាននូវផែនការយុទ្ធសាស្ត្រសុខាភិបាល ក៏ដូចជា​ចំណុច​ជាអាទិភាពសុខាភិបាល ដើម្បីឈានទៅ​រកការ​សម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្រប​តាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាល​កម្ពុជា ។

លោកស្រី Mariam Sherman បានជម្រាបជូនថា ក្នុង​រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការគាំទ្រ​របស់​ធនា​គារ​ពិភពលោក បានចូលរួមចំណែក ក្នុងវិស័យ​សុខា​ភិ​បាលរបស់ប្រទេសកម្ពុជា ដើម្បីឈានទៅសម្រេច​បាន​ការគ្របដណ្តប់សុខភាពជាសកល (UHC) ដែលបង្ហាញ​ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើក​កម្ពស់សុខភាពប្រជាជន និងភាពជាដៃគូដ៏រឹងមាំរវាង​ធនាគារពិភពលោក និងក្រសួងសុខាភិបាល ៕

ដោយ ៖ ហេង សម្បត្តិ+ ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner