ម្ចាស់ផេក Nimol Felix បានទទួលស្គាល់កំហុសក្នុងការផ្សាយព័ត៌មានមិនត្រឹមត្រូវទាក់ទងការតាមដានគុណភាពខ្យល់នៅកម្ពុជា
(ភ្នំពេញ)៖ នាររសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ម្ចាស់ផេក Nimol Felix បានចូលខ្លួនមកក្រសួងបរិស្ថាន និងធ្វើការសុំទោសចំពោះកំហុសនៃការផ្សព្វផ្សាយតាមបណ្តាញសង្គមរបស់ខ្លួន មិនបានត្រឹមត្រូវ និងនាំឱ្យសាធារណជនមានការភ័ន្តច្រឡំ លើការត្រួតពិនិត្យគុណភាពខ្យល់នៅកម្ពុជា។
ម្ចាស់ផេកសន្យាចូលរួមធ្វើការបកស្រាយកំហុសឆ្គងជាសាធារណៈ និងចូលរួមជំរុញឱ្យប្រជាពលរដ្ឋ តាមដានគុណភាពខ្យល់ ដែលផ្តល់ព័ត៌មានពិតពីក្រសួងបរិស្ថាន និងសកម្មភាពមេត្រីបរិស្ថានថែមទៀត ។
សូមបញ្ជាក់ថា នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រសួងបរិស្ថានបានកត់សម្គាល់ឃើញមានការផ្សព្វផ្សាយ និងចែករំលែកនូវព័ត៌មានមិនពិត អំពីករណីគុណភាពខ្យល់នៅកម្ពុជា លើបណ្តាញសង្គមផេក Nimol Felix និងមានអ្នកផ្សព្វផ្សាយបន្ត ដែលធ្វើឱ្យមានការភាន់ច្រឡំថាហាក់បីដូចជាប្រទេសកម្ពុជារងការបំពុលបរិយាកាស។ ក្រសួងបរិស្ថានបានចាត់វិធានការឱ្យអ្នកផ្សព្វផ្សាយបញ្ឈប់ការផ្សាយព័ត៌មានមិនពិត នាពេលកន្លងមកទាក់ទងនឹងវិស័យបរិស្ថាន និងធ្វើការសំណូមពរដល់ប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងត្រូវបញ្ឈប់ចែករំលែកព័ត៌មានមិនពិត ដែលទាក់ទងនឹងគុណភាពខ្យល់នៅកម្ពុជា។
ក្រសួងបរិស្ថានសូមជម្រាបជូនថា មន្រ្តីក្រសួងបរិស្ថានបានធ្វើការតាមដានគុណភាពខ្យល់នៅកម្ពុ ជាប្រចាំ រយៈពេល ២៤ម៉ោងលើ ២៤ម៉ោង រៀងរាល់ថ្ងៃ តាមរយៈឧបករណ៍តាមដានគុណភាពខ្យល់ ចំនួន ៥៩ទីតាំងនៅទូទាំងប្រទេស ក្នុងនោះនៅរាជធានីភ្នំពេញ មាន ១០ទីតាំង រួមជាមួយស្ថានីយផ្កាយរណបចំនួន១ គ្រឿង និងរថយន្តចល័តចំនួន ៣គ្រឿង។ ក្នុងរយៈកន្លងមកនេះ ទិន្នន័យគុណភាពខ្យល់នៅកម្ពុជា មានភាពល្អប្រសើរ ពោលគឺស្ថិតនៅក្រោមបន្ទាត់ក្រហមនៃស្តង់ដារជាតិស្តីពីគុណភាពខ្យល់ ។
សាធារណជន អាចតាមដាន និងផ្ទៀងផ្ទាត់ព័ត៌មាន ស្តីពីគុណភាពខ្យល់នៅកម្ពុជា ផ្សាយផ្ទាល់តាមគេហទំព័រ https://airquality.moe.gov.kh/ និងតាមប្រព័ន្ធ APP ឈ្មោះ CGS SPA របស់ក្រសួងបរិស្ថាន ៕
ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា








