វគ្គបណ្តុះបណ្តាលស្ដីពីភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល” ត្រូវបានប្រារព្ធបើក
ភ្នំពេញ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលកម្រិតខ្ពស់ស្ដីពីភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល” ដល់ថ្នាក់ដឹកនាំជារដ្ឋលេខាធិការប្រចាំការក្រសួង ស្ថាប័ន ក្នុងរាជរដ្ឋាភិបាល នៅសណ្ឋាគារឆ្នេរសុខា ខេត្តព្រះសីហនុ។

ក្នុងពិធីដែលប្រារព្ធកាលពីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ឯកឧត្តមរដ្ឋមន្រ្តី បានគូសរំលេចនូវការចូលរួមដ៏សកម្មរបស់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ក្នុងការជំរុញបរិវត្តកម្មឌីជីថល ភាពស៊ីសង្វាក់និងប្រទាក់ក្រឡាគ្នា។លោកបន្ថែមថា ការណ៍នេះនឹងចូលរួមចំណែកដ៏សកម្មក្នុងដំណើរការនៃបរិវត្តកម្មឌីជីថលរបស់រាជរដ្ឋាភិបាល។
ឯកឧត្តមរដ្ឋមន្រ្តីបន្ថែមថា វគ្គបណ្តុះបណ្តាលនេះ នឹងផ្តល់ជាចំណេះដឹងដល់ ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការប្រចាំការ លើបច្ចេកទេសនៃការគ្រប់គ្រងការផ្លាស់ប្តូរ (Change Management) ក្នុងការងារបរិវត្តកម្មឌីជីថល ផលប្រយោជន៍យុទ្ធសាស្ត្រនៃបរិវត្តកម្មឌីជីថលសម្រាប់ប្រតិបត្តិការរបស់រដ្ឋាភិបាល និងការកសាងការជឿទុកចិត្តលើការចាប់យកបច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនប្រសិទ្ធភាព តម្លាភាព និងការផ្តល់សេវាសាធារណៈ។

សូមជម្រាបថា វគ្គបណ្ដុះបណ្ដាលមានរយៈពេល ២ថ្ងៃ។វគ្គ មានគោលបំណងចែករំលែកចំណេះដឹងនិងបទពិសោធនៃការចាប់យកបច្ចេកវិទ្យាថ្មីៗសម្រាប់អ្នកដឹកនាំការងារបរិវត្តកម្មរដ្ឋាភិបាលឌីជីថលក្នុងវិស័យសាធារណៈ (Digital Government Transformation in Public Sector) ជាអាទិ៍ ការបញ្ជា្របនិងការចាប់យកបច្ចេកវិទ្យា, បញ្ញាសិប្បនិម្មិត ឬអេអាយ (AI), អភិបាលកិច្ចទិន្នន័យ និងការចាប់យកបច្ចេកវិទ្យាថ្មីៗ ព្រមទាំងការអនុវត្តជាក់ស្ដែងនូវគម្រោងផ្លាស់ប្តូរឌីជីថល ដោយមានការចែករំលែកពីសំណាក់សាស្រ្តាចារ្យមកពីស្ថាប័នបណ្តុះបណ្តាលភាពជាអ្នកដឹកនាំដ៏ល្បី HEC Paris និងវាគ្មិនអន្តរជាតិជាច្រើនរូបទៀត៕




ដោយ៖ង៉ាន់ ទិត្យ