កូរ៉េខាងត្បូងឆ្ពោះទៅមុខលើការផលិតនាវាមុជទឹកនុយក្លេអ៊ែរជាមួយអាមេរិក
សេអ៊ូល ៖ កូរ៉េខាងត្បូង បាននិយាយថា នឹង “ឆ្ពោះទៅមុខ” ជុំវិញការផលិតនាវាមុជទឹកនុយក្លេអ៊ែរ ជាមួយសហរដ្ឋអាមេរិក។
លោកប្រធានាធិបតី Lee Jae Myung បាននិយាយ នៅថ្ងៃសុក្រនេះថា ប្រទេសកូរ៉េខាងត្បូងនឹង “ឆ្ពោះទៅមុខ” ជាមួយសហរដ្ឋអាមេរិក ក្នុងការកសាងនាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរ បន្ទាប់ពីកិច្ចព្រមព្រៀងសន្តិសុខ និងពាណិជ្ជកម្ម ដែលរង់ចាំជាយូរមកហើយ ត្រូវបានបញ្ចប់សម្រេច។
លោក Lee បានប្រាប់សន្និសីទសារព័ត៌មានមួយថា «ជារឿងអស្ចារ្យបំផុតមួយ សម្រាប់សេដ្ឋកិច្ច និងសន្តិសុខរបស់យើង ការចរចាទ្វេភាគីលើពាណិជ្ជកម្ម ពន្ធគយ និងសន្តិសុខ ត្រូវបានបញ្ចប់» ដោយលោកបន្ថែមថា ប្រទេសទាំងពីរបានយល់ព្រម “ឆ្ពោះទៅមុខ ជាមួយនឹងការសាងសង់នាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរ” ។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានបើកដៃឱ្យកូរ៉េខាងត្បូង អាចសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ក្រោយមានជំនួបរវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងសមភាគីកូរ៉េខាងត្បូង លោកLee Jae Myung នៅទីក្រុងក្យុងជូ មុនពេលចូលរួមកិច្ចប្រជុំកំពូល APEC កាលពីពេលថ្មីៗនេះ។
ការសម្រេចចិត្តរបស់លោកប្រធានាធិបតី ត្រាំ នេះដែរ គឺជាការផ្លាស់ប្តូរគោលនយោបាយដ៏សំខាន់មួយសម្រាប់សហរដ្ឋអាមេរិក ជាច្រើនទសវត្សរ៍មកហើយ ព្រោះថា អាមេរិកតែងតែប្រឆាំងនឹងមហិច្ឆតារបស់កូរ៉េខាងត្បូង ក្នុងការអភិវឌ្ឍនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដោយសារព្រួយបារម្ភអំពីការរីកសាយភាយអាវុធនុយក្លេអ៊ែរ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត