រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា-វៀតណាមអញ្ជើញបញ្ចុះបឋមសិលារួមគ្នាសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅសាលាបឋមសិក្សា សាំង សុវណ្ណ
ស្វាយរៀង៖នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និង នាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់ យ៉ាង រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមកាលពីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥បានអញ្ជើញបញ្ចុះបឋមសិលារួមគ្នាសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅសាលារៀនបឋមសិក្សា សាំង សុវណ្ណ ស្ថិតនៅស្រុកស្វាយទាប ខេត្តស្វាយរៀង។
សកម្មភាពបញ្ចុះបឋមសិលារបស់ប្រមុខកងទ័ពនៃប្រទេសទាំងពីរធ្វើឡើងបន្ទាប់ពីនាយឧត្តមសេនីយ៍ ទៀ សីហា បញ្ចប់ធ្វើទស្សនកិច្ចផ្លូវការ និងចូលរួមជំនួបប្រាស្រ័យមិត្តភាពការពារព្រំដែន ថ្នាក់រដ្ឋមន្ត្រីការពារជាតិ កម្ពុជា-វៀតណាម លើកទី២ និងលំហាត់សុខាភិបាលរួមគ្នារវាងកងទ័ពប្រទេសទាំងពីរ។

ក្នុងឱកាសនៃពិធីបញ្ចុះបឋមសិលាលោក ជា ហ៊ន អភិបាលស្រុកស្វាយទាបបានឱ្យដឹងថា ទូទាំងស្រុកស្វាយទាបមានសាលាមត្តេយ្យសិក្សាសហគមន៍ និងមត្តេយ្យរដ្ឋចំនួន ៤២កន្លែង, សាលាបឋមសិក្សាមាន២៥កន្លែង និងអនុវិទ្យាល័យ៦កន្លែង វិទ្យាល័យ២កន្លែង។ដោយឡែកសាលាបឋមសិក្សា សាំង សុវណ្ណ ដើមឡើយមានឈ្មោះ”ពោធិ៍ទន្ទឹម” មានទីនៅក្នុងវត្ត ពោធិ៍ទន្ទឹម ភូមិកក់ ឃុំស្វាយរំពារ ស្រុកស្វាយទាប ។

ដោយពិនិត្យឃើញស្ថានភាពតូចចង្អៀត ចំនួនសិស្ស កើនឡើងជាលំដាប់និងចំនួនថ្នាក់រៀនមានចំនួនតិចមិនសមស្របទៅតាមនិយាមរបស់ក្រសួងអប់រំយុវជន និងកីឡា នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយទាបខេត្តស្វាយរៀង បានផ្តួចផ្តើមរកទិញដីនៅទីតាំងថ្មីសម្រាប់កសាងសាលាបឋមសិក្សាថ្មី។

ដោយមានប្រកាសចុះថ្ងៃទី២៦ ខែមីនាឆ្នាំ២០២៥ របស់ក្រសួងអប់រំយុវជន និងកីឡាបានសម្រេចផ្លាស់ប្តូរឈ្មោះសាលាបឋមសិក្សា ពោធិ៍ទន្ទឹម ទៅជាសាលាបឋមសិក្សា សាំង សុវណ្ណ នាយឧត្តមសេនីយ៍ សៅ សុខា បានធ្វើចាប់ផ្តើមទិញដី និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានាលើផ្ទៃដីចំនួន ៣១,៥៧០ មែត្រការ៉េនេះ៕

ដោយ៖នុតនាង