សម្ដេចធិបតី ហ៊ុន ម៉ាណែត៖កម្ពុជាបន្តរក្សាជំហរក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី
ភ្នំពេញ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការថា នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ សម្ដេចបានជួបពិភាក្សាតាមទូរសព្ទជាមួយ ឯកឧត្តម អានវ៉ា អ៊ីប្រាហ៊ីមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដើម្បីពិភាក្សាអំពីការបន្តស្វែងរកដំណោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃដោយសន្តិវិធី។
សំណេរបន្តថា សម្ដេចធិបតីបានថ្លែងអំណរគុណឯកឧត្ដម អានវ៉ា ដែលបានបន្តដើរតួនាទីយ៉ាងសំខាន់ និងសកម្មក្នុងការសម្របសម្រួល ស្វែងរកដំណោះស្រាយដោយសន្តិវីធីរវាងកម្ពុជា និងថៃ។
សម្ដេចធិបតីនាយករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា កម្ពុជាបន្តរក្សាជំហរ ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងដោយប្រើប្រាស់យន្តការ ដែលមានស្រាប់ និងបានឯកភាពគ្នាកន្លងមក ជាពិសេស ស្របតាមស្មារតី នៃសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ នៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៥ ដើម្បីឈានទៅដល់ការបញ្ចប់ជម្លោះព្រំដែន និងកសាងសន្តិភាព រវាងប្រទេសទាំងពីរ ។
គួររំលឹកថា នៅលើបណ្ដាញសង្គមនារាត្រីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ឯកឧត្តម អានវ៉ា អ៊ីប្រាហ៊ីម បានឱ្យដឹងថា លោកបានជជែកជាមួយនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីថៃ លោក អានុទិន ឆាន់វីរៈគុល ដើម្បីពិភាក្សាអំពីវឌ្ឍនភាពចុងក្រោយបំផុតនៃកិច្ចខិតខំប្រឹងប្រែងសន្តិភាព បន្ទាប់ពីឧបទ្ទវហេតុថ្មីៗនេះនៅតាមព្រំដែនរួមរបស់ប្រទេសទាំងពីរ។
លោក អានវ៉ា បានឱ្យដឹងទៀតថា ថ្នាក់ដឹកនាំទាំងពីរ បានផ្តល់មតិយោបល់វិជ្ជមាន និងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ពួកគាត់ក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី ស្របតាមការយល់ដឹងដែលបានព្រមព្រៀងគ្នា ក្រោមកិច្ចព្រមព្រៀងសន្តិភាពក្រុងគូឡាឡាំពួ។
ឯកឧត្តម អានវ៉ា បានរំឭកឡើងវិញនូវជំហររបស់ម៉ាឡេស៊ីថា មិត្តភាព និងបទឈប់បាញ់រវាងប្រទេសទាំងពីរត្រូវតែត្រូវបានពង្រឹងបន្ថែមទៀត ស្របតាមកិច្ចព្រមព្រៀងដែលបានសម្រេចនៅក្រុងគូឡាឡាំពួកាលពីខែមុន។ឯកឧត្តម អានវ៉ា ក៏បានបង្ហាញពីការត្រៀមខ្លួនរបស់ម៉ាឡេស៊ី ក្នុងការបន្តដើរតួនាទី ជាអ្នកសម្របសម្រួលក្នុងការគូសវាសនាផ្លូវឆ្ពោះទៅរកសន្តិភាពនេះ។
ឯកឧត្តមបញ្ជាក់ថា «នាយករដ្ឋមន្ត្រីទាំងពីរបានសម្តែងការកោតសរសើរ ចំពោះជំហររបស់ម៉ាឡេស៊ី និងទំនួលខុសត្រូវដែលយើងទទួលយកមិនត្រឹមតែក្នុងនាមជាប្រធានអាស៊ានប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមិត្តភក្តិ និងអ្នកជិតខាងជិតស្និទ្ធដែលប្តេជ្ញាចិត្តចំពោះសន្តិភាពក្នុងតំបន់ផងដែរ»។
ឯកឧត្តមនាយករដ្ឋមន្រ្តីម៉ាឡេស៊ីបានសំណូមពរប្រទេសទាំងពីរ (កម្ពុជា-ថៃ) បន្តបង្ហាញពីសេចក្តីរឹងមាំ និងភាពក្លាហានដែលត្រូវការដើម្បីស្តារស្ថិរភាពនៅតាមព្រំដែនឡើងវិញ សម្រាប់សន្តិភាពយូរអង្វែងនៅក្នុងតំបន់ និងសុវត្ថិភាពរបស់ប្រជាជនរបស់ពួកគាត់ ៕
ដោយ៖វណ្ណលុក