រដ្ឋមន្ត្រី ហេង សួរ ៖ ការប្រែប្រួលអាកាសធាតុបាន​ក្លាយ​ជាបញ្ហាប្រឈមដល់អ្នកលក់ដូរតាមដងផ្លូវ ទាមទារចាំ​បាច់​ត្រូវតែផ្លាស់ប្តូរទៅតាមរបៀបរស់នៅ

(ភ្នំពេញ)៖ ការប្រែប្រួលអាកាសធាតុ បានក្លាយជាបញ្ហា​ប្រ​ឈមដល់អ្នកលក់ដូរតាមដងផ្លូវ ប៉ុន្តែទន្ទឹមនេះការប្រែ​ប្រួលចំណង់ចំណូលចិត្តរបៀបរស់នៅ និងធ្វើការងារក៏​ទាម​ទារចាំបាច់ឱ្យអ្នកលក់ដូរតាមដងផ្លូវ ត្រូវតែផ្លាស់ប្តូរ​ទៅ​តាមរបៀបរស់នៅតាមបែបធូរធារជាងមុន បើទោះបី​នៅ​មានអ្នកលំបាកខ្លះ ប៉ុន្តែការលំបាកនោះបើប្រៀប​ធៀប​ក្នុងរយៈពេលជាច្រើនឆ្នាំមុនគឺងាយស្រួលជាងមុន​ច្រើន។

នេះជាប្រសាសន៍ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការ​ងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញជាអធិបតី​ក្នុង​ពិធី​បើកវេទិកាទិវាអន្តរជាតិអ្នកលក់ដូរតាមដងផ្លូវ ១៤ វិច្ឆិកា លើកទី១៣ ក្រោមប្រធានបទ ស្តីពី“គាំពារសង្គម​ដើម្បីអន្តរកាលយុត្តិធម៌ បរិស្ថាន និងបរិបទឌីជីថល” នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសណ្ឋាគារ Raffles Hotel Le Royal ដោយមានអ្នកចូលរួមជាង ២០០នាក់ ដែលជាអ្នកលក់ដូរតាមផ្លូវ តំណាងមកពីវិ​ស័យ​សេដ្ឋកិច្ចក្រៅប្រព័ន្ធ អង្គការសង្គមស៊ីវិល ដៃគូ​អភិវឌ្ឍ និងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ។

វេទិកាអន្តរជាតិនេះ មានគោលបំណង បន្តផ្សព្វផ្សាយ និងរម្លឹកទិវាអន្តរជាតិអ្នកលក់ដូរតាមដងផ្លូវ ដើម្បីលើក​កម្ពស់សិទ្ធិការងារ និងការទទួលស្គាល់ចំពោះអ្នក​លក់​ដូរតាមដងផ្លូវ, ពង្រឹងប្រសិទ្ធភាព និងពង្រីកវិសាលភាព​ប្រព័ន្ធគាំពារសង្គមសម្រាប់អ្នកលក់ដូរតាមដងផ្លូវ និង​ស្ថាប័នពាក់ព័ន្ធ, ពង្រឹងកិច្ចសហប្រតិបត្តិការរវាងអ្នកលក់​ដូរតាមផ្លូវជាមួយអ្នកផ្តល់សេវា ជាពិសេស ផ្ដល់ឱកាស​ដល់​អ្នកលក់ដូរតាមដងផ្លូវចូលរួមកិច្ចពិភាក្សានិង ចែក​រំលែក​ពីស្ថានភាពការងារ និងបញ្ហា និងលើកជាសំ​ណូ​ម​ពរ​ទៅកាន់អ្នកពាក់ព័ន្ធនានា។

ថ្លែងក្នុងវេទិកានេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរ​គុណ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគំនិតផ្តួច​ផ្តើម និងការចូលរួមគាំទ្រក្នុងការរៀបចំទិវានេះ​ជារៀង​រាល់ឆ្នាំ ជាពិសេស ឆ្នាំ២០២៥នេះ តាមរយៈកិច្ចសហ​ការ​ដ៏ល្អ រវាងសមាគមប្រជាធិបតេយ្យឯករាជ្យនៃ​សេដ្ឋ​កិច្ចក្រៅប្រព័ន្ធ (IDEA) អង្គការអុកស្វាម (OXFAM) ដៃគូអភវិឌ្ឍ អង្គការសង្គមស៊ីវិល និងនិងតំណាង​ក្រសួង​ស្ថាប័នពាក់ព័ន្ធ។

តាមរយៈប្រធានបទដ៏មានសារសំខាន់នាពេលនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់អ្នកសេដ្ឋកិច្ច​ក្រៅប្រព័ន្ធចូលរៀនជំនាញការលក់តាមអនឡាញនៅតាមសាលាបណ្តុះបណ្តាលមុខជំនាញវិជ្ជាជីវៈ និងបច្ចេក​ទេស​ក្រោមឱវាទក្រសួងទាំង ៣៧នៅទូទាំង​ប្រទេស​ព្រោះថា ឌីជីថល បដិវត្តន៍ឧស្សាហកម្មបានជ្រាប​ចូល​ទៅគ្រប់ផ្នែក នៃសកម្មភាពសេដ្ឋកិច្ច ក្នុងនោះរួមទាំង​សេដ្ឋកិច្ចក្រៅប្រព័ន្ធផងដែរ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បាន រំលេចអំពីកម្មវិធី​បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាន​នាក់ របស់រាជរដ្ឋាភិបាល និងលើកទឹកចិត្ត​អ្នកនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធចាប់ឱកាសចូលសិក្សារៀនសូត្រដើម្បីមានជំនាញបន្ថែម ព្រមទាំងមានចំណេះដឹង​ដើរ​តម្រូវការសង្គម។ ហើយក៏បានលើកទឹកចិត្តអ្នកនៅ​ក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធទៅចុះបញ្ជិកាដើម្បីកំណត់អត្ថសញ្ញាណអ្នកលក់ដូរតាមដងផ្លូវ ដើម្បីមានភាពងាយស្រួល​សម្រាប់​រដ្ឋាភិបាលអាចជួយបានកាន់តែចំគោលដៅ។

លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ​នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានសរសើរប្រព័ន្ធគាំពារសង្គម តាមរយៈប្រព័ន្ធសន្តិសុខសង្គម ឬប្រព័ន្ធជំនួយសង្គម​របស់​រាជរដ្ឋាភិបាល ប៉ុន្តែប្រព័ន្ធទាំងនោះបានអនុវត្ត​នៅកម្រិតនៅឡើយ។

ដោយឡែក លោកស្រី ភាណ សោភ័ណ នាយិកាអង្គការ​អុក​ស្វាម គូសបញ្ជាក់ពីសារៈសំខាន់ នៃការទទួលស្គាល់​អ្នក​លក់​តាមដងផ្លូវថា ជាអ្នករួមចំណែកដ៏សំខាន់ដល់​ការ​អភិវឌ្ឍរបស់ប្រទេសកម្ពុជា។ អ្នកលក់តាមផ្លូវគឺជាឆ្អឹងខ្នង នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធរបស់ប្រទេស ជាអ្នកធ្វើការច្រើន​ម៉ោង ក្នុងស្ថានភាពលំបាកដើម្បីផ្តល់អាហារ ទំនិញ និង​សេវា​កម្មដែលទ្រទ្រង់ប្រទេសជាតិ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner