ក្រសួងការបរទេស ធ្វើបទបង្ហាញប្រាប់បណ្តាអង្គទូត បរទេស ប្រចាំកម្ពុជា អំពីការវិវត្តនៃសេចក្តីថ្លែងការណ៍​រួមរវាងកម្ពុជា និងថៃ

អត្ថបទដោយ៖
Sophol Kung

(ភ្នំពេញ)៖ រដ្ឋលេខាធិការប្រចាំការក្រសួងការបរទេស​កម្ពុជា លោក ជំទាវ អ៊ាត សោភា បានធ្វើបទបង្ហាញប្រាប់​ដល់បណ្តាអង្គទូត និងអង្គការអន្តរជាតិនានាប្រចាំនៅ​ប្រ​ទេស​កម្ពុជា អំពីការវិវត្តនៃសេចក្តីថ្លែងការណ៍រួមរវាង​កម្ពុជា-ថៃ ក្រោយយោធាថៃបើកការបាញ់ប្រហារលើ​ជន​ស៊ីវិលខ្មែរ ។ ការធ្វើបទបង្ហាញនេះ បានធ្វើឡើង នៅ​ល្ងាច​ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្តីការក្រ​សួង​ការបរទេស រាជធានីភ្នំពេញ។

ការធ្វើបទបង្ហាញនេះ ធ្វើឡើង នៅបន្ទាប់ពីក្រុមយោធា​ថៃ បានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋ​ស៊ីវិល​កម្ពុជា នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្ត​បន្ទាយមានជ័យ កាលពីថ្ងៃទី១២ វិច្ឆិកា ចំនួនពីរលើក គឺនៅវេលាម៉ោង ១៥:៥០នាទី និងម៉ោង ១៧:៥៤នាទី​ល្ងាច ដែលបណ្តាលឱ្យប្រជាជនស៊ីវិលកម្ពុជា ម្នាក់បាន​ស្លាប់ និង ៣នាក់ បានរងរបួស ។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា បានថ្កោលទោសយ៉ាងខ្លាំងបំផុត​ចំ​ពោះការបាញ់ប្រហារលើជនស៊ីវិលនៅភូមិព្រៃចាន់ នៃ​ខេត្ត​បន្ទាយមានជ័យកម្ពុជា និងបានហៅការបាញ់ប្រហារ​នោះថា គឺជាការបាញ់ប្រហារដោយគ្មានហេតុផលពី​សំ​ណាក់​កងកម្លាំងថៃ ។ នៅជាមួយគ្នានោះទៀត ក្រសួង​ការ​បរទេស បានចាត់ទុកឧប្បត្តិហេតុនេះ គឺជាការ​បង្ហា​ញ​​ពីការរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាព និង​បូរណភាព​ទឹកដីរបស់កម្ពុជា ក៏ដូចជាការបំពាន​យ៉ាង​គឃ្លើនចំពោះច្បាប់មនុស្សធម៌អន្តរជាតិ និងគោល​ការ​ណ៍​ជាមូលដ្ឋាននៃធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្ម​នុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិ​បត្តិ​ការ​នៅអាស៊ីអាគ្នេយ៍ (TAC) ។

នៅក្នុងសេចក្តីថ្លែងការណ៍ ក្រសួងការបរទេស បន្ទាប់ពី​មានហេតុការណ៍បានប្រហារនោះ បានបញ្ជាក់ថា រាជរដ្ឋា​ភិបាល​កម្ពុជា បានធ្វើការតវ៉ាជាផ្លូវការតាមរយៈ​ស្ថានទូត​ថៃប្រចាំនៅទីក្រុងភ្នំពេញ ហើយនឹងចាត់វិធានការសម​ស្រប​ដើម្បីតាមដាន រួមទាំងការស៊ើបអង្កេតនៅនឹងកន្លែង​អំពីការបាញ់សម្លាប់ជនស៊ីវិល ដោយមានការចូលរួមពី​ក្រុម​អ្នក​អង្កេតការណ៍អាស៊ានផងដែរ ។ កម្ពុជាស្វាគមន៍​ចំពោះការគាំទ្រ និងការចូលរួមពីគ្រប់​ដៃគូ​ដែលពាក់​ព័ន្ធ​ក្នុងការស៊ើបអង្កេតនេះ ។

ក្រសួងការបរទេសបានបញ្ជាក់ថា កម្ពុជា ចាប់តាំងពីមាន​បទឈប់បាញ់ចូលជាធរមាននៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ មក កម្ពុជាបានអនុវត្តការអត់ធ្មត់ជាទីបំផុត ដោយមិនចាត់វិធានការតបតទៅនឹងសកម្មភាពញុះញង់ឥតឈប់ឈរ រួមទាំងការបាញ់ប្រហារលើជនស៊ីវិល​ដ៏​ឃោ​រ​ឃៅនាពេលនេះ ក្នុងគោលបំណងរក្សា​ឲ្យបាន​នូវ​បទឈប់បាញ់នេះ ។ ដើម្បីបុព្វហេតុសន្តិភាព ស្ថិរភាព និងវិបុលភាពសម្រាប់ប្រជាជាតិទាំងពីរ និងសម្រាប់តំបន់​ទាំងមូល រាជរដ្ឋាភិបាលកម្ពុជាទាមទារឲ្យប្រទេសថៃ​បញ្ឈប់​ការគំរាមកំហែង និងការប្រើប្រាស់កម្លាំង ហើយ​ងាក​ទៅប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តរបស់ខ្លួន​ក្នុងការ​គោ​រពគ្នាទៅវិញទៅមក ដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ដូចមានចែងក្នុងសេចក្តីថ្លែង​ការណ៍រួម ដែលបានចុះហត្ថលេខារវាងនាយករដ្ឋមន្រ្តី​នៃប្រទេសទាំងពីរ នៅទីក្រុងគូឡាឡាំពួ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ កន្លងទៅ ៕

អត្ថបត ៖ គង់ សុផុល
រូបភាព ៖ សួង ពិសិដ្ឋ

ads banner