ក្រុមប្រឹក្សា UN អំពាវនាវឲ្យបញ្ចប់ការវាយប្រហាររបស់ពួកហ៊ូធី
អ.ស.ប ៖ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃសុក្រ បានរួមគ្នាអំពាវនាវឱ្យបញ្ចប់ការវាយប្រហារ របស់ក្រុមហ៊ូធី (Houthi) ជាក្រុមមានមូលដ្ឋាន នៅប្រទេសយេម៉ែន។
ពួកគេបានដាក់ចេញដំណោះស្រាយថ្មី ដោយទាមទារឱ្យបញ្ចប់ការវាយប្រហារឆ្លងព្រំដែន និង តាមសមុទ្រ របស់ពួកឧទ្ទាមនេះ និងពង្រឹងការត្រួតពិនិត្យ ការហ៊ុមព័ទ្ធអាវុធ ដែលត្រូវបានរំលោភបំពាន ជាប្រចាំ។
ដំណោះស្រាយ ដែលបានអនុម័តដោយសមាជិកអចិន្ត្រៃយ៍ ជាមួយនឹងសម្លេងបោះឆ្នោត ១៣ ទល់នឹង ០ សំឡេង និង អនុប្បវាទ ចំនួនពីរសម្លេង ត្រូវបន្តអនុវត្ត រយៈពេលមួយឆ្នាំ រហូតដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦។ ក្នុងនោះ មានទាំងការដាក់ទណ្ឌកម្ម ដូចជា បង្កកទ្រព្យសម្បត្តិ និង ការហាមឃាត់ការធ្វើដំណើរ លើមនុស្សរាប់សិបនាក់ ដែលភាគច្រើន គឺជាមន្ត្រីរបស់ក្រុម Houthi ។
ក្រៅពីនេះ រដ្ឋជាសមាជិក ត្រូវបានស្នើឱ្យបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធអាវុធ តាមរយៈផ្លូវគោក និងផ្លូវសមុទ្រ ដើម្បីធានាការអនុវត្ត ការហ៊ុមព័ទ្ធអាវុធ តាមគោលដៅ។ ប៉ុន្តែ ប្រទេសសមាជិកមួយចំនួន ជាពិសេស សហរដ្ឋអាមេរិក និងបារាំង បានសម្តែងការសោកស្ដាយ ដែលថា ក្រុមប្រឹក្សានេះមិនបានទៅឆ្ងាយជាងនេះ។
គួរបញ្ជាក់ថា ពួក Huthis បានគ្រប់គ្រងតំបន់ដ៏ធំ របស់ប្រទេសយេម៉ែន រួមទាំងរដ្ឋធានី សាណា (Sanaa) អស់រយៈពេល ជាងមួយទសវត្សរ៍ មកហើយ។ ពួកឧទ្ទាមទាំងនេះ បានបើកការវាយប្រហារ ជាញឹកញាប់ លើនាវាដឹកទំនិញ នៅសមុទ្រក្រហម។
ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមនៅហ្គាហ្សា កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ មក, ពួក ហ៊ូធី បានបង្កើនការវាយប្រហារ ដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក លើដីអ៊ីស្រាអែល និងលើកប៉ាល់ នៅសមុទ្រក្រហម ដោយអះអាងថា សកម្មភាពទាំងនោះ ត្រូវបានអនុវត្ត ដើម្បីបង្ហាញសាមគ្គីភាពជាមួយប៉ាឡេស្ទីន៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត



