សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជួបសំណេះសំណាលតាមទូរស័ព្ទ ជាមួយពលរដ្ឋរងគ្រោះដោយ ទាហានថៃបាញ់ប្រហារ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត
(ភ្នំពេញ)៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នារសៀលថ្ងៃទី១៤ ខែ វិច្ឆិកា ឆ្នាំ២០២៥ បានចាត់ថ្នាក់ដឹកនាំចុះសួរសុខទុក្ខ និងសំណេះសំណាលតាមទូរស័ព្ទជាមួយពលរដ្ឋខ្មែរស្លូតត្រង់ចំនួន ៣រូប ដែលបានរងរបួសដោយការបាញ់ ប្រ ហារពីយោធាថៃនៅភូមិព្រៃចាន់ ដែលកំពុងព្យាបាល យ៉ាងយកចិត្ដទុកដាក់ពីក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យកាល់ម៉ែត និងនាំយកថវិកា និងគ្រឿងឧបភោគ-បរិភោគមួយចំនួនធំផ្តល់ជូនផងដែរ។
តាមរយៈលោកជំទាវបណ្ឌិត អ៊ុក ម៉ាលី សមាជិកាព្រឹទ្ធសភាមណ្ឌលភូមិភាគ២ អ្នកម្ដាយមនុស្សធម៌ បានជួបសំណេះសំណាលសួរសុខទុក្ខដោយផ្ទាល់តាមទូរស័ព្ទ ជាមួយពលរដ្ឋរងគ្រោះទាំង៣រូប, ដោយអ្នកម្ដាយដ៏កក់ក្ដៅ បានសួរនាំពីសុខភាព ស្ថានភាពគ្រួសារ និងជូនពរដល់ប្រជាពលរដ្ឋដ៏ស្លូតត្រង់ ដ៏គួរអាសូរទាំង ៣រូបនេះ ឱ្យឆាប់ជាសះស្បើយ ពិសេសបានលើកទឹកចិត្ដដល់ពលរដ្ឋដែលរងគ្រោះនេះ សូមសម្រាកព្យាបាលឱ្យបានប្រសើរឡើងវិញ ដោយកុំមានការព្រួយអ្វីទាំងអស់ទៅលើការព្យាបាល សូមទុកចិត្ដលើក្រុមគ្រូពេទ្យយើងដែលកំពុងបម្រើសេវាសុខាភិបាលជូនយ៉ាងយកចិត្ដទុកដាក់បំផុត។
ក្នុងឱកាសនោះដែរ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈលោកជំទាវបណ្ឌិត អ៊ុក ម៉ាលី បានឧបត្ថម្ភថវិកាដល់អ្នកជំងឺទាំង ៣រូប ក្នុងម្នាក់ៗចំនួន ១០លានរៀល និងគ្រួសារអ្នកជំងឺក្នុងម្នាក់ៗចំនួន ៥លានរៀល ។
សូមជម្រាបថា ប្រជាជនពលរដ្ឋខ្មែរស្លូតត្រង់ ម្នាក់បានស្លាប់ និងចំនួន ៣រូប បានរងរបួសដោយការបាញ់ប្រហារពីយោធាថៃនៅភូមិព្រៃចាន់ កាលពីរសៀលថ្ងៃ១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោយពីបានយកមកពិនិត្យ និងព្យាបាលបន្តនៅមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ បន្ទាប់ពីធ្វើការវះកាត់ដោយជោគជ័យសង្គ្រោះជីវិត នៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុន មង្គលបុរី ខេត្តបន្ទាយមានជ័យរួចមក ៕
ដោយ / គ្រី សម្បត្តិ


















