ប្រទេស កេនយ៉ា រកឃើញមាស មានតម្លៃជាង ៥ ពាន់លានដុល្លារ

ណៃរ៉ូប៊ី ៖ ប្រទេស កេនយ៉ា បានបោះជំហានដ៏សំខាន់មួយ ឆ្ពោះទៅរកការជំរុញវិស័យរុករករ៉ែ បន្ទាប់ពីក្រុមហ៊ុនអង់គ្លេសមួយបានបញ្ជាក់ពីការរកឃើញមាសដ៏ច្រើនបំផុតមិនធ្លាប់មានចំនួន ១ លាន ២ សែន ៧ ម៉ឺនអោន ដែលមានតម្លៃប្រមាណ ៥ ពាន់ ២៩០ លានដុល្លារ ។

បើតាមសារព័ត៌មាន Business Insider Africa, មាសទាំងនេះជីករុករកបានកាលពីថ្ងៃព្រហស្បតិ៍នៅតំបន់ Kakamega ភាគខាងលិចប្រទេសកេនយ៉ា ដោយក្រុមហ៊ុនរុករករ៉ែ អង់គ្លេស Shanta Gold Limited ។

ក្រុមហ៊ុន Shanta Gold Limited បញ្ជាក់ថា មាសទាំងនេះ អាចលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងប្រទេស តាមរយៈឱកាសការងារ និងអាជីវកម្ម និងការរួមចំណែកយ៉ាងសំខាន់ ដល់រដ្ឋាភិបាលកេនយ៉ា ។

សេដ្ឋវិទូនិយាយថា ការរកឃើញលោកហធាតុមានតម្លៃទាំងនេះអាចចាក់បញ្ចូលជីវិតថ្មី ទៅក្នុងសេដ្ឋកិច្ចរបស់កេនយ៉ា ដោយការធ្វើពិពិធកម្មប្រភពចំណូល លើសពីវិស័យកសិកម្ម និងទេសចរណ៍ ។

ជាពិសេសគេរំពឹងថា វានឹងបង្កើតការងាររាប់រយកន្លែងក្នុងដំណាក់កាលសាងសង់ និងផលិតកម្ម រួមទាំងជំរុញឲ្យមានអាជីវកម្មក្នុងស្រុក និងទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសផងដែរ ។

បើតាមការស្ទង់មតិរបស់វិទ្យាស្ថាន Fraser, ប្រទេសកេនយ៉ាជាប់ចំណាត់ថ្នាក់ទី ៦ នៅទ្វីបអាហ្រ្វិកសម្រាប់ការទាក់ទាញការរុករក និងវិនិយោគលើវិស័យរ៉ែ និងមាស ។

ក្នុងឆ្នាំ ២០២៣ ប្រទេសអាហ្វ្រិកមួយនេះផលិតមាសបានប្រហែល ៤១០ គីឡូក្រាម ប៉ុន្តែចំនួននេះគឺទាបជាងប្រទេសផលិតធំៗផ្សេងទៀតដូចជា ហ្គាណា, អាហ្រ្វិកខាងត្បូង និង ស៊ូដង់ ដែលប្រទេសទាំងនេះផលិតបានរាប់លានអោនឯណោះក្នុងមួយឆ្នាំៗ ៕

ប្រភពពី Business Insider Africa ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner