សម្ដេច ហ៊ុន ម៉ាណែត និងលោក ដូណាល់ ត្រាំ ពិភាក្សា​គ្នា​​អំ​ពីការវិវត្តសភាពការណ៍តាមបណ្តោយព្រំដែន​កម្ពុជា​-ថៃ

(ភ្នំពេញ)៖ នាយប់ថ្ងៃទី ១៤ វិច្ឆិកា ២០២៥ សម្ដេចនា​យករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជួបពិភាក្សាតាមទូរស័ព្ទ​ជាមួយ ឯកឧត្តម Donald J. Trump ប្រធានាធិបតី នៃ​សហរដ្ឋអាមេរិក ដើម្បីពិភាក្សាអំពីការវិវត្តសភាពកា​រណ៍​តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងគោលបំណងបន្ត​ជំរុញ​ការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព​រវាងកម្ពុជា​និងថៃ ។ នេះបើតាមបណ្ដាញសង្គមសម្ដេចធិបតី នាព្រឹកថ្ងៃទី​១៥ វិច្ឆិកា ២០២៥ ។

តាងនាមប្រជាពលរដ្ឋកម្ពុជា សម្ដេចធិបតី បានថ្លែង​អំ​ណរ​គុណ ឯកឧត្ដមប្រធានាធិបតី Trump ដែលបានផ្តួច​ផ្តើមនិងសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងកម្ពុជា-ថៃកន្លងមក និងសម្រេចបាននូវសេចក្ដីថ្លែងការណ៍រួម​ទីក្រុងគូឡាឡាំពួរ ដើម្បីស្វែងរកសន្តិភាពយូរអង្វែង​សម្រាប់​កម្ពុជា និងថៃ ។

សម្ដេច ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ជាថ្មីអំពីការ​ប្រ​កាន់​ខ្ជាប់យ៉ាងម៉ឺងម៉ាត់របស់កម្ពុជា ក្នុងការបន្ត​អនុវត្តតាម​ស្មារតី​សេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ និងសង្ឃឹម​ថា​ភាគីទាំងពីរ នឹងបន្តធ្វើការជាមួយគ្នា​ស្របតាមគោល​ការណ៍ និងយន្តការទ្វេភាគីដែលបានឯកភាពគ្នា រួមទាំង​ការដោះមីនមនុស្សធម៌តាមបណ្តោយព្រំដែន។

ឯកឧត្តមប្រធានាធិបតី Trump បានគូសបញ្ជាក់ជំហរ​យ៉ាងច្បាស់លាស់ថា ឯកឧត្តមចង់ឃើញសន្តិភាព​ស្ថិត​ស្ថេររវាងកម្ពុជានិងថៃ។ ក្នុងន័យនេះ ឯកឧត្ដមប្រធានា​ធិប​តី នឹងបន្តតាមដានកិច្ចការនេះដោយយកចិត្តទុកដាក់ ដើម្បីធានាមិនឱ្យមានការផ្ទុះអាវុធឡើងវិញនៅបណ្តោយព្រំដែនកម្ពុជា-ថៃ។

កម្ពុជា បន្តរក្សាជំហរក្នុងការដោះស្រាយបញ្ហាព្រំដែន​ដោយ​សន្តិវិធី ដោយអនុលោមតាមគោលការណ៍ និង​យន្តការ ដែលបានឯកភាពគ្នាកន្លងមក ដើម្បីដោះស្រាយ​បញ្ហាព្រំដែនកម្ពុជា-ថៃ និងកសាងសន្តិភាពយូរអង្វែង​រវាង​ប្រទេសទាំងពីរ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner