លោក ត្រាំ ថា នឹងប្តឹង BBC ទោះបីសុំទោស, សំណងអាចកើនដល់ ៥ពាន់លានដុល្លារ
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាង កាលពីថ្ងៃសុក្រថា លោកនឹងប្តឹងសារព័ត៌មាន BBC ទោះបីជាមានការសុំទោស ក៏ដោយ ហើយសំណងវិញ អាចកើនដល់ ៥ពាន់លានដុល្លារ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅលើយន្តហោះ Air Force One លោក ត្រាំ បាននិយាយទៀតថា វិធានការតាមផ្លូវច្បាប់នេះ ប្រហែលជាត្រូវធ្វើ នៅសប្តាហ៍ក្រោយ ដោយទាមទារសំណង អាចនឹងចន្លោះពី ១ពាន់លានដុល្លារ ទៅ ៥ពាន់លានដុល្លារ។
យោងតាមការចេញផ្សាយ របស់សារព័ត៌មាន BBC ខ្លួនឯង,
វិធានការនេះធ្វើឡើង បើទោះបីជាសារព័ត៌មានដ៏ល្បីនៅអង់គ្លេសមួយនេះ បានសុំទោស ជុំវិញការកែប្រែសុន្ទរកថា របស់លោក ត្រាំ ក្នុងឯកសារនៃកម្មវិធី ប៉ាណូរ៉ាម៉ា (Panorama) ក៏ដោយ។ យ៉ាងណា សាជីវកម្មនេះសុំទោស តែ បដិសេធ មិនផ្តល់សំណង។
BBC បាននិយាយថា ការកែសម្រួលសុន្ទរកថា ថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ជារឿងអចេតនា។ តែនាំឲ្យមានការយល់ច្រឡំ ដែលថា ប្រធានាធិបតី ត្រាំ បានធ្វើការអំពាវនាវដោយផ្ទាល់ សម្រាប់សកម្មភាពហឹង្សា។ ភាពចម្រូងចម្រាសនេះបាននាំឱ្យមានការលាលែងពីតំណែង របស់អគ្គនាយក BBC និង ប្រធានផ្នែកសារព័ត៌មាន។
លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាន អំពីផែនការរបស់លោក ដើម្បីចាត់វិធានការផ្លូវច្បាប់ថា «ខ្ញុំគិតថា ខ្ញុំត្រូវតែធ្វើវា ពួកគេបោកប្រាស់ ដោយបានប្តូរពាក្យ ដែលចេញពីមាត់ខ្ញុំ»។
លោកបាននិយាយទៀតថា លោកមិនលើកយកបញ្ហានេះ មកនិយាយជាមួយនាយករដ្ឋមន្រ្តីអង់គ្លេស ទេ ទោះបីមេដឹកនាំរូបនេះសុំនិយាយ តាមទូរស័ព្ទ ជាមួយលោក នៅចុងសប្តាហ៍នេះ ក៏ដោយ។
កាលពីដើមសប្តាហ៍នេះ មេធាវីរបស់ប្រធានាធិបតីអាមេរិក បានគំរាមប្តឹង BBC ទាមទារសំណងចំនួន ១ពាន់លានដុល្លារ ក្នុងការខូចខាត បើមិនលុបវីដេអូចេញ, សុំទោស និង ផ្តល់សំណង៕
ប្រភពពី BBC ប្រែសម្រួល ៖ សារ៉ាត
