លោក ត្រាំ អនុម័តលក់គ្រឿងបន្លាស់យន្តហោះចម្បាំងតម្លៃ ៣៣០ លានដុល្លារលើកដំបូងដល់កោះតៃវ៉ាន់

វ៉ាស៊ីនតោន ៖ ទោះដឹងថាត្រូវប្រឈមមុខនឹងការរិះគន់ធ្ងនៗពីចិនក៏ដោយ រដ្ឋបាលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅតែគឃ្លើនអនុម័តគម្រោងលក់គ្រឿងបន្លាស់ និងគ្រឿងជួសជុលយន្តហោះចម្បាំងក្នុងតម្លៃ ៣៣០លានដុល្លារជាលើកដំបូងដល់កោះតៃវ៉ាន់។ នេះបើតាម The Straits Times ចេញផ្សាយក្នុងថ្ងៃសុក្រ។

មន្ទីរបញ្ចកោណនៃក្រសួងសង្គ្រាមអាមេរិក បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ការទិញលក់ដែលបានស្នើឡើងនេះ នឹងជួយពង្រឹងសមត្ថភាពរបស់កោះតៃវ៉ាន់ ក្នុងការឆ្លើយតបការគំរាមកំហែងពីសត្រូវ ទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត ដោយរក្សាការត្រៀមខ្លួនប្រតិបត្តិការ នៃកងយន្តហោះចម្បាំង F-16 និង C-130 ក៏ដូចជាយន្តហោះយោធាដទៃទៀត។

ភ្លាមៗ ប្រទេសចិននៅមិនទាន់បញ្ចេញប្រតិកម្មឆ្លើយតបនៅឡើយទេ ប៉ុន្តែការប្រកាសអំពីគម្រោងទិញលក់គ្រឿងបរិក្ខារយោធានេះ កើតឡើងបន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ និងលោកប្រធានាធិបតីចិន ស៊ី ជីនពីង បានជួបគ្នានៅកូរ៉េខាងត្បូងកាលពីខែតុលា ក្នុងគោលបំណងស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្ម។

មុនជំនួបនោះ មានការភ័យព្រួយនៅកោះតៃវ៉ាន់ថា លោកប្រធានាធិបតី ត្រាំ អាចនឹងបោះបង់ផលប្រយោជន៍របស់តៃវ៉ាន់ ក្នុងទម្រង់ណាមួយឱ្យទៅលោកប្រធានាធិបតី ស៊ី។

តៃវ៉ាន់ត្រូវចិនចាត់ទុកជាផ្នែកនៃទឹកដីរបស់ខ្លួន ហើយទីក្រុងប៉េកាំងមិនដែលច្រានចោលការប្រើកម្លាំង ដើម្បីគ្រប់គ្រងតៃវ៉ាន់នោះទេ។ ប៉ុន្តែលោក ត្រាំ បានអះអាងថា លោក ស៊ី បានធានាប្រាប់រូបលោកផ្ទាល់ថា ចិននឹងមិនវាយលុកតៃវ៉ាន់ទេ ដរាបណាលោកនៅជាប្រធានាធិបតីអាមេរិក។

គួរបញ្ជាក់ថា អាមេរិកមានទំនាក់ទំនងការទូតផ្លូវការជាមួយចិន តែមិនមានទំទាក់ទំទងផ្លូវការជាមួយកោះតៃវ៉ាន់ទេ។ យ៉ាងណា បងធំពិភពលោកមួយនេះនៅតែជាខ្នងបង្អែក និងជាអ្នកផ្គត់ផ្គង់សព្វាវុធយោធាដ៏សំខាន់បំផុតរបស់តៃវ៉ាន់។

សម្រាប់ប្រទេសចិនវិញ តែងរិះគន់ជំនួយ ឬការទិញលក់សព្វាវុធយោធារបស់អាមេរិកដល់កោះតៃវ៉ាន់ ដោយនិយាយថា កញ្ចប់ជំនួយទាំងឡាយបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើគោលការណ៍ចិនតែមួយ និងបទប្បញ្ញត្តិនៃសេចក្តីថ្លែងការណ៍រួមរវាងចិន-អាមេរិក៕

ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner