រដ្ឋមន្រ្តីសុខាភិបាល ៖ គ្រូពេទ្យវះកាត់ ជាស្នូលមួយនៃការព្យាបាលបានជាដាច់ស្រឡះពីជំងឺមហារីក ដែលជាដំណើរសង្រ្គោះជីវិតមនុស្ស ប្រកបដោយប្រសិទ្ធភាព

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បេ្តជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការប្រយុទ្ធនឹងជំងឺមហារីក តាមរយៈការលើកកម្ពស់ការយល់ដឹងពីជំងឺនេះ និងពង្រីកសេវាបង្ការ ព្យាបាល ថែទាំប្រកបដោយគុណភាព ដើម្បីការពារប្រជាជនពីជំងឺមហារីក ដែលអាចបង្ការបាន និងកាត់បន្ថយទុក្ខលំបាក ព្រមទាំងបង្កើនគុណភាពជីវិតរបស់អ្នកជំងឺ និងក្រុមគ្រួសារ ។

នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក្នុងពិធីបើកសន្និសីទសល្យសាស្ត្រកម្ពុជាប្រចាំឆ្នាំ លើកទី៣០ ក្រោមប្រធានបទ «ភាពប្រឈមនៃការវះកាត់ជំងឺមហារីក» នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់ លើការប្រើប្រាស់សេវាផ្នែកមហារីកនេះ ប្រកបដោយឧត្តមគតិ សមធម៌ និងក្រមសីលធម៌វិជ្ជាជីវៈ , ពង្រឹងឱ្យកាន់តែប្រសើរឡើងនូវ ហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យា ឧបករណ៍សម្ភារៈទំនើប ការបញ្ជូនចំគោលដៅ និងទាន់ពេលវេលា ការធ្វើរោគវិនិច្ឆ័យ និងព្យាបាលបានត្រឹមត្រូវ , គុណភាព និងសុវត្ថិភាព នៃការព្យាបាល ត្រូវមានស្តង់ដាត្រឹមត្រូវ និងត្រូវពង្រីកការព្យាបាលតាមមន្ទីរពេទ្យគ្រប់កម្រិត និងពង្រឹងការបណ្តុះបណ្តាល ប្រព័ន្ធការកត់ត្រាព័ត៌មាន ។

សន្និសីទនាថ្ងៃនេះ ក្រោមប្រធានបទ «ភាពប្រឈមនៃការវះកាត់ជំងឺមហារីក» ឆ្លើយតបទៅនឹងផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ឆ្នាំ២០២៥-២០៣០ និងការប្រយុទ្ធនឹងជំងឺមិនឆ្លង ដែលជាការឆ្លើយតបដ៏សំខាន ចំពោះការកើនឡើងនៃបន្ទុកជំងឺមហារីក ដែលជាមូលហេតុចម្បងមួយ នៃមរណភាពមុនអាយុរំពឹងរស់របស់ប្រជាជនកម្ពុជា។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់អង្គសិក្ខាសាលា ត្រូវខិតខំពិភាក្សា បញ្ចេញមតិ ឆ្លុះបញ្ចាំង និងផ្លាស់ប្តូរយោបល់គ្នា ដើម្បីបង្កើននូវចំណេះដឹង និងបទពិសោធន៍ថ្មីៗ ជាច្រើនបន្ថែមទៀត ដែលជាគុណប្រយោជន៍ សម្រាប់បង្កើនគុណភាពសេវាព្យាបាលជូនប្រជាពលរដ្ឋ ។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបំពាក់គ្រឿងឥស្សរិយយស ជូន លោកសាស្រ្តាចារ្យ Jacques Baulieux តំណាងបណ្ឌិតសភា វះកាត់នៃប្រទេសបារាំង ដើម្បីលើកទឹកចិត្តដល់លោកសាស្រ្តាចារ្យ ដែលមានស្នាដៃជួយបណ្តុះបណ្តាលនិស្សិត និងតែងតែផ្តល់ឱកាសឱ្យនិស្សិតធ្វើកម្មសិក្សានៅប្រទេសបារាំង ៕

ដោយ ៖ ហេង សម្បត្តិ+ ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner