ក្រុមហ៊ុន KD Capital ចាប់ដៃជាមួយក្រុមហ៊ុនធំៗចំនួន៧ លើកស្ទួយវិស័យកែសម្ភស្សនៅកម្ពុជា
ភ្នំពេញ ៖ ក្រុមហ៊ុន KD Capital Co., Ltd បានចាប់ដៃគូសហការជាមួយក្រុមហ៊ុនធំៗចំនួន៧ ស្ថិតក្នុងគោលបំណងរួមគ្នាលើកស្ទួយវិស័យកែសម្ភស្សក្នុងប្រទេសកម្ពុជាឱ្យកាន់តែមានឈ្មោះបោះសម្លេងទាំងនៅលើឆាកជាតិ និងអន្តរជាតិ ពិសេសពង្រឹងទំនុកចិត្ត និងភាពជឿជាក់របស់អតិថិជននៅកម្ពុជា ងាកមកទទួលយកសេវាកែសម្ភស្សក្នុងស្រុក។
ថ្លែងក្នុងពិធីចុះអនុសារណៈយោគយល់គ្នានៅថ្ងៃទី១៥ ខែវិច្ឆិកា នាសណ្ឋាគារ Morgan Tower លោកវេជ្ជបណ្ឌិត គឹម សុដារ៉ា អគ្គនាយកក្រុមហ៊ុន KD Capital Co., Ltd បានឲ្យដឹងថា មូលហេតុដែលប្រជាជនកម្ពុជាចេញទៅក្រៅ ដើម្បីកែសម្ភស្សនោះ ដោយសារតែពួកគេគិតថា ការកែសម្ភស្សនៅក្នុងប្រទេសនៅមានកម្រិត ប៉ុន្តែលោកវេជ្ជបណ្ឌិតបានអះអាងមិនយូរនោះទេ ឯកទេសកែសម្ភស្សនៅកម្ពុជានឹងមានភាពល្អ ព្រោះមានការសហការគ្នាពីអ្នកជំនាញនៅក្នុងប្រទេសកម្ពុជា។
លោកវេជ្ជបណ្ឌិតបន្តថា ពីមុនប្រជាពលរដ្ឋខ្មែរយើង មិនបានដឹងពីបច្ចេកកែសម្ភស្សនៅក្នុងប្រទេសនោះទេ ប៉ុន្តែរយៈពេល៥ឆ្នាំមកនេះ ប្រជាជនមានការយល់ដឹងច្រើនដោយសារតែមានការផ្សព្វផ្សាយច្រើន អ៊ីចឹងគាត់ដឹងថា ពិតមានគ្រូពេទ្យដែលជាអ្នកជំនាញកែសម្ភស្សនៅកម្ពុជាច្រើន ហើយពេលនេះ ពួកគាត់កំពុងតែងាកមកទទួលសេវាកម្មក្នុងប្រទេសវិញ។
លោកវេជ្ជបណ្ឌិតបន្ថែមថា នៅពេលវិស័យកែសម្ភស្សនៅកម្ពុជា មានគុណភាពលើគ្រប់ជំនាញ និងផ្តល់សេចក្តីទុកចិត្ត ពិសេសគុណភាពស្តង់ដារអន្តរជាតិ នោះនឹងទាក់ទាញអ្នកដែលតែងតែទៅក្រៅប្រទេស មកទទួលយកសេវាកែសម្ភស្សនៅក្នុងប្រទេសវិញ។ លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា KD Capital បានកំណត់យកចំណុចសំខាន់ចំនួន៣ គឺគ្លីនិក សមាគម និងអ្នកផ្គត់ផ្គង់។ អ៊ីចឹង ត្រូវធ្វើយ៉ាងម៉េចឲ្យមានការទុកចិត្តពីអតិថិជនដែលធ្លាប់ទៅក្រៅប្រទេស មកធ្វើការចំណាយថវិការនៅក្នុងប្រទេសវិញ ដើម្បីលើកស្ទួយសេដ្ឋកិច្ចជាតិ។
ជាមួយគ្នានោះដែរ លោកវេជ្ជបណ្ឌិតក៏បានឲ្យដឹងថា វិស័យកែសម្ភស្សនៅក្នុងពិភពលោក មានការចំណាយថវិការចន្លោះ១,៨០០លានដុល្លារក្នុងមួយឆ្នាំ។ ចំណែកនៅអាស៊ីអាគ្នេយ៍ចំណាយថវិការប្រមាណ ៥០០លានដុល្លារ ហើយនៅកម្ពុជាវិញ អ្នកជំងឺចំណាយប្រមាណពី៣០ទៅ៥០លានដុល្លារក្នុងមួយឆ្នាំ។
លោកវេជ្ជបណ្ឌិតបានអះអាងទៀតថា ការចំណាយលើវិស័យកែសម្ភស្ស កំពុងតែមានការរីកលូតលាស់ ដោយសារតែមនុស្សចាប់ផ្តើមចង់ស្អាត ហើយមនុស្សចេះតែចាស់ពីមួយថ្ងៃទៅមួយថ្ងៃ។ អ៊ីចឹង ភាពចាស់នឹងហើយ ទើបធ្វើឲ្យមនុស្សចង់រក្សាសម្ជស្សនៅតែក្មេង ហើយនៅកម្ពុជា ប្រជាជនអាយុចន្លោះពី២៥ឆ្នាំទៅ៣៥ឆ្នាំមានចំនួនច្រើន ដូច្នេះវ័យចន្លោះពួកគាត់ ចង់មានភាពវ័យក្មេងជាងមុន និងស្អាតជាងមុននៃរូបរាង្គរបស់គាត់។
លោកវេជ្ជបណ្ឌិតបានលើកឡើងទៀតថា ទីផ្សារកែសម្ភស្សនៅកម្ពុជាមានទំហំធំ ដែលនេះនៅមានបញ្ហាក្នុងការផ្តល់សេវាជូនអតិថិនជនគ្រប់គ្រាន់ ដូច្នេះយើងមានទស្សនៈវិស័យធ្វើយ៉ាងណា ផ្តល់សេវាកម្មដល់អថិជនឲ្យដល់ពួកគាត់ និងមានសុវត្ថិភាពដល់ពួកគាត់។
នាឱកាសនោះដែរ លោកសាស្ត្រាចារ្យ នូ សារុំ ប្រធានសមាគមសោភ័ណសល្យសាស្ត្រកម្ពុជា បានបញ្ជាក់ថា ក្រុមអ្នកជំនាញកែសម្ភស្ស ដែលមានវត្តមានទាំងនេះ ត្រូវបានទទួលស្គាល់ពីក្រសួងសុខាភិបាល ក្រសួងពាណិជ្ជកម្ម អ៊ីចឹងយើងជាគ្រូពេទ្យ យើងត្រូវសហការផ្នែកបច្ចេកទេស ដែលអាចជួយដល់ការទំនុកចិត្តដល់សេវាសុវត្ថិភាព ក៏ដូចជាជួយសន្សំសំចៃអ្នកជំងឺយកលុយទៅចាយនៅក្រៅប្រទេស ដែលសព្វថ្ងៃមានចំនួនច្រើន។
លោកសាស្ត្រាចារ្យបន្ថែមថា ក្នុងនាមជាសមាគម ដែលទទួលស្គាលពីក្រសួងសុខាភិបាល នឹងខិតខំបង្កើនឯកទេសកែសម្ភស្សនេះ ឲ្យមានទំនុកចិត្ត និងសុវត្ថិភាព ហើយមានការទទួលស្គាល់ពីអតិថិជន ពីក្រសួង ពីប្រជាជន និងស្ថាប័នផ្សេងៗ។
បើតាមលោកសាស្ត្រាចារ្យ នូ សារុំ, នាពេលអនាគត កម្ពុជានឹងមានសេវាកែសម្ភស្ស ដែលមានសុវត្ថិភាព និងទំនើប បើធៀបនឹងប្រទេសផ្សេងៗទៀត។ សព្វថ្ងៃ លោកសាស្ត្រាចារ្យផ្ទាល់ជាសមាជិកសមាគមកែសម្ភស្សរបស់សហរដ្ឋអាមេរិក ដូច្នេះតំណាងឱ្យផ្នែកឯកទេសកែសម្ភស្សនេះ កម្ពុជាគឺស្មើនឹងអាមេរិក។ លើសពីនេះ ក៏មានក្រុមហ៊ុនឯកជនកម្ពុជា ក៏ជាសមាជិករបស់អន្តរជាតិផងដែរ ដូច្នេះគេបានទទួលស្គាល់ជំនាញយើង ហើយគ្រាន់តែខ្វះការផ្សព្វផ្សាយតែប៉ុណ្ណោះ៕











