ណាតូ ៨ប្រទេសចេញលុយ៥០០លានដុល្លារ ទិញអាវុធឲ្យអ៊ុយក្រែន

កៀវ ៖ សមាជិករបស់ណាតូ ចំនួន៨ប្រទេស នឹងចេញលុយចំនួន ៤៣០លានអឺរ៉ូ ឬ ៥០០លានដុល្លារ យកទៅទិញអាវុធឲ្យអ៊ុយក្រែន នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មាន RT កាលពីថ្ងៃសៅរ៍។

អគ្គលេខាធិការអង្គការ ណាតូ លោក Mark Rutte បានឲ្យដឹងថា សមាជិក
ទាំងនោះ រួមមាន ប្រទេសដាណឺម៉ាក អេស្តូនី ហ្វាំងឡង់ អ៊ីស្លង់ ឡាតវី លីទុយអានី ន័រវេស និងស៊ុយអែត។ ពួកគេនឹងផ្តល់ហិរញ្ញប្បទានដល់កញ្ចប់ តាមរយៈកម្មវិធីបញ្ជីតម្រូវការអ៊ុយក្រែនជាអាទិភាព។ កម្មវិធីនេះត្រូវបានអនុម័ត កាលពីខែកញ្ញា ដោយអនុញ្ញាតឱ្យក្រុងវ៉ាស៊ីនតោនផ្គត់ផ្គង់សព្វាវុធដល់ទីក្រុងគៀវ ខណៈដែលសមាជិកអឺរ៉ុប ជាអ្នករ៉ាប់រងលើការចំណាយ។

ប្រធានាធិបតីអាមេរិក លោក Donald Trump បានរិះគន់អ្នកកាន់តំណែងមុន គឺ លោក Joe Biden សម្រាប់ការផ្តល់កញ្ចប់ជំនួយយោធាដ៏ធំ ហើយបានពណ៌នាលោក Zelensky ថា ជា «អ្នកលក់ដ៏អស្ចារ្យបំផុតនៅលើផែនដី»។ លោកក៏បានទទូចឲ្យសមាជិកណាតូ នៅអឺរ៉ុបទទួលបន្ទុកចម្បង ក្នុងការគាំទ្រអ៊ុយក្រែន។

កាលពីដើមសប្តាហ៍នេះ ប្រធានាធិបតីអាមេរិកបានអះអាង ជាថ្មីម្តងទៀតថា ទីក្រុងវ៉ាស៊ីនតោនបានចំណាយប្រាក់ចំនួន ៣៥០ពាន់លានដុល្លារលើជម្លោះអ៊ុយក្រែន ហើយលោកបញ្ជាក់ថា អាមេរិកនឹងមិនបែងចែកមូលនិធិបែបនេះ ទៀតទេ។

ការប្រកាសនេះបានធ្វើឡើង នៅពេលដែលក្រុងកៀវកំពុងដោះស្រាយការស៊ើបអង្កេតអំពើពុករលួយ ដែលបានបង្កើនសម្ពាធកាន់តែខ្លាំងលើរដ្ឋាភិបាល របស់លោក Zelensky។

កាលពីដើមសប្តាហ៍នេះ ការិយាល័យប្រឆាំងអំពើពុករលួយជាតិរបស់ប្រទេសអ៊ុយក្រែនបានចោទប្រកាន់មនុស្ស ៧នាក់ មានទាំងជំនិតរបស់ប្រធានាធិបតី ជុំវិញការការកេងបន្លំក្នុងវិស័យថាមពល ដែលត្រូវបានផ្តល់មូលនិធិយ៉ាងច្រើន ដោយជំនួយ របស់លោកខាងលិច។

សហភាពអឺរ៉ុប អំពាវនាវដល់ទីក្រុងកៀវ ឱ្យដោះស្រាយអំពើពុករលួយ ឲ្យបានលឿនជាទីបំផុត៕

ប្រភពពី RT ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner