អង់គ្លេសត្រៀមប្រកាសគោលនយោបាយសិទ្ធិជ្រកកោនតឹងរ៉ឹងបំផុត
ឡុងដ៍ ៖ ចក្រភពអង់គ្លេសគ្រោងចាត់វិធានការតឹងរ៉ឹងបំផុត ពាក់ព័ន្ធនឹងគោលនយោបាយសិទ្ធិជ្រកកោនថ្មី ដោយអ្នកស្វែងរកសិទ្ធិជ្រកកោនត្រូវចំណាយពេលដល់ទៅ ២០ឆ្នាំ មុនពេលពួកគេអាចដាក់ពាក្យស្នើសុំតាំងទីលំនៅជាអចិន្ត្រៃយ៍បាន។
រដ្ឋមន្ត្រីមហាផ្ទៃអង់គ្លេស លោកស្រី Shabana Mahmood មានគម្រោងប្រកាសអំពីផែនការកែប្រែគោលនយោបាយសុំសិទ្ធិជ្រកកោនថ្មីដ៏តឹងរ៉ឹងបំផុតនេះ នៅថ្ងៃទី១៧ ខែវិច្ឆិកា ដែលនេះជាការដើរតាមវិធីសាស្រ្តរបស់ប្រទេសដាណឺម៉ាក ដែលបានចាត់ចំណាត់ការតឹងរ៉ឹងបំផុតមួយនៅទ្វីបអឺរ៉ុប់។
លោកស្រី Mahmood បានប្រាប់កាសែត Sunday Times នៅថ្ងៃអាទិត្យថា កំណែទម្រង់នេះ បង្កើតក្នុងគោលបំណងផ្ញើសារទៅអ្នកសុំសិទ្ធិជ្រកកោនថ្មីថា កុំមកចក្រភពអង់គ្លេស ក្នុងនាមជាជនអន្តោប្រវេសន៍ខុសច្បាប់តទៅទៀត។ លោកស្រីក៏ព្រមានដែរថា ជនអន្តោប្រវេសន៍ខុសច្បាប់កំពុងធ្វើឱ្យអង់គ្លេសបែកបាក់ផ្ទៃក្នុង ហើយនេះជាកិច្ចការរបស់រដ្ឋាភិបាលក្នុងការបង្រួបបង្រួមប្រទេសឡើងវិញ។
គួរបញ្ជាក់ថា ការរុះរើដ៏ធំចំពោះគោលនយោបាយសិទ្ធិជ្រកកោននេះ កើតឡើងនៅពេលរដ្ឋាភិបាលអង់គ្លេសស្វះស្វែងកាត់បន្ថយការលួចធ្វើអន្តោប្រវេសន៍តាមទូកតូចៗ និងការទាមទារសិទ្ធិជ្រកកោនថ្មីៗ។
នៅក្រោមផែនការនេះ អ្នកដែលត្រូវផ្តល់សិទ្ធិជ្រកកោន នឹងត្រូវអនុញ្ញាតឱ្យស្នាក់នៅបណ្តោះអាសន្នតែប៉ុណ្ណោះក្នុងចក្រភពអង់គ្លេស ដោយស្ថានភាពជនភៀសខ្លួនរបស់ពួកគេនឹងត្រូវពិនិត្យជាប្រចាំ ហើយអ្នកដែលមានប្រទេសកំណើតមានសុវត្ថិភាព នោះនឹងត្រូវបញ្ជាឱ្យត្រឡប់ទៅវិញ៕
ប្រភព ៖ រ៉យទ័រ ប្រែសម្រួល ៖ ឈឹម ទីណា
