លោក ត្រាំ ពិចារណាលក់យន្តហោះ F-35 ឱ្យអារ៉ាប៊ីសាអូឌីត

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថ្មីៗនេះបានបង្ហើបឱ្យដឹងថា រូបលោកកំពុងពិចារណាយល់ព្រមលើកិច្ចព្រមព្រៀងផ្គត់ផ្គង់យន្តហោះចម្បាំងបំបាំងកាយដ៏ទំនើបបំផុត F-35 ដែលផលិតដោយក្រុមហ៊ុនផលិតសព្វាវុធយក្ស Lockheed Martin ឱ្យដល់ប្រទេសអារ៉ាប៊ីសាអូឌីត។

យ៉ាងណាមិញ លោកប្រធានាធិបតី ត្រាំ មិនបានទម្លាយឱ្យដឹងអំពីចំនួនយន្តហោះ ឬក៏តម្លៃនៃកិច្ចព្រមព្រៀងនោះទេ តែមេដឹកនាំអាមេរិករូបនេះបានប្រាប់អ្នកយកព័ត៌មាននៅលើយន្តហោះ Air Force One យ៉ាងដូច្នេះថា អារ៉ាប៊ីសាអូឌីតចង់ទិញយន្តហោះចម្បាំងច្រើនគ្រឿង ហើយលោកកំពុងពិចារណាអំពីវា… ពួកគេបានសុំឱ្យខ្ញុំថ្លឹងថ្លែងរឿងនេះ ពីព្រោះពួកគេចង់ទិញយន្តហោះ F-35 ជាច្រើន។

ការលក់យន្តហោះ F-35 ដ៏មានសក្ដានុពលនេះ កើតឡើងនៅពេលដែលលោកប្រធានាធិបតី ត្រាំ ត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះស្វាគមន៍ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ម៉ូហាម៉េដ សាល់ម៉ាន់ នៅឯសេតវិមានក្នុងសប្តាហ៍នេះ ហើយត្រូវបានគេរំពឹងថា ពួកលោកនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេដ្ឋកិច្ច និងការពារជាតិទ្វេភាគី។
គួរកត់សម្គាល់ F-35 គឺជាយន្ដហោះចម្បាំងបំបាំងកាយល្អដាច់គេនៅលើពិភពលោក ផលិតឡើងដោយក្រុមហ៊ុនផលិតអាវុធអាមេរិក Lockheed Martin។ វាមានកៅអីសម្រាប់ពីឡុតតែម្នាក់គត់ និងជាប្រភេទយន្ដហោះចម្បាំងពហុតួនាទីជំនាន់ទី៥ ដែលត្រូវបានរចនាឡើងសម្រាប់ការវាយប្រហារទាំងលើផ្ទៃអាកាស និងទៅលើដី។

F-35 មានតម្លៃក្នុងមួយគ្រឿងចាប់ពី ៨០ ទៅ ១០០លានដុល្លារទៅតាមប្រភេទយន្ដហោះចម្បាំងនេះ ដែលមានសរុបចំនួនបីប្រភទគឺ៖ ទី ១ ប្រភេទ F-35A ជាប្រភេទយន្ដហោះចម្បាំងអាចហោះឡើង និងចុះចតធម្មតា, ទី ២ ប្រភេទ F-35B អាចហោះឡើង និងចុះចតដូចឧទ្ធម្ភាគចក្រ និងទី ៣ ប្រភេទ F-35C ជាប្រភេទយន្ដហោះចម្បាំងសម្រាប់ដាក់ឲ្យដំណើរការលើនាវាផ្ទុកយន្ដហោះចម្បាំង៕

ប្រភព ៖ The straits times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner